វៀតណាមអន់ចិត្តចំពោះការដែលក្រសួងពាណិជ្ជកម្មអាមេរិកបន្តកំណត់វៀតណាមជាសេដ្ឋកិច្ចមិនមែនទីផ្សារ
(VOVWORLD) - យោងតាមអ្នកនាំពាក្យ នាពេលថ្មីៗនេះ ទីភ្នាក់ងារ និងសហគ្រាសវៀតណាមបានសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្មអាមេរិក ដើម្បីផ្តល់ទឡ្ហីករណ៍គួរឱ្យជឿជាក់ជាច្រើនដែលបញ្ជាក់ថា សេដ្ឋកិច្ចវៀតណាមបានបំពេញយ៉ាងពេញលេញតាមលក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ចទីផ្សារទាំង ៦ ស្របតាមច្បាប់របស់សហរដ្ឋអាមេរិក។
រូបថតឧទាហរណ៍៖ VOV |
នាថ្ងៃទី ៣ ខែសីហា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលក្រសួងពាណិជ្ជកម្មអាមេរិកបន្តកំណត់ វៀតណាមជាសេដ្ឋកិច្ចមិនមែនទីផ្សារនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា៖ វៀតណាមអន់ចិត្តចំពោះការដែលក្រសួងពាណិជ្ជកម្មអាមេរិកបន្តកំណត់ វៀតណាមជាសេដ្ឋកិច្ចមិនមែនទីផ្សារ។ ការសម្រេចចិត្តនេះមិនឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏ធំធេងរបស់វៀតណាមក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារដែលត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិនោះឡើយ។
យោងតាមអ្នកនាំពាក្យ នាពេលថ្មីៗនេះ ទីភ្នាក់ងារ និងសហគ្រាសវៀតណាមបានសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្មអាមេរិក ដើម្បីផ្តល់ទឡ្ហីករណ៍គួរឱ្យជឿជាក់ជាច្រើនដែលបញ្ជាក់ថា សេដ្ឋកិច្ចវៀតណាមបានបំពេញយ៉ាងពេញលេញតាមលក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ចទីផ្សារទាំង ៦ ស្របតាមច្បាប់របស់សហរដ្ឋអាមេរិក។ ប្រការនេះក៏ត្រូវបានគាំទ្រដោយសមាគម សហគ្រាស និងអ្នកជំនាញជាច្រើនរបស់សហរដ្ឋអាមេរិក និងអន្តរជាតិផងដែរ។ ជាក់ស្តែងគឺ រហូតមកដល់បច្ចុប្បន្ន ប្រទេសចំនួន ៧២ បានទទួលស្គាល់វៀតណាមមានសេដ្ឋកិច្ចទីផ្សារ។ អង្គការអន្តរជាតិនានាបានទទួលស្គាល់ការបោះជំហាន គួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ប្រកបដោយគុណភាពខ្ពស់ជាច្រើន។
ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាមស្នើឱ្យអាមេរិកបន្តអនុវត្តន៍ការសន្យា ក្នុងការសម្របសម្រួលយ៉ាងទូលំទូលាយ ខ្លាំងក្លា មានលក្ខណៈស្ថាបនា ហើយឆ្ពោះទៅទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមនាពេលឆាប់ៗ។ ស្ថាប័នពាក់ព័ន្ធរបស់វៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូអាមេរិក ដើម្បីធានាថាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីបន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព សុខដុមរមនា នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ៕