កិច្ចប្រជុំកំពូលអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង៖ នាំកិច្ចសហប្រតិបត្តិការត្រីភាគីឡើង ដល់កំពស់ថ្មី

(VOVWORLD) - នាថ្ងៃទី ១៨ ខែសីហា កិច្ចប្រជុំកំពូលត្រីភាគី អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង បាន ប្រព្រឹត្តទៅនៅជំរុំ David ក្នុងរដ្ឋ Maryland (សហរដ្ឋអាមេរិក)។ នេះគឺជាកិច្ចប្រជុំកំពូល ត្រីភាគីដំបូងគេដែលត្រូវបានធ្វើឡើងក្នុងទម្រង់ឯករាជ្យជំនួសឱ្យកិច្ចប្រជុំនៅខាងក្រៅព្រឹត្តិការណ៍ការទូតពហុភាគី។ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានវាយតម្លៃថា កិច្ចប្រជុំ នឹងបើកកម្រិតថ្មីមួយនៅក្នុងទំនាក់ទំនងសម្ព័ន្ធភាពអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ដោយ ដាក់មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្រីភាគីឲ្យកាន់តែទូលំ ទូលាយ ស៊ីជម្រៅ និងញឹកញាប់នាពេលខាងមុខ។

កិច្ចប្រជុំកំពូលអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង៖  នាំកិច្ចសហប្រតិបត្តិការត្រីភាគីឡើង ដល់កំពស់ថ្មី - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden (កណ្ដាល) នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida (ស្ដាំ) និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ក្នុងជំនួបនៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
(រូបថត៖ AFP/VNA)

ពេលវេលាសមស្រប

កិច្ចប្រជុំកំពូលអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង មានការអញ្ជើញចូលរួមរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden រួមជាមួយសមភាគីកូរ៉េខាងត្បូងលោក Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។ កិច្ចប្រជុំត្រូវបានរៀបចំឡើងតាមសំណើរបស់លោកប្រធានាធិបតី Joe Biden នៅពេលដែលមេដឹកនាំទាំងបីបានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ (G7) នៅប្រទេសជប៉ុនកាលពីខែឧសភាឆ្នាំនេះ។ នៅពេលនោះ មេដឹកនាំទាំងបីបានឯកភាពនាំកិច្ចសហប្រតិបត្តិការត្រីភាគីឡើងកម្រិតថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនៅចំពោះមុខអ្វីដែលគេហៅថា "ការគំរាមកំហែងដោយនុយក្លេអ៊ែរនិងមីស៊ីល" របស់ស.ប.បកូរ៉េ ក៏ដូចជាជំរុញសណ្ដាប់ធ្នាប់អន្តរជាតិសេរីនិងបើកចំហរ ផ្អែកលើច្បាប់។

មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា កិច្ចប្រជុំបានប្រព្រឹត្តទៅនៅពេលវេលាដ៏សមស្រប នៅពេលដែលកូរ៉េខាងត្បូង និងជប៉ុនបានធ្វើប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីកាលពីដើមឆ្នាំនេះ ដោយបានដោះស្រាយការខ្វែងគំនិតគ្នាទាក់ទងនឹងដែនដី និងប្រវត្តិសាស្ត្រ ដែលធ្លាប់បានប៉ះពាល់ដល់ទំនាក់ទំនងសន្តិសុខ និងពាណិជ្ជកម្ម។ លើសពីនេះ មេដឹកនាំនៃប្រទេសទាំងបីមានទស្សនៈស្រដៀងគ្នាលើបញ្ហាជាច្រើននៅតំបន់អាស៊ីឦសាន ដោយបានកំណត់យុទ្ធសាស្ត្រដោយឡែកសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ មេដឹកនាំទាំងបីសុទ្ធតែយល់ឃើញថា សម្ព័ន្ធភាពនិងទំនាក់ទំនងដ៏ស្អិតរមួត និងគួរឱ្យទុកចិត្តជាពិតប្រាកដ នឹងក្លាយជាមូលដ្ឋានអំណោយផលបំផុត ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវផែនការយុទ្ធសាស្រ្តនាពេលខាងមុខ។

ដាក់គ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការទូលំទូលាយនិងស៊ីជម្រៅ

យោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំទាំងបី នឹងពិភាក្សាអំពីបញ្ហាអាទិភាពនានាដែលប្រទេសទាំង ៣ យកចិត្តទុកដាក់ដូចជា៖ សន្តិសុខសេដ្ឋកិច្ច បច្ចេកវិទ្យាទើបលេចចេញ ជំនួយមនុស្សធម៌ និងកម្មវិធីអភិវឌ្ឍន៍; លើកឡើងវិធី "ធ្វើស្ថាប័នភាវូបនីយកម្ម” បន្ថែមទៀត នូវយន្តការក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងបី។ យន្តការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុង និងក្រៅតំបន់អាស៊ី។

អ្នកសម្របសម្រួលទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនៃសេតវិមានលោក Kurt Campbell បានចាត់ទុកថា កិច្ចប្រជុំគឺសំដៅស្វែងរកគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆតាដើម្បីរក្សាសន្ទុះរីកចម្រើននៃទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងបី។ លោក Kurt Campbell បានបញ្ជាក់ថា គោលដៅសំខាន់នៃកិច្ចប្រជុំកំពូលឯករាជ្យលើកដំបូង រវាងប្រទេសទាំងបីនៅឯជំរុំ David គឺដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការត្រីភាគី "កាន់តែទូលំទូលាយ ស៊ីជម្រៅ និងញឹកញាប់" ជាងមុន។

ក្នុងពេលជាមួយគ្នានោះ ថ្លែងមតិមុនពេលចេញដំណើរទៅកាន់សហរដ្ឋអាមេរិកនាថ្ងៃទី ១៧ ខែសីហា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបញ្ជាក់ថា នៅពេលដែលស្តង់ដារអន្តរជាតិដែលត្រូវបានបង្កើតឡើងដោយឈរលើសេរីភាព និងភាពបើកចំហ កំពុងរង្គោះរង្គើនោះ ទំនាក់ទំនងទ្វេភាគីរបស់ជប៉ុនជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលកំពុងស្ថិតនៅកម្រិតខ្លាំងបំផុត នឹងក្លាយជាមូលដ្ឋានគ្រឹះនៃឱកាសប្រវត្តិសាស្ត្រ ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងបី។

ជំរុំ David គឺជាទីកន្លែងដែលព្រឹត្តិការណ៍សំខាន់ៗជាច្រើនបានប្រព្រឹត្តទៅ ដូចជា៖ ជំនួបចរចាជាប្រវត្តិសាស្ត្រក្នុងសម័យសង្គ្រាមលោកលើកទី ២ រវាងមេដឹកនាំអាមេរិកនិងអង់គ្លេស ឬជំនួបចរចាសន្តិភាពរវាងមេដឹកនាំអ៊ីស្រាអែល និងប្រទេសជិតខាងអារ៉ាប់...។ ហើយសាធារណៈមតិនៅអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជឿជាក់ថា ជំរុំ David នឹងត្រូវបានកត់សម្គាល់ជាទីតាំងប្រវត្តិសាស្ត្រការទូតក្នុងសតវត្សទី ២១ ដែលបើកជំពូកថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគី នាំកិច្ចសហប្រតិបត្តិការអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ឡើងកំពស់ថ្មីមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ