វៀតណាមធ្វើជាម្ចាស់ផ្ទះសន្និសីទគណៈកម្មាធិការប្រតិបត្តិនៃសម្ព័ន្ធសមាគមយូណេស្កូពិភពលោក
(VOVWORLD) - នាថ្ងៃទី ៥ សីហា នៅទីក្រុង Ha Long ខេត្ត Quang Ninh បានប្រព្រឹត្តទៅសន្និសីទគណៈកម្មាធិការប្រតិបត្តិការនៃសម្ព័ន្ធសមាគម យូណេស្កូ (UNESCO - អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ) ពិភពលោកលើកទី ៤៣ និងសន្និសីទអន្តរជាតិ “តួនាទី និងការចូលរួមចំណែករបស់ចលនា UNESCO ចំពោះឧស្សាហកម្មវប្បធម៌”។
សន្និសីទនេះបានប្រមូលផ្តុំតំណាងចំនួន ៤០ មកពីបណ្តាប្រទេសជាសមាជិកនៃសម្ព័ន្ធបណ្តាសមាគមយូណេស្កូ (រូបថត៖ Van Duc/TTXVN) |
នេះជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយ ដោយសម្ព័ន្ធបណ្តាសមាគម UNESCO វៀតណាមទទួលរៀបចំ។ តំណាងចំនួន ៤០ មកពីប្រទេសជាសមាជិកនៃសម្ព័ន្ធបណ្តាសមាគម UNESCO (WFUCA) និងគណៈប្រតិភូរាប់រយនាក់មកពីស្ថាប័ន នាយកដ្ឋាននានា អង្គការវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រនៅវៀតណាម បានចូលរួមសន្និសីទនេះ។
ថ្លែងមតិស្វាគមន៍សន្និសីទនេះ លោក Nguyen Xuan Thang ប្រធានសម្ព័ន្ធបណ្តាសមាគម UNSECO វៀតណាម, សមាជិកគណៈកម្មាធិការប្រតិបត្តិការនៃគណៈកម្មាធិការសម្ព័ន្ធបណ្តាសមាគម UNESCO ពិភពលោកបានសង្កត់ធ្ងន់ថា៖ សន្និសីទនេះគឺជាជំហានអភិវឌ្ឍន៍ថ្មីមួយរបស់ចលនាយូណេស្កូក្រៅរដ្ឋាភិបាលនៅទូទាំងពិភពលោក បង្កើតលក្ខខណ្ឌថ្មីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងសមាគម និងក្លឹបនៃបណ្តាប្រទេសជាសមាជិករបស់អង្គការយូណេស្កូ ដោយធ្វើការរួមគ្នាឆ្ពោះទៅរកកម្មវិធី និងសកម្មភាពក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ ព័ត៌មាន និងទំនាក់ទំនងតាមមនោគមវិជ្ជាមនុស្សសាស្ត្រស្មោះសរ របស់អង្គការ យូណេស្កូ។ ចំណុចលេចធ្លោគួរឱ្យកត់សម្គាល់នៃសន្និសីទឆ្នាំនេះ គឺគណៈប្រតិភូចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីតួនាទីនៃឧស្សាហកម្មវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិតក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការបង្កើតមុខរបររកស៊ីនិងការអភិរក្សបេតិកភណ្ឌវប្បធម៌។
នៅចុងបញ្ចប់នៃសន្និសីទ ប្រទេសសមាជិកបានចេញសេចក្តីថ្លែងការណ៍ Ha Long ស្តីពី "សេដ្ឋកិច្ចច្នៃប្រឌិត - ការតភ្ជាប់វប្បធម៌ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព"។
សូមគូសបញ្ជាក់ថា សន្និសីទគណៈកម្មាធិការប្រតិបត្តិការ WFUCA ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនងសកល។ នៅឆ្នាំនេះ ដោយមានការធ្វើជាម្ចាស់ផ្ទះនៃសមាគមយូណេស្កូវៀតណាម សន្និសីទលើកទី ៤៣ បានក្លាយជាវេទិកាសំខាន់ដើម្បីពិភាក្សា និងរៀបចំសកម្មភាពលើវិស័យជាច្រើននៅទូទាំងពិភពលោក៕