បទឈប់បាញ់អាចនឹងពន្យាពេល ប្រសិនបើក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងបន្ថែមទៀត
(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃទី ២២ ខែវិច្ឆិកា បានប្រកាសថា បទឈប់បាញ់អាចត្រូវបានពន្យាពេល ប្រសិនបើកងកម្លាំងហាម៉ាសដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ ជាពិសេស ដោយចំណាប់ខ្មាំងចំនួន១០នាក់ដែលត្រូវបានដោះលែងនោះ បទឈប់បាញ់នឹងមានប្រសិទ្ធភាពរយៈពេល ១ ថ្ងៃបន្ថែមទៀត។
គំនរបាក់បែកនៅតំបន់ហ្គាហ្សា។ រូបថត៖ Reuters |
នៅព្រឹកថ្ងៃដដៃល រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយក្រុមហាម៉ាស។ តាមនោះ បទឈប់បាញ់រយៈពេល ៤ ថ្ងៃនឹងចូលជាធរមាននៅហ្គាហ្សាក្នុងរយៈពេល ២៤ ម៉ោងខាងមុខ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ក្រុមហាម៉ាស ក្នុងការដោះលែងចំណាប់ខ្មាំង ៥០នាក់រួមទាំងកុមារនិងស្ត្រី ដែលកងកម្លាំងនេះបានចាប់ខ្លួនក្នុងអំឡុងពេលវាយឆ្មក់លើភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ ជាថ្នូរទៅវិញ អ៊ីស្រាអែលនឹងដោះលែងកុមារនិងស្ត្រីប៉ាឡេស្ទីន ១៥០ នាក់ដែលកំពុងត្រូវឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។ កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ក៏រួមបញ្ចូលនូវការបញ្ជូនជំនួយមនុស្សធម៌បន្ថែម ពីឧបទ្វីបស៊ីណៃរបស់ប្រទេសអេហ្ស៊ីបទៅកាន់តំបន់ហ្គាហ្សា តាមរយៈច្រកព្រំដែន Rafah ផងដែរ។
ប្រទេសនិងអង្គការអន្តរជាតិជាច្រើនបានស្វាគមន៍បទឈប់បាញ់នេះ ដោយអំពាវនាវឱ្យភាគីទាំងអស់ អនុវត្តឱ្យបានហ្មត់ចត់ ក៏ដូចជាពិចារណាពង្រីកនិងពន្យាពេលបទឈប់បាញ់៕