អគ្គលេខាបក្ស ប្រធានរដ្ឋ​ឡាវ លោក ថងលូន ស៊ីស៊ូលីត និងលោក​ជំទាវ​ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែកញ្ញានេះ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងលោកជំទាវ Naly Sisoulith អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ បានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៣ ខែកញ្ញា តបតាមសេចក្តីអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam និងលោកជំទាវ។

ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មានវត្តមាន៖ លេខាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក Luong Cuong; ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung; អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan តំណាងក្រសួងការបរទេស និងតំណាងទីក្រុងហាណូយ។ ខាងភាគីឡាវ ចូលរួមគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ មានវត្តមាន៖ អនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany; នាយករដ្ឋមន្ត្រី លោក Sonexay Siphandone; ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Chansamone Chanyalath; រដ្ឋមន្ត្រីក្រសួងសន្តិសុខ លោក Vilay Lakhamphong ; ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃរដ្ឋសភា រដ្ឋាភិបាល និងបក្សប្រជាជនបដិវត្តន៍ឡាវ។

អគ្គលេខាបក្ស ប្រធានរដ្ឋ​ឡាវ លោក ថងលូន ស៊ីស៊ូលីត និងលោក​ជំទាវ​ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត និងប្រជាជនរាជធានី។ រូបថត៖ VOV

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមវៀតណាម លោក Le Hoai Trung បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងទំនុកចិត្តនយោបាយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងរវាងអគ្គលេខាបក្ស ប្រធានរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន៖ “ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃបក្សទាំងពីរនិងប្រទេសទាំងពីរនឹងផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ ពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងវាយតម្លៃលទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការនាពេលកន្លងទៅ ជាពិសេស លើកទិសដៅដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងបក្សទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក” ។

នាពេលកន្លងទៅ ក្រៅពីការពង្រឹងទំនុកចិត្តនយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងឡាវក៏កាន់តែមានភាពលេចធ្លោផងដែរ។ បច្ចុប្បន្ននេះ វៀតណាមមានគម្រោងវិនិយោគចំនួន ២៤១ នៅក្នុងប្រទេសឡាវ ដោយមានដើមទុនចុះបញ្ជីសរុបជាង ៥,៥ ពាន់លានដុល្លារអាមេរិក រក្សាចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីដែលវិនិយោគនៅឡាវ។ ទំហំពាណិជ្ជកម្មវៀតណាម-ឡាវ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៤នេះ សម្រេចបាន ៧៧៩,៦លានដុល្លារអាមេរិក កើនឡើង ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ