រុស្ស៊ីបានប្រកាសនឹងមិនធ្វើការចរចាសន្តិភាពជាមួយអ៊ុយក្រែននៅពេលនេះទេ
(VOVWORLD) - នាថ្ងៃទី ១៩ ខែសីហាជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានប្រកាសថា ទីក្រុងម៉ូស្គូមិនមានឆន្ទៈក្នុងការចរចាសន្តិភាពជាមួយអ៊ុយក្រែនដោយសារតែការវាយប្រហាររបស់ទីក្រុងគៀវសំដៅទៅលើខេត្ត Kursk របស់រុស្ស៊ី ប៉ុន្តែរុស្ស៊ីមិនបានដកសំណើសន្តិភាពកាលពីមុននោះទេ។
នៅពេលត្រូវបានសួរថា តើទីក្រុងម៉ូស្គូនឹងរក្សាគោលជំហរស្តីពីការផ្អាកយថាទស្សន៍នៃការចរចាទាំងអស់ជាមួយទីក្រុងគៀវដល់ពេលណា លោក Ushakov បានឲ្យដឹងថា ប្រការនេះអាស្រ័យលើស្ថានភាពជាក់ស្តែង រួមទាំងស្ថានភាពនៅសមរភូមិផងដែរ។
ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov ។ រូបថត៖ រ៉យទ័រ |
ទាក់ទិននឹងស្ថានការណ៍នៅខេត្ត Kursk យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី កងកម្លាំងម៉ារីនរុស្ស៊ីកាលពីថ្ងៃទី ១៩ សីហា បានចាប់ខ្លួនទាហានអ៊ុយក្រែនចំនួន ១៩ នាក់នៅក្នុងខេត្ត Kursk របស់រុស្ស៊ី។ នៅក្នុងការវិវត្តពាក់ព័ន្ធ ទីក្រុង Proletarsk នៅភាគខាងត្បូងប្រទេសរុស្ស៊ី ទើបបានប្រកាសភាពអាសន្ន បន្ទាប់ពីឃ្លាំងស្តុកប្រេងមួយកន្លែងរងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន បណ្តាលឱ្យមានភ្លើងឆេះរយៈពេលជាង ២៤ ម៉ោង។
នៅថ្ងៃដដែលនោះ អាល្លឺម៉ង់ និងដៃគូនៅក្នុងក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G៧) កំពុងបំពេញផែនការឲ្យអ៊ុយក្រែនខ្ចីកញ្ចប់ជំនួយយោធា។ ផែនការនេះត្រូវបានយល់ព្រមនៅក្នុងកិច្ចប្រជុំកំពូល G៧ នៅខែមិថុនាឆ្នាំនេះ៕