សេចក្តីថ្លែងការណ៍រួមរវាងវៀតណាម និង UAE ស្តីពីការលើកកម្ពស់ទំនាក់ទំនងឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអេមីរ៉ាតអារ៉ាប់រួម (UAE) កាលពី ថ្ងៃទី ២៨ ខែតុលា នៅទីក្រុង Abu Dhabi នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងប្រធានាធិបតី UAE លោក Sheikh Mohammed bin Zayed Al Nahyan បានឯកភាពគ្នាលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅថ្ងៃដដែលនោះ វៀតណាម និង UAE បានយល់ព្រមបង្កើនការជួបប្រាស្រ័យនិងការផ្លាស់ប្តូរគ្រប់ជាន់ថ្នាក់; ជំរុញ យន្តការសហប្រតិបត្តិការថ្មី; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ យុត្តិធម៌ និងច្បាប់។ ភាគីទាំងពីរបានអះអាងសារជាថ្មីនូវសារៈសំខាន់នៃការ រក្សាស្ថិរភាព សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក រួមទាំងសន្តិសុខនាវាចរណ៍ សន្តិសុខ និងសុវត្ថិភាពរបស់ផ្លូវសមុទ្រ និងខ្សែសង្វាក់ផ្គត់ផ្គង់និងចរាចរអន្តរ ជាតិ; បន្តកិច្ចសហប្រតិបត្តិការលើវេទិកាតំបន់ និងអន្តរជាតិ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងប្រធានាធិបតី UAE លោក Sheikh Mohammed bin Zayed Al Nahyan។ (រូបថត៖ VNA) |
វៀតណាម- UAE សន្យាសម្របសម្រួលអនុវត្តន៍យ៉ាងសកម្មនូវកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយ (CEPA) ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក; ជំរុញពាណិជ្ជកម្ម អនុវត្តន៍សកម្មភាពសហ ប្រតិបត្តិការ និងការតភ្ជាប់រវាងសហគ្រាសនៃភាគីទាំងពីរ។ ភាគីទាំងពីរប្តេជ្ញាពង្រីក កិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដូចជា៖ ប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ភស្តុភារ ផលិតកម្ម និងការកែច្នៃផលិតផលកសិកម្ម។ UAE ត្រៀមខ្លួនជាស្រេចចែករំលែក ជាមួយវៀតណាមនូវបទពិសោធន៍របស់ខ្លួនក្នុងការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុ វៀតណាមនៅទីក្រុងហូជីមិញ ហើយវិនិយោគក្នុងគម្រោងនេះ។
UAE ជួយឧបត្ថម្ភវៀតណាមតាមរយៈការចែករំលែកបទពិសោធន៍បច្ចេកទេស និងការគ្រប់គ្រង បណ្តុះបណ្តាលធនធានមនុស្ស វិនិយោគកសាងមជ្ឈមណ្ឌលផ្ទៀង ផ្ទាត់ស្តង់ដារ និងផ្តល់វិញ្ញាបនបត្រ ហាឡាល់ នៅវៀតណាម រួមចំណែកអភិវឌ្ឍន៍ ប្រព័ន្ធអេកូឡូស៊ី ហាឡាល់ នៅវៀតណាម។
លើសពីនេះ ភាគីទាំងពីរក៏ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លាស់ប្តូរ ថាមពល និងបរិវត្តកម្មបៃតង; ឯកភាពសិក្សាពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការវិនិ យោគលើវិស័យថាមពលកកើតឡើងវិញ។
ភាគីទាំងពីរបានឯកភាពជំរុញសកម្មភាពផ្សព្វផ្សាយទេសចរណ៍ ការផ្លាស់ប្តូរ វប្បធម៌ និងកីឡា; ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ហើយចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនសកលនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ វៀតណាម និង UAE បានឯកភាព ជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ធនធានមនុស្ស និងសុខា ភិបាលផងដែរ៕