អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា អធិការបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Olaf Scholz និងគណៈប្រតិភូជាន់ខ្ពស់អាល្លឺម៉ង់បានចាកចេញពីរដ្ឋធានីហាណូយ ដោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកាដល់ថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០២២។
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបអធិការបតីអាល្លឺម៉ង់ Olaf Scholz (រូបថត៖ VOV) |
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅវៀតណាម អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz មានសកម្មភាពសំខាន់ៗជាច្រើនដូចជា៖ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបសន្ទនាជាមួយប្រព័ន្ធសារព័ត៌មាន ជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong ចូលរួមសន្និសីទតុមូលនៃអង្គភាពអាជីវកម្មវៀតណាម - អាល្លឺម៉ង់ជាដើម។
ក្នុងដំណើរទស្សនកិច្ចលើកនេះ អធិការបតី លោក Olaf Scholz ក៏បានអញ្ជើញទៅទស្សនាវិហារ Ngoc Son (ខណ្ឌ Hoan Kiem ទីក្រុងហាណូយ) និងញ្ជើញទៅទស្សនាកន្លែងតាំងបង្ហាញផ្ទាំងគំនូរ Thang Long Gallery នៅផ្ទះលេខ ៤១ ខណ្ឌ Hang Gai នៃទីក្រុងហាណូយ៕