ប្រទេសជាតិយើងមិនដែលមានទ្រព្យសម្បត្តិ សក្ដានុពល ឋានៈនិងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ

(VOVWORLD) - នេះជាចំណងជើងនៃអត្ថបទរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ ដែលបានចុះផ្សាយនាថ្ងៃទី ២៧ កក្កដា។ យោងតាមនាយករដ្ឋមន្ត្រី លោកអគ្គលេខាបក្ស ង្វៀន ភូ ជុងគឺជាមនុស្សដំបូងគេដែលនាំចេញការវាយតម្លៃនេះ ដែលត្រូវបានមហាសន្និបាតបក្សលើកទី ១៣ អនុម័ត និងដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាត។

ប្រទេសជាតិយើងមិនដែលមានទ្រព្យសម្បត្តិ សក្ដានុពល ឋានៈនិងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ - ảnh 1លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗ ថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២៤ (រូបថត៖ baochinhphu.vn)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាអ្នកដឹកនាំដ៏ឆ្នើម ជាពិសេសជាគំរូដ៏ភ្លឺស្វាងក្នុងការសិក្សា និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ បង្ហាញនូវគុណសម្បត្តិ និងទេពកោសល្យយ៉ាងពេញលេញ ភាពក្លាហាន និងប្រាជ្ញារបស់ថ្នាក់ដឹកនាំវៀតណាម នាគ្រាផ្លាស់ប្តូរថ្មី។

លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ទ្រព្យសម្បត្តិ សក្ដានុពល ឋានៈនិងកិត្យានុភាពអន្តរជាតិរបស់វៀតណាម ដែលបានលោកអគ្គលេខាបក្សលើកឡើង គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងបន្តឆ្លងកាត់សម័យបដិវត្តន៍ជាច្រើន អាណត្តិជាច្រើនរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល។

ប្រទេសជាតិយើងមិនដែលមានទ្រព្យសម្បត្តិ សក្ដានុពល ឋានៈនិងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ - ảnh 2លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង តែងតែយកចិត្តទុកដាក់ និងឆ្លៀតពេលចូលរួម និងដឹកនាំសន្និសីទរដ្ឋាភិបាលជាមួយមូលដ្ឋាន (រូបថត VGP/Nhat Bac)

ក្នុងអត្ថបទនោះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងអំពីវិស័យស្នូលចំនួន ៦ ដោយមានការណែនាំយ៉ាងជ្រាលជ្រៅរបស់លោកអគ្គលេខាបក្ស។ ជាពិសេស ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវបានចាត់ទុកថាជាកិច្ចការស្នូល; ផ្តោតលើការអនុវត្តរបកគំហើញយុទ្ធសាស្ត្របីនៅក្នុងស្ថាប័ន ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ; លើកកម្ពស់ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចដែលភ្ជាប់ជាមួយការច្នៃប្រឌិតគំរូកំណើន ការកែលម្អផលិតភាព គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែង; ផ្តោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ជំរុញកំណើន និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ នេះក៏ជាទិសដៅសំខាន់ដែលលោកអគ្គលេខាបក្សបានគូសបញ្ជាក់ នៅពេលលោកអញ្ជើញចូលរួមសន្និសីទរដ្ឋាភិបាលជាមួយមូលដ្ឋាន ដើម្បីអនុវត្តការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រចាំឆ្នាំ (ពីឆ្នាំ ២០១៧ ដល់ ២០២៣)។ វៀតណាមសម្រេចបានជាមូលដ្ឋាននូវបំណងប្រាថ្នារបស់លោកអគ្គលេខាបក្ស លើលទ្ធផលគឺឆ្នាំក្រោយត្រូវខ្ពស់ជាងឆ្នាំមុនលើគ្រប់វិស័យ។

ប្រទេសជាតិយើងមិនដែលមានទ្រព្យសម្បត្តិ សក្ដានុពល ឋានៈនិងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ - ảnh 3លោកអគ្គលេខាបក្ស ង្វៀន ភូ ជុងអញ្ជើញទស្សនាការតាំងពិព័រណ៍រូបថតស្ដីពីសកម្មភាពកិច្ចការបរទេសក្នុងសន្និសីទការទូតលើកទី៣២ នាខែធ្នូ ឆ្នាំ២០២៣ (រូបថត៖ baochinhphu.vn)

ដោយយកចិត្តទុកដាក់ជាពិសេស និងតែងតែដឹកនាំយ៉ាងជិតស្និទ្ធលើកិច្ចការបរទេស និងការទូត ក្នុងសន្និសីទការទូតលើកទី៣២ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង បានអះអាងថា៖ “កិច្ចការបរទេស និងការទូតបានលើកកំពស់មុខតំណែងថ្មី និងកម្លាំងថ្មី កម្លាំងពលំរបស់ប្រទេសជាតិទាំងមូល ពង្រឹងយ៉ាងរឹងមាំនូវស្ថានភាពគោលនយោបាយការបរទេសបើកចំហ អំណោយផលសម្រាប់ការអភិវឌ្ឍជាតិ និងការការពារជាតិក្នុងសម័យកាលថ្មី”។ លោកអគ្គលេខាបក្សក៏បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្ស ប្រធានរដ្ឋ  និងប្រធានាធិបតីនៃប្រទេសមហាអំណាចចំនួនបីគឺ ចិន សហរដ្ឋអាមេរិក និងរុស្ស៊ី។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានជំរុញយ៉ាងខ្លាំងទំនាក់ទំនងបរទេសឱ្យកាន់តែស៊ីជម្រៅ ស្ថិរភាព និងនិរន្តរភាព។ វៀតណាមក៏បានចូលរួមយ៉ាងសកម្ម និងទទួលជោគជ័យនូវភារកិច្ចអន្តរជាតិជាច្រើន; មានសំណើ និងគំនិតផ្តួចផ្តើមជាច្រើនដែលត្រូវបានទទួលស្គាល់នៅក្នុងយន្តការ ក្របខ័ណ្ឌ និងវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូនានា។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានអះអាងថា សមិទ្ធិផលដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្ររបស់វៀតណាមក្នុងរយៈពេល ៤ ទស្សវត្សកន្លងមកនេះ បញ្ជាក់ពីភាពត្រឹមត្រូវនៃគោលនយោបាយនវានុវត្តន៍ សមាហរណកម្ម និងអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ផ្សារភ្ជាប់ជាមួយនឹងការរួមវិភាគទានដ៏ធំធេងរបស់ថ្នាក់ដឹកនាំជំនាន់មុនៗ ក្នុងនោះមានតួនាទីសំខាន់ និងជាស្នាដៃឆ្នើមរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ផងដែរ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយត្រូវជំរុញបន្ថែមទៀតនូវស្មារតីសាមគ្គីភាព និងសមិទ្ធិផលនានា ថែរក្សា និងលើកតម្កើងបន្ថែមទៀតនូវទ្រព្យសម្បត្តិ សក្ដានុពល ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ