កិច្ចប្រជុំកំពូល SCO - ស្វែងរកកិច្ចសហប្រតិបត្តិការនិងតុល្យភាពផលប្រយោជន៍

(VOVWORLD) - កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានប្រព្រឹត្តទៅក្នុងថ្ងៃទី ១៥ និងទី ១៦ ខែកញ្ញា នៅទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថានដោយមានការចូលរួមពីប្រមុខរដ្ឋចំនួន១៥រូបនិងថ្នាក់ដឹកនាំអង្គការអន្តរជាតិដែលមានកិច្ចសហប្រតិបត្តិការជាមួយ SCO។ ក្នុងបរិបទដែលស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់និងលើពិភពលោកកំពុងមានការប្រែប្រួលជាច្រើន ភាគីចូលរួមកិច្ចប្រជុំទាំងអស់ សុទ្ធតែមានអាកប្បកិរិយានិងការគិតគូរយុទ្ធសាស្ត្រខុសៗគ្នា ហើយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃអង្គការតំបន់នេះ។

កិច្ចប្រជុំកំពូល SCO - ស្វែងរកកិច្ចសហប្រតិបត្តិការនិងតុល្យភាពផលប្រយោជន៍ - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (ឆ្វេង) និងប្រធានរដ្ឋចិន លោក Xi Jinping ក្នុងជំនួបពិភាក្សានៅខាងក្រៅកិច្ចប្រជុំកំពូល SCO នៅទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន។ (រូបថត៖ AP)

កិច្ចប្រជុំ SCO លើកនេះបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ដំបូងបង្អស់គួរឲ្យកត់សម្គាល់ដូចជា៖ ការពិភាក្សាទល់មុខគ្នាជាលើកដំបូងរបស់មេដឹកនាំនៃប្រទេសជាសមាជិក SCO ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩កាលពីឆ្នាំ២០២០; លើកដំបូងដែលប្រធានរដ្ឋចិនលោក Xi Jinping ធ្វើដំណើរទៅក្រៅប្រទេសចាប់តាំងពីដើមឆ្នាំ ២០២០ ហើយជាលើកដំបូងដែលមេដឹកនាំទាំងពីរនៃប្រទេសចិននិងឥណ្ឌា ជួបមុខគ្នាចាប់តាំងពីការប៉ះទង្គិចគ្នានៅតាមព្រំដែនក្នុងឆ្នាំ ២០២០ ហើយជាពិសេស ព្រឹត្តិការណ៍លេចធ្លោនៃកិច្ចប្រជុំកំពូល SCO នៅទីក្រុង Samarkand គឺជាជំនួបលើកដំបូងរវាងមេដឹកនាំរុស្ស៊ីនិងចិន ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធានៅអ៊ុយក្រែន។ ជំនួបនេះមានសារៈសំខាន់ជាពិសេស ប្រសិនបើមើលទៅលើលក្ខណៈនៃស្ថានភាពអន្តរជាតិបច្ចុប្បន្ន។

រុស្ស៊ីនិងចិនបញ្ជាក់ទំនាក់ទំនងសម្ព័ន្ធភាព

អ្នកវិភាគជាច្រើនចាត់ទុកថា នេះជាឱកាសដើម្បីចិនបង្ហាញឥទ្ធិពលរបស់ខ្លួន ហើយដើម្បីឲ្យរុស្ស៊ីបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ដល់អាស៊ី នៅពេលដែលទីក្រុងម៉ូស្គូនិងប៉េកាំង សុទ្ធតែមានទំនាក់ទំនងតានតឹងជាមួយអាមេរិក។ លោកប្រធានាធិបតី Putin បានបញ្ជាក់ថា ជំនួបពិភាក្សាបានបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-ចិន ទាំងនៅលើមូលដ្ឋានទ្វេភាគី និងលើឆាកអន្តរជាតិ។ ចំណែកលោកប្រធានរដ្ឋ Xi Jinping បានបញ្ជាក់ថា ក្នុងនាមជាមហាអំណាចពិភពលោក ចិនត្រៀមខ្លួនជាស្រេចរួមជាមួយរុស្ស៊ី នាំពិភពលោកដែលកំពុងមើលឃើញការផ្លាស់ប្តូរដ៏ធំធេង ចូលទៅកាន់គន្លងនៃការអភិវឌ្ឍប្រកបដោយចីរភាពនិងវិជ្ជមាន។

ធ្វើអត្ថាធិប្បាយអំពីជំនួបនេះ បណ្ដាអ្នកជំនាញចាត់ទុកថា មេដឹកនាំទាំងពីរកំពុងចង់បញ្ជាក់ប្រការជាច្រើន។ ជំនួបកំពូលរុស្ស៊ី-ចិនមានសារៈសំខាន់ខ្លាំងក្នុងបរិបទតានតឹងជាមួយលោកខាងលិច។ ប្រទេសចិនបានបដិសេធយ៉ាងដាច់ខាតលើការរិះគន់ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ហើយប្រឆាំងជំទាស់នឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើរុស្ស៊ី។ ម្យ៉ាងវិញទៀតរុស្ស៊ីគាំទ្រចិនយ៉ាងខ្លាំងក្លាក្នុងបរិបទតានតឹងជាមួយអាមេរិក ក្រោយពីដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់ (ចិន) របស់ប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi។ ចំណែកលោក Putin កិច្ចប្រជុំកំពូល SCO គឺជាឱកាសដើម្បីបង្ហាញថា មិនអាចដាក់រុស្ស៊ីឲ្យនៅឯកោនៅលើឆាកអន្តរជាតិបានទេ នៅពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនកំពុងបន្ត។ ក្រៅពីនោះ រុស្ស៊ីត្រូវបានចាត់ទុកថា កំពុងចង់ស្វែងរកទីផ្សារថ្មីសម្រាប់ផលិតផលរុស្ស៊ី ឬស្វែងរកអ្នកផ្គត់ផ្គង់ថ្មីសម្រាប់មុខទំនិញដែលគេមិនអាចនាំចូលពីអឺរ៉ុបបានទៀតទេ។ ចំពោះលោក Xi Jinping នេះគឺជាឱកាសដើម្បីពង្រឹងមុខមាត់របស់លោក នៅមុនមហាសន្និបាតបក្សលើកទី២០នៅខែតុលាខាងមុខ។

ទោះបីជាទំនាក់ទំនងរុស្ស៊ី-ចិននៅតែមានការខ្វែងគំនិតគ្នាក៏ដោយ ប៉ុន្តែ ភាគីទាំងពីរមានការយល់ដឹងកាន់តែជ្រាលជ្រៅអំពីគោលដៅយុទ្ធសាស្ត្ររួម ជាពិសេសក្នុងការកសាងជញ្ជាំងប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅទ្វីបអាស៊ី។ ដូច្នេះហើយ ជំនួបរវាងលោកប្រធានរដ្ឋ Xi Jinping និងលោកប្រធានាធិបតី Putin លើកនេះ គឺជាឱកាសដើម្បីឲ្យភាគីទាំងពីរបង្ហាញដល់ពិភពលោកពីទំនាក់ទំនងសម្ព័ន្ធភាពរបស់គេ។

កិច្ចប្រជុំកំពូល SCO - ស្វែងរកកិច្ចសហប្រតិបត្តិការនិងតុល្យភាពផលប្រយោជន៍ - ảnh 2ព្រឹត្តិការណ៍លេចធ្លោនៅកិច្ចប្រជុំកំពូល SCO គឺជាជំនួបលើកដំបូងរវាងមេដឹកនាំនៃប្រទេសរុស្ស៊ី និងចិន។ (រូបថត៖ Reuters)

តួនាទីដ៏មានសក្តានុពលរបស់ SCO ក្នុងបរិបទថ្មី

ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០១ SCO ដោយមានការចូលរួមរបស់ប្រទេសឥណ្ឌា កាហ្សាក់ស្ថាន ចិន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី តាជីគីស្ថាន ប៉ាគីស្ថាន និងអ៊ូសបេគីស្ថាន។ អាហ្វហ្គានីស្ថាន បេឡារុស្ស អ៊ីរ៉ង់ និងម៉ុងហ្គោលី ចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ ខណៈដែលអាមេនី អាស៊ែបៃហ្សង់ កម្ពុជា នេប៉ាល់ ស្រីលង្កា និងតួកគី ជាប្រទេសដៃគូ។

នៅក្នុងបរិបទបច្ចុប្បន្ន SCO ត្រូវបានចាត់ទុកថា ជាមជ្ឈមណ្ឌលអំណាចថ្មីដែលកំពុងងើបឡើង ដែលស្រូបយក ២៥% នៃចំនួនប្រជាជនពិភពលោក និង ៦០% នៃផ្ទៃដីសរុបនៃអាស៊ីនិងអឺរ៉ុប។ ដូច្នេះហើយ SCO កំពុងទទួលបានការយកចិត្តទុកដាក់ពីប្រទេសជាច្រើនដែលដាក់ពាក្យសុំចូលជាសមាជិកផ្លូវការ អ្នកសង្កេតការណ៍ ឬដៃគូសន្ទនា។ នៅកិច្ចប្រជុំកំពូលលើកនេះ អ៊ីរ៉ង់ក៏បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់គ្នាដើម្បីចូលរួមអង្គការ SCO ផងដែរ។

ចូលរួម SCO ប្រទេសសមាជិកនីមួយៗ ប្រទេសសង្កេតការណ៍នីមួយៗ ឬដៃគូនីមួយៗ សុទ្ធតែប្រដេញតាមផលប្រយោជន៍រៀងៗខ្លួន។ ការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុង SCO អាចជួយចិននិងរុស្ស៊ីដោះស្រាយការលំបាកផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាច្រើន។ ក្នុងពេលជាមួយគ្នានោះ SCO ជាមួយប្រទេសសមាជិកផ្លូវការផ្សេងទៀត ការចូលរួមរបស់ប្រទេសថ្មីៗ មានន័យថា ការពង្រីកឥទ្ធិពលមិនត្រឹមតែក្នុងវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងនៅក្នុងនយោបាយពិភពលោកទៀតផង។ SCO កាន់តែពង្រីកតួនាទីក្នុងការរក្សាសន្តិសុខ និងស្ថិរភាពតំបន់ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជាសមាជិក ព្រមទាំងបង្កើនឥទ្ធិពលដោយឥតឈប់ឈរនៅលើឆាកអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ