សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៤៖ កិច្ចសហប្រតិបត្តិការជាសកលដើម្បីដោះស្រាយបញ្ហាប្រឈមអំពីធនធានទឹក
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ សមាគមផ្គត់ផ្គង់និងបង្ហូរទឹក វៀតណាមបានរៀបចំ “សប្តាហ៍ធនធានទឹក វៀតណាមឆ្នាំ ២០២៤ - VietNam Water Week ២០២៤”។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសមាគមផ្គត់ផ្គង់និងបង្ហូរទឹកវៀតណាម (VWSA) ចាប់ពីថ្ងៃទី ៦-៨ ខែវិច្ឆិកា ដោយបានទាក់ទាញគណៈប្រតិភូក្នុងស្រុកនិងអន្តរជាតិជាង ១.០០០ នាក់មកចូលរួម។
គណៈប្រតិភូទស្សនាការតាំងពិព័រណ៍អន្តរជាតិនៃការផ្គត់ផ្គង់និងបង្ហូរទឹក និងអនាម័យបរិស្ថាន (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ លោក Nguyen Ngoc Diep ប្រធានសមាគមផ្គត់ផ្គង់និងបង្ហូរទឹកវៀតណាមបានឲ្យដឹងថា ប្រធាន បទ នៃព្រឹត្តិការណ៍ឆ្នាំនេះគឺ “ការអភិវឌ្ឍវិស័យធនធានទឹករបស់វៀត ណាម៖ សន្តិសុខ សុវត្ថិភាព ប្រសិទ្ធភាព និងសមាហរណកម្ម” ដោយកំណត់ចក្ខុវិស័យពហុវិមាត្រ និងដំណោះស្រាយមានលក្ខណៈទម្លុះទម្លាយ ដើម្បីជំរុញវិស័យធនធានទឹកវៀតណាមឱ្យអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងក្របខ័ណ្ឌសប្តាហ៍វិស័យធនធានទឹកវៀតណាម បានប្រព្រឹត្តិទៅសន្និសីទវិទ្យាសាស្ត្រចំនួន ៤ ស្ដីអំពី៖ សេចក្តីព្រាងច្បាប់ស្តីពីការផ្គត់ផ្គង់និងបង្ហូរទឹក; ការគ្រប់គ្រងនិងប្រតិបត្តិការប្រព័ន្ធផ្គត់ផ្គង់និងបង្ហូរទឹក ប្រកបដោយនិរន្តរភាព ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ; អភិបាលកិច្ចសាជីវកម្មក្នុងវិស័យធនធាន់ទឹកដ៏ឆ្លាតវៃ និងមានប្រសិទ្ធភាពនិងការបង្កើនភាពធន់; សមភាពយេនឌ័រនៅក្នុងវិស័យធនធានទឹក។ នេះ ជាឱកាសសម្រាប់សហគ្រាសក្នុងវិស័យធនធានទឹកវៀតណាមស្វែងយល់ និងចែករំលែកបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព បង្កើនភាពធន់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងសមហរណកម្មអន្តរជាតិ។
លោក Nguyen Ngoc Diep ប្រធានសមាគមផ្គត់ផ្គង់និងបង្ហូរទឹកវៀតណាម។ រូបថត៖ TTXVN |
យោងតាមលោក Kalanithy Vairavamoorthy នាយកប្រតិបត្តិនៃសមាគមទឹកអន្តរជាតិ (IWA)បានចាត់ទុកថា ដោយមានការគាំទ្រពីអន្តរជាតិ រដ្ឋាភិបាលវៀតណាមបានផ្លាស់ប្តូរពីការអភិវឌ្ឍធនធានទឹកសំខាន់ៗ ងាក់មកផ្តោតលើភាពធន់និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងទឹកសំណល់ក្នុងទីក្រុង និងកំណើនប្រកបដោយចីរភាព។ សមាគមទឹកអន្តរជាតិមានបំណងចង់កសាងទំនាក់ទំនងជាមួយសមាគមផ្គត់ផ្គង់និងបង្ហូរទឹកវៀតណាម ដើម្បីផ្សារភ្ជាប់ជាមួយអ្នកជំនាញក្នុងវិស័យធនធានទឹកក្នុងតំបន់ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយបណ្តាញមេដឹកនាំសកលនៃសមាគមទឹកអន្តរជាតិ៕