WHO ប្រកាសថា វៀតណាមបានកម្ចាត់ជំងឺ​ត្រអកភ្នែក​ដោយជោគជ័យ

(VOVWORLD) - កាលពីថ្ងៃទី ២១ ខែតុលា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វៀតណាមបានលុបបំបាត់ជំងឺត្រអកភ្នែកដោយជោគជ័យ ដែលគួសសញ្ញាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងសុខភាពពិភពលោក។

ក្នុងសម័យប្រជុំលើកទី ៧៥ នៃគណៈកម្មាធិការតំបន់ប៉ាស៊ីហ្វិកខាងលិច នៅប្រទេសហ្វីលីពីន WHO បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម; អះអាងថា វៀតណាមបានអនុវត្តវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងព្យាបាលមនុស្សរាប់សែន នាក់ក្នុងរយៈពេល ៧ ទសវត្សរ៍កន្លងមក។ យោងតាមអង្គការសុខភាពពិភពលោក ជំងឺត្រអកភ្នែកធ្លាប់ជាបញ្ហាសុខភាពសាធារណៈនៅក្នុងខេត្តចំនួន៤របស់ប្រទេសវៀតណាម។ ប្រហែល ៣០ ឆ្នាំមុន ១,៧% នៃប្រជាជនដែលរស់នៅក្នុងខេត្តមានហានិភ័យខ្ពស់ទាំងនេះ ត្រូវការការវះកាត់ដើម្បីការពារការខ្វក់ភ្នែកដែលបណ្តាលមកពីជំងឺត្រអកភ្នែក។ ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមឆ្នាំ២០២៣ សមាមាត្រនៃមនុស្សពេញវ័យដែលឆ្លងប្រភេទជំងឺនេះបានធ្លាក់ចុះមកក្រោម ០,២% ដែលជាកម្រិតសម្រាប់ WHO បញ្ជាក់ថា ជំងឺត្រអកភ្នែកលែងជាបញ្ហាសុខភាពសាធារណៈទៀតហើយ។ WHO បានបន្ថែមថា ការយកចិត្តទុកដាក់របស់វៀតណាមលើការវះកាត់ ផ្តល់ថ្នាំអង់ទីប៊ីយោទិច អនាម័យផ្ទៃមុខ និងការកែលម្អបរិស្ថានបានជំរុញការលុបបំបាត់ជំងឺត្រអកភ្នែក។

ជំងឺត្រអកភ្នែក (Trachoma) គឺជាជំងឺភ្នែកដែលបង្កឡើងដោយការឆ្លងបាក់តេរី Chlamydia trachomatis ជាមូលហេតុចម្បងនៃភាពពិការភ្នែកនៅទូទាំងពិភពលោក។ ជំងឺនេះឆ្លងដោយផ្ទាល់ ឬដោយប្រយោលតាមរយៈទឹកភ្នែក និងច្រមុះ របស់អ្នកជំងឺ ជាពិសេសកុមារតូចៗ។ បាក់តេរីនេះក៏អាចរីករាលដាលតាមរយៈសត្វរុយមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ