មនុស្សជិត ១០០ នាក់បានស្លាប់ដោយសារកុបកម្ម ប្រទេសបង់ក្លាដែសបានដាក់បម្រាមគោចរ

(VOVWORLD) - មនុស្សយ៉ាងតិច ៩៧នាក់បានស្លាប់ នៅពេលដែលអំពើហិង្សាដោយសារតែការតវ៉ាបានផ្ទុះឡើងម្តងទៀតនៅក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃទី ៤ ខែសីហា។ 

ការស្លាប់និងរបួសបានកើតឡើងនៅពេលដែលប៉ូលីស របស់ប្រទេសនេះបានប្រើប្រាស់គ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកហ្វូងបាតុកររាប់ម៉ឺននាក់ដែលអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង។ នេះជាចំនួនអ្នកស្លាប់និងរបួសច្រើនបំផុតក្នុងមួយថ្ងៃនៅប្រទេសបង់ក្លាដែសនាពេលកន្លងមក។

ស្ថានការណ៍សន្តិសុខកាន់តែយ៉ាប់យ៉ឺន បានបង្ខំឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Sheikh Hasina ប្រកាសបម្រាមគោចរទូទាំងប្រទេសមិនកំណត់ ដែលចាប់ផ្តើមនៅម៉ោង ៦ ល្ងាចថ្ងៃអាទិត្យទី ៤ ខែសីហា។ នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលបង់ក្លាដែសចាត់វិធានការខ្លាំងបែបនេះ ចាប់តាំងពីបាតុកម្មបានផ្ទុះឡើងនៅដើមខែកក្កដា។ បង់ក្លាដែសក៏បានប្រកាសឈប់សម្រាកនៅទូទាំងប្រទេសរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃចន្ទ (៥ សីហា)។

បាតុកម្មនិងកុប្បកម្មដែលកំពុងបន្ត ត្រូវបានចាត់ទុកថា ជាការសាក ល្បងដ៏ធំបំផុតសម្រាប់នាយករដ្ឋមន្ត្រី Sheikh Hasina បន្ទាប់ពីកាន់អំណាចរយៈពេល ២០ ឆ្នាំមក។ លោកស្រី Hasina ត្រូវបានប្រកាសថា ដណ្តើមបានជ័យជម្នះលើកទីបួនជាប់គ្នាក្នុងការបោះឆ្នោតដែលបានធ្វើឡើងកាលពីខែមករា ប៉ុន្តែការបោះឆ្នោតនេះត្រូវបានធ្វើពហិការដោយគណបក្សជាតិនិយមបង់ក្លាដែស ដែលជាគណបក្សប្រឆាំងដ៏សំខាន់ក្នុងប្រទេស។

ស្ថានការណ៍សន្តិសុខដ៏ស្មុគស្មាញនៅក្នុងប្រទេសបង់ក្លាដែសបានបង្ខំឱ្យប្រទេសជិតខាងឥណ្ឌាចេញការព្រមានសន្តិសុខដោយជំរុញពលរដ្ឋរបស់ខ្លួនកុំឱ្យទៅបង់ក្លាដែសរហូតដល់ស្ថានភាពស្ងប់ស្ងាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ