UNSC អំពាវនាវស្វែង​រក​ដំណោះស្រាយ​សម្រាប់​ភាពតានតឹងនៅមជ្ឈិមបូព៌ា

(VOVWORLD) -  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី ២២ ខែសីហា បានរៀបចំសម័យប្រជុំជាប្រចាំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីស្តាប់របាយការណ៍ថ្មីៗ ស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា ជាតំបន់ដែលកំពុងផ្ទុះឡើងជម្លោះជាច្រើន។

ថ្លែងនៅក្នុងសម័យប្រជុំនេះ បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា លោក Tor Wennesland បានព្រមានថា មជ្ឈិមបូព៌ាកំពុងប្រឈមមុខនឹងស្ថានភាពឡើងជណ្ដើរដែលមិនអាចគ្រប់គ្រងបាន។ ការបញ្ជាឲ្យជម្លៀសជាបន្តបន្ទាប់របស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បង្កការគំរាមកំហែងដល់ប្រជាជនប៉ាឡេស្ទីន ដោយបង្កើនការព្រួយបារម្ភថា សេវាសំខាន់ៗមានហានិភ័យនៃការកាត់ផ្តាច់នាពេលខាងមុខនេះ។

UNSC អំពាវនាវស្វែង​រក​ដំណោះស្រាយ​សម្រាប់​ភាពតានតឹងនៅមជ្ឈិមបូព៌ា - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីភាពតានតឹងនៅមជ្ឈិមបូព៌ា។ រូបថត៖ TTXVN

ក្នុងពេលនោះ ប្រធានបេសកម្មអចិន្ត្រៃយ៍ចិនប្រចាំអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត FU Cong បានវាយតម្លៃថា អ៊ីស្រាអែលនៅតែបន្តសកម្មភាពយោធានៅតំបន់ហ្គាហ្សា បណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសថ្មីជាច្រើននាក់ជារៀងរាល់ថ្ងៃ ហើយទីក្រុង Tel Aviv ក៏ព្រងើយកន្តើយចំពោះការអំពាវនាវបទឈប់បាញ់ផងដែរ។ លោកបានបញ្ជាក់ថា ដំណោះស្រាយនយោបាយគឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយវិបត្តិនាបច្ចុប្បន្ន។ ឯកអគ្គរដ្ឋទូតចិនក៏បានដាស់តឿនឱ្យអ៊ីស្រាអែលគោរពរាល់កាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការបើកច្រកព្រំដែនសម្រាប់ជំនួយទៅកាន់តំបន់ហ្គាហ្សា។

នេះគឺជាកិច្ចប្រជុំថ្មីបំផុតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា បន្ទាប់ពីសម័យប្រជុំបន្ទាន់កាលពីថ្ងៃទី ១៤ ខែសីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ