សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ លឿង គឿង
(VOVWORLD) - ក្នុងឱកាសដែលលោក លឿង គឿង ត្រូវបានរដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងកាន់ដំណែងប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃប្រទេស កម្ពុជា សិង្ហបុរី អ៊ីតាលី កាហ្សាក់ស្ថាន ហ្វាំងឡង់ និងបក្សរុស្ស៊ីឯកភាព បានផ្ញើលិខិតអបអរសាទរ។
ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក លឿង គឿង អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីចូលកាន់ដំណែង (រូបថត៖ TTXVN) |
សម្តេចអគ្គមហាបវរធិបតីតេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវជំនឿចិត្តថា ក្រោមការដឹកនាំ និងចក្ខុវិស័យរបស់លោកប្រធានរដ្ឋ លឿង គឿង វៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីផលប្រយោជន៍ប្រជាជន វៀតណាម និងរួមចំណែកយ៉ាងសកម្មលើបណ្តាវេទិកាអន្តរជាតិ; លោកបានជឿជាក់ថា ទំនាក់ទំនងរយៈពេលវែងដែលបានកសាងឡើងតាមបាវចនានៃអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងនឹងកាន់តែរឹងមាំ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។
ប្រធានបក្សរុស្ស៊ីឯកភាពលោក Dmitri Medvedev ជឿជាក់ថា បទពិសោធន៍ដ៏សម្បូរបែបនៃសកម្មភាពរបស់លោកប្រធានរដ្ឋលឿង គឿង ក្នុងកិច្ចការរដ្ឋនឹងជំរុញការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចដ៏ធំធេងអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ក៏ដូចជាពង្រឹងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនោះ លោកបានសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញគ្រប់វិស័យនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ រួមទាំងកិច្ចសន្ទនារវាងបក្សឯកភាពរុស្ស៊ី និងបក្សកុម្មុយនិស្តវៀតណាមផងដែរ។
ប្រធានាធិបតីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Tharman Shanmugaratnam មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ សំដៅនាំទំនាក់ទំនងវៀតណាម-សិង្ហបុរីឡើងដល់កម្រិតថ្មីមួយ។ ក្នុងឱកាសនេះ លោកប្រធានាធិបតី Tharman Shanmugaratnam បានអញ្ជើញលោកប្រធានរដ្ឋលឿង គឿងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសសិង្ហបុរីក្នុងពេលវេលាសមស្របមួយ។
ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលី Sergio Mattarella បានវាយតម្លៃខ្ពស់ចំពោះការតភ្ជាប់និងទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំរវាងប្រទេសទាំងពីរវៀតណាម-អ៊ីតាលី; បង្ហាញទំនុកចិត្តលើការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ៕