វៀតណាមនិងសាធារណរដ្ឋឆែកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
(VOVWORLD) - នាថ្ងៃទី ៣០ មិថុនានៅរដ្ឋធានី Prague ស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកបានរៀបចំវេទិកាទេសចរណ៍វៀតណាម - ឆែក។
នេះជាសកម្មភាពក្នុងព្រឹត្តិ ការណ៍ដើម្បីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥០-២០២០) ហើយទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺរាតត្បាត COVID-19។ នៅក្នុងវេទិកានេះ តំណាងអាជីវកម្មទេសចរណ៍នៃប្រទេសទាំងពីរបានណែនាំអំពីសក្តានុពលដ៏សម្បូរបែបនៃប្រទេសនីមួយៗ ក៏ដូចជាដាក់ចេញដំណោះស្រាយ និងបង្កើតកញ្ចប់ទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសទាំងពីរផងដែរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Ho Minh Tuan បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងសាធារណរដ្ឋវៀតណាម - ឆែកគឺជាចំណុចលេចធ្លោពិសេសមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA ត្រូវបានរដ្ឋសភាវៀត ណាមផ្តល់សច្ចាប័នកាលពីខែមិថុនាកន្លងមក។
ចំណែកឯ លោក Frantisek Reismuller នាយកកិច្ចការបរទេស តំណាងអគ្គនាយកទេសចរណ៍ឆែកនិងទទួលបន្ទុកអភិវឌ្ឍន៍ទេសចរណ៍ឆែកជាមួយដៃគូបរទេសបានអះអាងថា វៀតណាមគឺជាទិសដៅគួរឲ្យទាក់ទាញមួយ ដែលមានឱកាសសហប្រតិបត្តិការជាច្រើនលើវិស័យទេសចរណ៍នាពេលអនាគត៕