រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើទស្សនកិច្ចនៅកាតាដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹងនៅហ្គាហ្សា
VOV-អេហ្ស៊ីប -  
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមកដល់ទីក្រុង Doha នៅថ្ងៃទី ២៤ ខែតុលា ដើម្បីធ្វើការពិភាក្សាជាមួយប្រទេសកាតា ដែលជាអ្នកសម្របសម្រួលសម្រាប់ជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះជាកិច្ចខិតខំប្រឹងប្រែងការទូតថ្មីបំផុត សំដៅទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៃភាពតានតឹងនៅក្នុងតំបន់។
ថ្លែងក្នុងក្របខណ្ឌនៃកិច្ចពិភាក្សាក្នុងប្រទេសកាតា លោករដ្ឋមន្ត្រី Blinken ជាថ្មីម្តងទៀតបានអំពាវនាវឱ្យភាគីនានាឈានដល់ការឯកភាពគ្នាក្នុងពេលឆាប់ៗ ស្តីពីការបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងទឹកដីឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ លោកក៏បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយបន្ថែមចំនួន ១៣៥ លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយមនុស្សធម៌ អនាម័យទឹក និងសុខាភិបាលសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា និងតំបន់ West Bank ដែលត្រូវកាន់កាប់ ក៏ដូចជានៅមជ្ឈិមបូព៌ាផងដែរ។ ជាមួយនឹងការប្រកាសនេះ ជំនួយសរុបរបស់អាមេរិកចាប់តាំងពីផ្ទុះជម្លោះហាម៉ាស់និងអ៊ីស្រាអែលកាលពីខែតុលាកន្លងទៅមកឥឡូវបានកើនដល់ ១,២ ពាន់លានដុល្លារ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ។ រូបថតឯកសារ៖ THX/TTXVN |
ទាក់ទិននឹងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា មន្ត្រីអេហ្ស៊ីបបានបញ្ជាក់ថា បានពិភាក្សាជាមួយគណៈប្រតិភូហាម៉ាសអំពីស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប និងវិធានការដើម្បីដករបាំងដែលរារាំងដល់ការបញ្ចុះកំដៅនៃជម្លោះ។ សម្រាប់ខ្លួនវិញ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ឲ្យដឹងថា ក្រុមនេះបានជូនដំណឹងដល់មន្ត្រីអេហ្ស៊ីបអំពីការត្រៀមខ្លួន ក្នុងការបញ្ឈប់ការបាញ់ប្រហារ និងបញ្ចប់អរិភាពនៅក្នុងតំបន់ហ្គាហ្សា ប្រសិនបើអ៊ីស្រាអែលប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងនោះ។
ក្នុងពេលជាមួយគ្នានោះ ការិយាល័យនាយករដ្ឋមន្ត្រីបានប្រកាសថា នាយករដ្ឋមន្ត្រី Benjamin Netanyahu បានស្វាគមន៍ចំពោះឆន្ទៈរបស់អេហ្ស៊ីបក្នុងការលើកកម្ពស់កិច្ចព្រមព្រៀងឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងចលនាហាម៉ាស៕
VOV-អេហ្ស៊ីប