ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី

(VOVWORLD) - នាយប់ថ្ងៃទី ២ ខែធ្នូ តាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងភរិយាបានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីប្រទេសរុស្ស៊ី វិលត្រឡប់មកមាតុ ប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី - ảnh 1ពិធីជូនដំណើរលោកប្រធានរដ្ឋ  Nguyen Xuan Phuc និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Vnukovo ទីក្រុងម៉ូស្គូ (រូបថត៖ Thong Nhat/TTXVN)

ជាមួយនឹងសកម្មភាពប្រមាណ ៣០ របស់លោកប្រធានរដ្ឋ និងសកម្មភាពជាច្រើនរបស់ក្រសួង ស្ថាប័ននានា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc បាននាំមកនូវលទ្ធផលល្អប្រសើរលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។

ក្នុងនោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីរុស្ស៊ី លោក Putin មានរយៈពេលជិត ៤ ម៉ោង ដោយពិភាក្សាអំពីបញ្ហាសំខាន់ៗចំនួន ២០ ក្នុងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលក្នុងនោះ ថ្នាក់ដឹកនាំទាំងពីរបានចង្អុលបង្ហាញចំណុចខ្វះខាតមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការចេញសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី រហូតដល់ឆ្នាំ២០៣០ សំដៅដឹកនាំកិច្ចសហប្រតិបត្តិការប្រកបដោយភាពជឿជាក់យ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mishustin, ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោក Matvienko និងអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី-ប្រធានគណបក្ស United Russia លោក Medvedev ... ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានទទួលជួបប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ីផងដែរ។

មុននោះ នាថ្ងៃទី ២ ខែធ្នូ តាមម៉ោងក្នុងតំបន់ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបថ្នាក់ដឹកនាំសហគ្រាសរុស្ស៊ីជួរមុខនៅរុស្ស៊ីដែលសហការជាមួយវៀតណាម រួមមាន មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី, Gazprom Group, និង Novatek, Systema, Miratorg។

ក៏នារសៀលថ្ងៃទី២ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំក្រសួងមួយចំនួនរបស់វៀតណាមនិងរុស្ស៊ី បានអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកាសអំពីជើងហោះ ហើរត្រង់ដំបូងទៅកាន់អឺរ៉ុបរបស់ Vietjet Air ជាមួយនឹងផ្លូវហោះហើរចំនួន ៣ តភ្ជាប់រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងទីក្រុងញ៉ាត្រាង ជាមួយរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី ចាប់ពីពាក់កណ្តាល ឆ្នាំ ២០២២។

ជាមួយនឹងទំនាក់ទំនងមិត្តភាព និងភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក៏បានចំណាយពេលជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់សមាគម និងអង្គការមហាជនរបស់រុស្ស៊ី ដូចជាសមាគមអតីតយុទ្ធជនរុស្ស៊ី សមាគមមិត្តភាពរុស្ស៊ី-វៀតណាម និងជួបសំណេះសំណាលជាមួយបុគ្គលិកនៃស្ថានទូតនិងសហគមន៍ជនវៀតណាមនៅរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ