សន្និសិទផ្សះផ្សាជាតិរវាងគណៈបក្សនៅលីប៊ីនឹងប្រព្រឹត្តទៅនាខែតុលា
(VOVWORLD) - នៅថ្ងៃទី ១១ ខែសីហា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកុងហ្គោ លោក Jean-Claude Jacossou បានឲ្យដឹងថា សន្និសីទផ្សះផ្សាជាតិរវាងគណៈបក្សនៅក្នុងប្រទេសលីប៊ី ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅពាក់កណ្តាល ខែតុលា ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី លោក Musa al-Koni។
រថយន្តបានឆេះអំឡុងពេលមានជម្លោះនៅក្រុងទ្រីប៉ូលី ប្រទេសលីប៊ី (រូបថត៖ THX/TTXVN) |
ការប្រកាសនេះត្រូវបានលោក Jean-Claude Jacossou នាំចេញ បន្ទាប់ពីបានជួបជាមួយសមាជិកក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី លោក Musa al-Koni ក្នុងអំឡុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសលីប៊ីកាលពីចុងសប្តាហ៍។ នៅក្នុងសេចក្តីប្រកាសមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Facebook ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ីបាននិយាយថា លោក Musa al-Koni បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីនៃសាធារណរដ្ឋកុងហ្គោ Denis Sassou Nguesso និងសហភាពអាហ្វ្រិក (AU) ក្នុងការគាំទ្រការផ្សះផ្សាជាតិនិងសន្តិភាពនៅក្នុងប្រទេសលីប៊ី។ ចំណែកលោករដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកុងហ្គោ Jean-Claude Jacossou បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី ដើម្បីសម្រេចបាននូវស្ថិរភាព ហើយបានសង្កត់ធ្ងន់ថា ការចូលរួមរបស់ក្រុមប្រឹក្សាប្រធានាធិបតីនឹងរួមចំណែកដល់ភាពជោគជ័យនៃសន្និសីទការផ្សះផ្សានាពេលខាងមុខ។
សូមគូសបញ្ជាក់ថា ប្រទេសលីប៊ីបានធ្លាក់ចូលទៅក្នុងអស្ថិរភាពបន្ទាប់ពីរដ្ឋប្រហារដែលបានផ្តួលរំលំមេដឹកនាំ Moammar Gadhafi ក្នុងឆ្នាំ ២០១១។ បច្ចុប្បន្ននេះ ប្រទេសលីប៊ីមានរដ្ឋាភិបាលពីរដែលរួមរស់ទន្ទឹមគ្នា រួមទាំងរដ្ឋាភិបាលលីប៊ីនៃឯកភាពជាតិ (GNU) នៅទីក្រុងទ្រីប៉ូលី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Abdulhamid al-Dbeibah និងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Ossama Hammad មានមូលដ្ឋាននៅភាគខាងកើតលីប៊ី៕