វៀតណាមប្តេជ្ញារួមដៃជាមួយសហគមន៍អន្តរជាតិដើម្បីការពារមហាសាគរបៃតង
(VOVWORLD) - នាយប់ថ្ងៃទី ២៨ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ “សេចក្តីប្រាថ្នាអំពីមហាសាគរបៃតង”។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងកម្មវិធី (រូបថត៖ TTXVN) |
កម្មវិធីនេះដឹកនាំដោយនាយកដ្ឋានឃោសនាមជ្ឈិម និងសម្របសម្រួលជាមួយអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ដោយតភ្ជាប់បណ្តាញនៅទីតាំងចំនួន ២ គឺមជ្ឈមណ្ឌលវិទ្យុនិងទូរទស្សន៍យោធា (ហាណូយ) និងកំពង់ផែអន្តរជាតិ Cam Ranh (Khanh Hoa) ក្នុងឱកាសទិវាមហាសមុទ្រពិភពលោក (៨ មិថុនា) និងសប្តាហ៍សមុទ្រនិងមហាសាគរវៀតណាម។
អញ្ជើញថ្លែងមតិក្នុងកម្មវិធី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា នាពេលនេះ សមុទ្រនិងមហាសាគរកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខប្រពៃណី និងក្រៅប្រពៃណី។ នេះជាបញ្ហាសកល ដែលទាមទារឱ្យប្រទេសនានា សហគមន៍ និងប្រជាជនទាំងអស់យល់ឃើញ និងធ្វើសកម្មភាពឱ្យបានត្រឹមត្រូវ ដើម្បីមហាសាគរបៃតង សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រមុខរដ្ឋាភិបាលវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសដែនសមុទ្រដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ពស់នីវរទឹកសមុទ្រ វៀតណាមបាននិងកំពុងបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមដៃជាមួយសហគមន៍អន្តរជាតិឆ្ពោះទៅមហាសាគរបៃតង ភពផែនដីបៃតង សន្តិភាព ស្ថិរភាព និងវិបុលភាព។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញមានប្រសាសន៍ថា៖ “វៀតណាមប្តេជ្ញាអនុវត្តន៍យ៉ាងម៉ឺងមាត់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន; កាត់បន្ថយការបំភាយឧស្ម័ន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ធានាសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ; ដោះស្រាយជម្លោះសមុទ្រ និងមហាសាគរតាមសន្តិវិធី ស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ ការពារយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម។ ការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិ; ម្យ៉ាងវិញទៀត គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដទៃ។ វៀតណាមនឹងបន្តបង្កើតប្រព័ន្ធគោលនយោបាយ ច្បាប់ និងផែនការគ្រប់គ្រងសមុទ្រ និងមហាសាគរ ជំរុញការអនុវត្តដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដោយឈរលើមូលដ្ឋាននៃកំណើនបៃតង អភិរក្សជីវចម្រុះ និងស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ជាពិសេស ដោះស្រាយល្អ ប្រភពបង្កការបំពុលសមុទ្រ និងមហាសាគរឱ្យបានត្រឹមត្រូវ ជាពិសេសកាកសំណល់ប្លាស្ទិក”។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីមានបំណងចង់បន្តទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រប្រកបដោយប្រសិទ្ធភាពលើសមុទ្រ និងមហាសាគរពីអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា។ ទន្ទឹមនឹងនោះ លោកក៏បានអះអាងនូវគោលនយោបាយខ្ជាប់ខ្ជូនរបស់បក្ស និងរដ្ឋវៀតណាម ដោយត្រៀមខ្លួនរួចជាស្រេច សហការ និងរួមដៃជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកលនៅសមុទ្រ និងមហាសាគរ៕