ក្ដីជឿជាក់ទៅលើរាល់ការសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់ បក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់ បក្សកុម្មុយនិស្តវៀតណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមករាដល់ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ នៅរដ្ឋធានីហាណូយ។ នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់បក្ស ប្រជាជាតិ និងប្រទេសជាតិ ដោយមានអត្ថន័យតំរង់ទិសដៅសម្រាប់អនាគត បន្តជំរុញខ្លាំងលើគ្រប់ជ្រុងជ្រោយ ព្រមៗគ្នានូវការងារផ្លាស់ប្ដូរថ្មី សមាហរណកម្ម និងការអភិវឌ្ឍ។
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់ បក្សកុម្មុយនិស្តវៀតណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមករាដល់ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ នៅរដ្ឋធានីហាណូយ (រូបថត៖ baochinhphu.vn) |
នៅចំពោះព្រឹត្តិការណ៍ដ៏សំខាន់នេះ ប្រជាជនគ្រប់ស្រទាប់វណ្ណៈបានសម្ដែងក្ដីជឿជាក់ទៅលើរាល់ការសម្រេចចិត្ត ដែលត្រូវបានមហាសន្និបាតអនុម័ត ហើយបង្កើតជំហានលោតផ្លោះ នាំប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ។ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សបានធ្វើការពិភាក្សាគ្នា និងអនុម័តលើ៖ របាយការណ៍នយោបាយ; របាយការណ៍បូកសរុបស្តីពីការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរយៈពេល ១០ ឆ្នាំ ២០១១-២០២០ ការកសាងយុទ្ធសាស្ត្រសម្រាប់ដំណាក់កាល ២០២១-២០៣០; របាយការណ៍វាយតម្លៃលើលទ្ធផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០១៦-២០២០ និងទិសដៅ ភារកិច្ចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១-២០២៥ ជាដើម។ អង្គមហាសន្និបាតក៏នឹងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១៣ អាណត្តិ ២០២១ - ២០២៦ ផងដែរ។
ជឿជាក់ថា មហាសន្និបាតនឹងដាក់ចេញការសម្រេចចិត្តដ៏ត្រឹមត្រឹវ ដើម្បីបង្កើតចំណុចលោតផ្លោះ
លោក Nguyen Van Mui ពលរដ្ឋមួយរូប មកពីទីក្រុង Hai Phong មានជំនឿជាក់ថា មហាសន្និបាតលើកទី ១៣ នឹងដាក់ចេញរាល់ការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្កើតជំហានលោតផ្លោះក្នុងការអភិវឌ្ឍប្រទេសជាតិ |
លោក Nguyen Van Mui ពលរដ្ឋមួយរូប មកពីទីក្រុង Hai Phong បានឲ្យដឹងថា៖ ក្នុងអាណត្តិកន្លងទៅ ក្រោមការដឹកនាំរបស់បក្សនោះ ប្រទេសជាតិទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើន ពោលគឺ សេដ្ឋកិច្ចរបស់ប្រទេសជាតិមានការអភិវឌ្ឍ ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិត្រូវបានលើកកម្ពស់ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវបានជំរុញខ្លាំង ជីវភាពរស់នៅរបស់ប្រជាជនកាន់តែសម្បូរធូធារ សុភមង្គលជាងមុន។ ជាមួយនឹងជោគជ័យទាំងនេះ លោកមានជំនឿជាក់ថា មហាសន្និបាតលើកទី ១៣ នឹងដាក់ចេញរាល់ការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្កើតជំហានលោតផ្លោះក្នុងការអភិវឌ្ឍប្រទេសជាតិ។ វៀតណាមនឹងឈានទៅមុខ និងកាន់តែខ្លាំងមាំមួនថែមទៀត។ លោកស្រី Vuong Thi Lap ពលរដ្ឋមួយរូបមកពីខេត្ត Cao Bang មានបំណងថាថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនប្រជាជននៅឃុំ Co Ba ទទួលបានគោលនយោបាយជួយឧបត្ថម្ភសមស្របជាច្រើន។ ក្នុងមហាសន្និបាតលើកនេះ ខ្ញុំជឿជាក់ថា បក្ស រដ្ឋនឹងបន្តផ្ដល់ការយកចិត្តទុកដាក់ និងដាក់ចេញគោលនយោបាយដាច់ដោយឡែកសម្រាប់តំបន់ជនជាតិភាគតិច ឃុំ Co Ba និយាយដោយឡែក និងខេត្ត Cao Bang និយាយរួម ដើម្បីបងប្អូនជនជាតិអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន”។
រួមជាមួយប្រជាជននៅទូទាំងប្រទេសនោះ បងប្អូនជនជាតិភាគតិច និងអ្នកកាន់សាសនានៅតំបន់ដីសណ្តទន្លេ Cuu Long មានក្ដីជឿជាក់ទៅលើមហាសន្និបាតប្រកបដោយជោគជ័យ ហើយបន្តដាក់ចេញការសម្រេចចិត្តដឹកនាំប្រទេសជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ជនជាតិឲ្យកាន់តែរីកចម្រើន។ ព្រះតេជគុណ Thach Sok Xane អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម និងជាជាប្រធានសមាគមព្រះសង្ឃ សាមគ្គីភាពនិងស្នេហាជាតិ ខេត្ត Tra Vinh មានជំនឿចិត្តអំពីមហាសន្និបាតលើកទី ១៣ របស់បក្សមានពុទ្ធដីការថា “អាត្មាក៏ដូចជាជនរួមជាតិទាំងអស់គ្នាមានជំនឿជាក់យ៉ាងមុតមាំថា មហាសន្និបាតលើកទី ១៣ នឹងបន្តយកចិត្តទុកដាក់លើគោលនយោបាយជនជាតិ បន្តជួយឧបត្ថម្ភអ្នកមុខអ្នកការក្នុងការសិក្សារៀនសូត្រ ក៏ដូចជាពិធីបុណ្យទាននានាឲ្យបានសមស្របតាមទំនៀមទំលាប់វប្បធម៌ជនជាតិផងដែរ”។
ជំនឿជាក់របស់ប្រជាអាណិកជន
ផ្ទាងគំនូរអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស (រូបថត៖ TTXVN) |
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស ទទួលបានចំណាប់អារម្មណ៍របស់ប្រជាអាណិកជនយ៉ាងច្រើនកុះករនៅតាមប្រទេសជាច្រើន។ ប្រជាអាណិកជនជឿជាក់ទៅលើការដឹកនាំរបស់បក្ស ហើយមានគោលបំណងថា តាមរយៈមហាសន្និបាតនេះ នឹងជ្រើសរើសបានកម្មាភិបាលសក្ដិសម ដើម្បីដឹកនាំប្រទេសជាតិ។ លោក Nguyen Van Son ប្រជាអាណិកជនមួយរូប រស់នៅសាធារណរដ្ឋឆែកបានសម្ដែងថា៖ “មហាសន្និបាតត្រូវបានត្រៀមរៀបចំយ៉ាងហ្មត់ចត់។ បក្ខជននៅក្រៅប្រទេសមានសេចក្ដីសប្បាយរីយរាយណាស់ ហើយមានបំណងថា មហាសន្និបាតនឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ដើម្បីជ្រើសរើសកម្មាភិបាលដែលមាន លក្ខណៈសម្បត្តិពេញលេញក្នុងការដឹកនាំប្រទេសជាតិផងដែរ”។
ប្រជាជនវៀតណាមគ្រប់រូបសុទ្ធតែមានគោលបំណងថា ប្រទេសជាតិអភិវឌ្ឍន៍ដ៏សម្បូរុងរឿង និងសុភមង្គល ដែលជាបំណងប្រាថ្នារបស់ប្រជាជន។ ប្រជាជននៅក្នុង និងក្រៅប្រទេសបានស្រុះចិត្តគំនិតគ្នា ហើយមានជំនឿជាក់ និងក្ដីសង្ឃឹមទៅលើមហាសន្និបាតលើកទី ១៣ បានសរឲ្យឃើញនូវឋានៈ តួនាទីរបស់បក្សក្នុងដួងចិត្តប្រជាជន។ នេះក៏ជាកម្លាំងចលករស្មារតី ដើម្បីមហាសន្និបាតលើកទី ១៣របស់បក្សប្រព្រឹត្តិទៅប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ដើម្បីដឹកនាំប្រទេសជាតិឲ្យកាន់តែឈានឡើង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕