EU ត្រូវការថវិកាចំនួន​ ៨០០ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - អតីតប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោក Mario Draghi កាលពីថ្ងៃទី ៩ ខែកញ្ញា បានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) វិនិយោគទឹកប្រាក់ ៨០០ ពាន់លានអឺរ៉ូ (ជាង ៨៨៣ ពាន់លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ ដើម្បីជួយប្លុកនេះឆ្លើយតបទៅនឹងហានិភ័យនៃឱនភាពសេដ្ឋកិច្ច ដែលមានលក្ខណៈ “ស្លាប់រស់” ដូចបច្ចុប្បន្ន។

នៅក្នុងរបាយការណ៍កម្រាស់ ៤០០ ទំព័រ ដែលបានបង្ហាញនៅចំពោះមុខគណៈកម្មការអឺរ៉ុប (EC) នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) លោក Draghi បានសង្កត់ធ្ងន់ថា EU ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីលើកកម្ពស់ផលិតភាព និងកំណើនសេដ្ឋកិច្ច ដែលកំពុងធ្វើឱ្យសហភាពអឺរ៉ុបដើរថយក្រោយសហរដ្ឋអាមេរិក និងចិន។ លោកបានផ្តល់អនុសាសន៍ឱ្យ EU ប្រកាសកញ្ចប់បំណុលរួមថ្មី ដើម្បីជួយឧបត្ថម្ភដល់គម្រោងវិនិយោគសំខាន់ៗក្នុងវិស័យនវានុវត្តន៍ ការផ្លាស់ប្តូរបៃតង និងវិស័យការពារជាតិ។

អតីតប្រធាន ECB បាននិយាយថា សហភាពអឺរ៉ុបត្រូវការវិនិយោគបន្ថែម ៨០០ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ដើម្បីជម្នះលើភាពជាប់គាំងនាបច្ចុប្បន្ន។ នេះនឹងក្លាយជាការវិនិយោគ "មិនធ្លាប់មាន" ហើយនឹងជួយឱ្យសម្ព័ន្ធភាពនេះ ឈានមុខគេក្នុងបច្ចេកវិទ្យាថ្មី និងសម្រេចបាននូវគោលដៅមហិច្ឆតាជាច្រើនទៀតផងដែរ។ លើសពីនេះ លោកបានផ្តល់អនុសាសន៍ថា EU ត្រូវផ្តោតលើការកសាងមជ្ឈមណ្ឌលច្នៃប្រឌិតឈានមុខគេ និងអភិវឌ្ឍបច្ចេកវិទ្យាស្អាត។

នៅក្នុងរបាយការណ៍ លោក Mario បានអំពាវនាវឱ្យ EU ប្រកាស់កញ្ចប់បំណុលរួមថ្មី ដើម្បីឧបត្ថម្ភដល់តម្រូវការឧស្សាហកម្ម និងវិស័យការពារជាតិ ប៉ុន្តែគំនិតនេះត្រូវប្រឈមមុខនឹងការប្រឆាំងជំទាស់ពីរដ្ឋាភិបាលជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ