វៀតណាមនិងអង្គការសហប្រជាជាតិរំលឹកខួបដំណើរ ២៥ ឆ្នាំនៃទីក្រុងហាណូយ - “ទីក្រុងដើម្បីសន្តិភាព“
(VOVWORLD) - ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨ លោក Dennis Francis នាថ្ងៃទី២ ខែសីហា នៅទីក្រុងញូវយ៉ក បានធ្វើជាអធិបតីនៃវេទិកាជាន់ខ្ពស់ ក្រោមប្រធានបទ “ការអភិវឌ្ឍវប្បធម៌សន្តិភាពសម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគត” ដើម្បីរំលឹកខួប ២៥ឆ្នាំ នៃការអនុម័តលើសេចក្តីប្រកាស និងកម្មវិធីសកម្មភាពស្តីពីវប្បធម៌សន្តិភាព។
អញ្ជើញចូលរួមនិងថ្លែងមតិក្នុងវេទិកានេះ ឯកអគ្គរដ្ឋទូត និងជាប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Hoang Giang បានអះអាងថា ការដែលរដ្ឋធានីហាណូយត្រូវបាន UNESCO លើកតម្កើងជា “ទីក្រុងដើម្បីសន្តិភាព” កាលពី ២៥ ឆ្នាំមុន គឺជាការទទួលស្គាល់អន្តរជាតិចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែករបស់ប្រជាជនវៀតណាម ដើម្បីសន្តិភាព។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិនៅវេទិកា។ រូបថត៖ VOV/អាមេរិក |
លោកឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងនាមជាដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព វៀតណាមបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីសកម្មភាពវប្បធម៌សន្តិភាព និងសម្រេចបានសមិទ្ធិផលជាច្រើនក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ការលើកកម្ពស់វប្បធម៌សន្តិភាពមានន័យថា ត្រូវធានាមិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង និងដោះស្រាយជម្លោះដោយសន្តិវិធី ហើយទាំងនេះក៏ជាគោលការណ៍ជាមូលដ្ឋានដែលត្រូវបានទទួលស្គាល់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យប្រទេសនានា អនុវត្តឱ្យបានពេញលេញនូវគោលការណ៍ទាំងនេះ ខិតខំដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់វប្បធម៌សន្តិភាពដើម្បីអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត៕