បេសកជននុយក្លេអ៊ែរកូរ៉េខាងត្បូង-អាមេរិក-ជប៉ុន ជួបពិភាក្សាអំពីផែនការបង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង
(VOVWORLD) - នាថ្ងៃទី ២៩ ឧសភា បេសកជននុយក្លេអ៊ែររបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទអំពីផែនការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង។
កិច្ចប្រជុំរវាងភាគីទាំងបីនៅទីក្រុងសេអ៊ូល ថ្ងៃទី៧ មេសា ២០២៣។ (រូបថត៖ AFP/TTXVN) |
លោក Kim Gunn អ្នកចរចានុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង និងសមភាគីអាមេរិកលោក Sung Kim និងសមភាគីជប៉ុនលោក Takehiro Funakoshi បានជួបប្រជុំគ្នាបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានក្យូដូ (ជប៉ុន)បានរាយការណ៍ថា កូរ៉េខាងជើងបានជូនដំណឹងដល់អាជ្ញាធរជប៉ុនអំពីផែនការបាញ់បង្ហោះផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង ក្នុងចន្លោះថ្ងៃទី ៣១ ខែឧសភា និងថ្ងៃទី ១១ ខែមិថុនា។
នៅក្នុងសេចក្តីប្រកាសមួយក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា បេសកជនពិសេសនៃប្រទេសទាំងបីបានឯកភាពគ្នាថា ប្រទេសទាំងបីនឹងសហការយ៉ាងជិតស្និទ្ធដើម្បីធានាឱ្យមានការឆ្លើយតប "ឯកភាពនិងតឹងរ៉ឹង” បំផុតពីសហគមន៍អន្តរជាតិ ប្រសិនបើកូរ៉េខាងជើងអនុវត្តការបាញ់បង្ហោះនេះ។ មន្ត្រីទាំងបីរូបបានបញ្ជាក់ថា រាល់ការបាញ់បង្ហោះដែលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទីកគឺខុសច្បាប់ និងផ្ទុយទៅនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
នៅក្នុងការវិវឌ្ឍន៍ថ្មីបំផុត ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) នៅព្រឹកថ្ងៃទី ៣០ ឧសភា បានរាយការណ៍ថា កូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណបស៊ើបការយោធាលើកដំបូង នៅខែមិថុនាខាងមុខ ដើម្បីប្រឆាំងនឹងសកម្មភាពយោធារបស់អាមេរិក។ មុននោះ កូរ៉េខាងជើងបានជូនដំណឹងដល់រដ្ឋាភិបាលជប៉ុនអំពីផែនការបាញ់បង្ហោះផ្កាយរណបទៅកាន់លំហអាកាសចន្លោះពីថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ១១ ខែមិថុនាខាងមុខផងដែរ៕