អះអាងនូវចំណងសាមគ្គីភាពរវាងវៀតណាមនិងគុយបា
(VOVWORLD) - នារសៀលថ្ងៃទី ២ វិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam បានទទួលជួបលោក Esteban Lazo Hernández ប្រធានក្រុមប្រឹក្សារដ្ឋ ប្រធានរដ្ឋសភាគុយបា ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោកអគ្គលេខាបក្ស To Lam បានសម្តែងនូវសេចក្តីរីករាយដែលបានជួបសមមិត្ត Esteban Lazo Hernández ម្តងទៀតបន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសគុយបារបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម។ (រូបថត៖ VOV) |
លោកអគ្គលេខាបក្ស To Lam បានស្វាគមន៍ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋសភាគុយបា និងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ខ្លឹមសារនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ចែករំលែកជាមួយការលំបាកដែលបក្ស រដ្ឋ និងប្រជាជនគុយបាកំពុងខិតខំប្រឹងប្រែងជំនះពុះពារដែលបណ្ដាលមកពីការហ៊ុមព័ទ្ធ ឧប្បត្តិហេតុ និងគ្រោះមហន្តរាយធម្មជាតិនានា លោកអគ្គលេខាបក្សTo Lam បានអះអាងនូវចំណងសាមគ្គីភាពរបស់វៀតណាមជាមួយគុយបា ដោយបានអំពាវនាវឱ្យដកការហ៊ុមព័ទ្ធជាឯកតោភាគីប្រឆាំងនឹងគុយបា និង ដកគុយបាចេញពីបញ្ជីប្រទេសឧបត្ថម្ភភេរវកម្ម។ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោកអគ្គលេខាបក្ស To Lam បានស្នើឲ្យប្រទេសទាំងពីរបន្តរក្សាការផ្លាស់ប្តូរ និងដំណើរទស្សនកិច្ចនៅគ្រប់កម្រិត ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ បង្កើនការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាផ្នែកនិងមូលដ្ឋាននៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំបក្ស និងរដ្ឋគុយបា បានដឹកនាំជាប្រចាំនូវការអនុវត្តកិច្ចព្រមព្រៀង ដែលភាគីទាំងពីរសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស To Lam ទៅកាន់គុយបាក្នុងខែកញ្ញាកន្លងទៅ ក៏ដូចជាអនុវត្តន៍វិធានការជាក់លាក់ដើម្បីជួយដោះស្រាយការលំបាកក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។ ប្រធានរដ្ឋសភាគុយបាបានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់វៀតណាមសម្រាប់ប្រជាជនគុយបានាពេលកន្លងមក; ទន្ទឹមនឹងនោះ មានបំណងចង់ឲ្យប្រទេសទាំងពីរនឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះទំនាក់ទំនងនយោបាយ និងការទូតដើរតួនាទីស្នូល៕