លោកប្រធានរដ្ឋ To Lam អញ្ជើញទទួលអនុប្រធានគណៈកម្មការអឺរ៉ុប Josep Borrell Fontelles
(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែកក្កដា នៅវិមានប្រធានរដ្ឋនៃទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក To Lam បានទទួលជួបអនុប្រធានគណៈកម្មការអឺរ៉ុប (EC) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ លោក Josep Borrell Fontelles ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែកក្កដា តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាម លោក Bui Thanh Son។
លោកប្រធានរដ្ឋ To Lam អញ្ជើញទទួលអនុប្រធានគណៈកម្មការអឺរ៉ុប លោក Josep Borrell Fontelles (រូបថត៖ VOV) |
ក្នុងជំនួបនេះ លោកប្រធានរដ្ឋ To Lam បានអះអាងថា EU គឺជាដៃគូសំខាន់របស់វៀតណាម; ស្នើឱ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសថ្នាក់ខ្ពស់; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប (PCA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ព្រមទាំងកិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការផ្សេងទៀត។ លោកប្រធានរដ្ឋក៏បានស្នើឱ្យ EU ជំរុញប្រទេសជាសមាជិកដែលនៅសេសសល់ ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA); ឆាប់ដក "កាតលឿង" សម្រាប់ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម; បន្តរក្សាដើមទុនជំនួយអភិវឌ្ឍន៍ (ODA) សម្រាប់វៀតណាម គាំទ្រវៀតណាមអនុវត្តប្រកបដោយប្រសិទ្ធភាព ភាពជាដៃគូផ្លាស់ប្តូរថាមពលយុត្តិធម៌ (JETP); ពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខតាមអ៊ីនធឺណិត សន្តិសុខដែនសមុទ្រ ការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការទប់ស្កាត់ឧក្រិដ្ឋកម្ម។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់រវាង EU និងតំបន់ ក្នុងនោះមានការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - EU។
រីឯខ្លួនវិញ តំណាងជាន់ខ្ពស់របស់ EU បានអះអាងថា EU ចាត់ទុកវៀតណាមជាដៃគូនាំមុខគេក្នុងតំបន់, EU កំពុងអនុវត្តយ៉ាងមុតមាំនូវយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការមួយចំនួន ក្នុងនោះមានគម្រោងសហប្រតិបត្តិការជាមួយអាស៊ាន; ជឿជាក់ថា ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបនឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងស៊ីជម្រៅ ដើម្បីផលប្រយោជន៍របស់ភាគីទាំងពីរ។
ភាគីទាំងពីរបានឯកភាពថា ប្រទេសនានាចាំបាច់ត្រូវមានទំនួលខុសត្រូវក្នុងការរួមចំណែកដល់សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក; ជម្លោះចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ អំពីបញ្ហាសមុទ្រខាងកើត តំណាងជាន់ខ្ពស់ EU បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សមុទ្រខាងកើតក្នុងពាណិជ្ជកម្មអន្តរជាតិ; ភាគីទាំងពីរបានអះអាងបន្តគាំទ្រចំពោះការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕