មហោស្រពបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ និងពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២៤
(VOVWORLD) - នារសៀលថ្ងៃទី១៦ សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang បានរៀបចំសន្និសីទជូនដំណឹងអំពីមហោស្រពបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ និងពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២៤។ តាមនោះ ព្រឹត្តិការណ៍ទាំងពីរនឹងប្រព្រឹត្តទៅចាប់ពីចុងខែសីហាដល់ថ្ងៃទី ១៤ ខែកញ្ញា នៅខេត្ត Tuyen Quang ។
ការសម្តែងសិល្បៈ ក្នុងសន្និសីទ។ រូបថត៖ VOV |
កម្មវិធីមហោស្រពបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ ក្រោមប្រធានបទ “ភាពប្រណិតប្រមូលផ្តុំ និងចែងចាំងពន្លឺរស្មី” និងបើកពិធីបុណ្យ Thanh Tuyen ឆ្នាំ ២០២៤ ដោយមានការចូលរួមពីបណ្តាខេត្ត៖ Tra Vinh, Dak Nong, Phu Yen, Thua Thien Hue និង Bac Ninh ជាមួយនឹងគណៈប្រតិភូជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ ព្រឹត្តិការណ៍នេះសំដៅបង្កើនការផ្លាស់ប្តូរ ផ្សព្វផ្សាយ ឧទ្ទេសនាម និងរីកសាយភាយតម្លៃបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិនៅវៀតណាម និងជុំវិញពិភពលោកទៅកាន់ប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
ការឧទ្ទេសនាមផលិតផលទេសចរណ៍របស់ខេត្ត Tuyen Quang។ រូបថត៖ VOV |
កម្មវិធីរាត្រីពិធីបុណ្យ Thanh Tuyen ឆ្នាំនេះ មានប្រធានបទ "រាត្រីពិធីបុណ្យ Thanh Tuyen ដ៏ចម្រុះពណ៌"។ នេះជាឆ្នាំទី ២០ហើយ ដែលខេត្ត Tuyen Quang រក្សា និងអភិវឌ្ឍពិធីបុណ្យ Thanh Tuyen ដែលជាពិធីបុណ្យព្រះច័ន្ទពេញបូណ៌មីដ៏វិសេសវិសាល។ លោក Nguyen Van Hoa អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tuyen Quang បានឲ្យដឹងថា៖“ឆ្នាំនេះ យើងមានមហោស្រពសម្តែងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែលផ្សារភ្ជាប់នឹងពិធីបុណ្យ Thanh Tuyen។ រាត្រីពិធីបុណ្យ Thanh Tuyen បានក្លាយទៅជាព្រឹត្តិការណ៍ពិធីបុណ្យព្រះច័ន្ទពេញបូណ៌មីសម្រាប់ប្រទេសទាំងមូល មិនត្រឹមតែសម្រាប់ Tuyen Quang ប៉ុណ្ណោះទេ។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈ និងអត្ថន័យសំខាន់បំផុតនៃពិធីបុណ្យ Thanh Tuyen គឺពិធីបុណ្យរបស់ប្រជាជន បង្កើតនិងដំណើរការដោយប្រជាជនខ្លួនឯង។ ព្រលឹងនៃពិធីបុណ្យ Thanh Tuyen គឺជារូបសំណាក់នៃពិធីបុណ្យព្រះច័ន្ទពេញបូណ៌មីដ៏ធំសម្បើមនិងចម្រុះពណ៌ ពោរពេញដោយអត្ថន័យមនុស្សធម៌ដើម្បីបម្រើកុមារ។ ជារៀងរាល់ឆ្នាំ រូបសំណាក់មានភាពច្នៃប្រឌិតថ្មី ហើយវិធីសម្តែងក៏ថ្មីថ្មោងផងដែរ។ យើងតែងតែរួមបញ្ជូលនូវព្រឹត្តិការណ៍វប្បធម៌សំខាន់ៗក្នុងឱកាសនេះ ដើម្បីបម្រើប្រជាជន និងភ្ញៀវទេសចរដែលមកទទួលពិសោធន៍”៕