បង់ក្លាដែស៖ សហគមន៍អន្តរជាតិបន្តព្រួយបារម្ភអំពីស្ថានភាពអស្ថិរភាព
(VOVWORLD) - បន្ទាប់ពីនាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី Sheikh Hasina បានលាលែងពីតំណែង និងចាកចេញពីប្រទេសបង់ក្លាដែសកាលពីថ្ងៃទី ៥ខែសីហា លំនៅដ្ឋានរបស់លោកស្រីក្នុងរដ្ឋធានី Dhaka ត្រូវបានក្រុមកុប្បកម្មលួចប្លន់ បំផ្លិចបំផ្លាញ់។ ទន្ទឹមនឹងនោះក៏មានការដុតបំផ្លាញនិងលួចប្លន់នៅទូទាំងប្រទេសផងដែរ។
ប្រឈមមុខនឹងស្ថានភាពខាងលើ នៅថ្ងៃទី ៦ សីហា ក្រសួងការបរទេសចិនបានឲ្យដឹងថា ទីក្រុងប៉េកាំងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅក្នុងប្រទេសបង់ក្លាដែស ហើយសង្ឃឹមថាប្រទេសអាស៊ីខាងត្បូងមួយនេះនឹងស្តារស្ថិរភាពសង្គមឡើងវិញក្នុងពេលឆាប់ៗនេះ។
បាតុករហូរចូលរដ្ឋធានី Dhaka របស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី ៥ ខែសីហា នៅពេលដែលនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែងហើយបានចាកចេញពីប្រទេសនេះតាមឧទ្ធម្ភាគចក្រ។ រូបថតកាត់ចេញពីឃ្លីបពី Reuters និង AP |
កាលពីម្សិលមិញផងដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាឱ្យជម្លៀសបុគ្គលិករដ្ឋាភិបាលដែលមិនបំពេញមុខងារនិងក្រុមគ្រួសាររបស់ពួកគេប្រញាប់ប្រញាល់ចាក់ចេញពីប្រទេសបង់ក្លាដែស។ តាំងពីថ្ងៃទី ២០ ខែកក្កដាមក ក្រសួងការបរទេសសហរដ្ឋអាមេរិកបានដំឡើងកម្រិតព្រមានអំពីការធ្វើដំណើរទាក់ទងនឹងប្រទេសបង់ក្លាដែសទៅជា "កម្រិតទី ៤ - កុំធ្វើដំណើរ"។
ទន្ទឹមនឹងនេះដែរ អ្នកការទូតសហភាពអឺរ៉ុប (EU) ប្រចាំប្រទេសបង់ក្លាដែស កំពុងសម្តែង "ការព្រួយបារម្ភយ៉ាងខ្លាំង" ជុំវិញរបាយការណ៍នៃការវាយប្រហារជាច្រើនដែលសំដៅទៅលើគ្រឹះស្ថានសាសនា សមាជិកសាសនានិងជនជាតិភាគតិចនៅប្រទេសអាស៊ីខាងត្បូងមួយនេះ៕