(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅអ៊ុយក្រែន រដ្ឋាភិបាលវៀតណាមបានដាក់ពង្រាយជើងហោះហើរដើម្បីដឹកពលរដ្ឋត្រឡប់មកប្រទេសវិញ ព្រមទាំងផ្ដល់ការជួយឧបត្ថម្ភជាកន្លែងស្នាក់នៅ អាហារនិងលក្ខខណ្ឌចាំបាច់ផ្សេងទៀតក្នុងអំឡុងពេលប្រជាពលរដ្ឋធ្វើដំណើរពីអ៊ុយក្រែនទៅប្រទេសជិតខាង ដើម្បីត្រឡប់មកវៀតណាមវិញ។ ការយកចិត្តទុកដាក់ដោយទាន់ពេលវេលានេះ បានរួមចំណែកជួយសហគមន៍វៀតណាមនៅអ៊ុយក្រែនកាត់បន្ថយការលំបាក រំលេចនូវគុណស្រ័យជនរួមជាតិ ហើយពង្រឹងចំណងសាមគ្គីភាពជាតិផងដែរ។
យោងតាមការធ្វើស្ថិតិ សហគមន៍ជនជាតិវៀតណាមនៅអ៊ុយក្រែននាបច្ចុប្បន្នមានមនុស្សប្រមាណ៧.០០០នាក់។ ក្នុងប៉ុន្មានថ្ងៃកន្លងមក វៀតណាមបានដាក់ពង្រាយជើងហោះហើរចំនួន៤ជើង (ជើងហោះហើរចំនួន២ត្រូវបានរដ្ឋឧបត្ថម្ភការចំណាយទាំងស្រុង ហើយជើងហោះហើរចំនួន២ទៀតត្រូវបានឧបត្ថម្ភដោយសហគ្រាស) ជួយដឹកប្រជាពលរដ្ឋវៀតណាមនិងក្រុមគ្រួសាររបស់គេចំនួនជាង១.១០០ នាក់នៅអ៊ុយក្រែនវិលត្រឡប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ថ្លែងនៅក្នុងជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមួយចំនួនអំពីការគាំពារពលរដ្ឋវៀតណាមនៅអ៊ុយក្រែន។ (រូបថត៖ VOV) |
ផ្តល់អាទិភាពខ្ពស់បំផុតដល់ការគាំពារប្រជាពលរដ្ឋ
ភ្លាមៗបន្ទាប់ពី ស្ថានការណ៍នៅអ៊ុយក្រែនមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ថ្នាក់ដឹកនាំវៀតណាមបានកំណត់ថា កង្វល់មួយក្នុងចំណោមកង្វល់និងអាទិភាពខ្ពស់បំផុត គឺការធានាសន្តិសុខនិងសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិ ផលប្រយោជន៍ស្របច្បាប់ ត្រឹមត្រូវសម្រាប់ប្រជាពលរដ្ឋនិងនីតិបុគ្គលនៅអ៊ុយក្រែន និងកន្លែងពាក់ព័ន្ធ។ អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមួយចំនួនអំពីការគាំពារពលរដ្ឋវៀតណាមនៅអ៊ុយក្រែន កាលពីថ្ងៃទី ៦ មីនា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ស្មារតីរួមក្នុងការដឹកនាំនោះគឺមិនត្រូវទុកឲ្យពលរដ្ឋវៀតណាមក្នុងតំបន់ប្រយុទ្ធត្រូវស្លាប់ឬរងរបួសឡើយ។ ដូច្នេះ ការងារគាំពារពលរដ្ឋត្រូវការយកចិត្តទុកដាក់ពិសេស។ ទន្ទឹមនឹងនោះ មិនត្រូវទុកឲ្យប្រជាជនអត់ឃ្លាននិងត្រជាក់ឡើយ។ ស្មារតីមនុស្សធម៌និងទំនួលខុសត្រូវគឺចាំបាច់បន្ទាន់ណាស់នាពេលបច្ចុប្បន្ន។ យើងត្រូវផ្តល់អាទិភាពខ្ពស់បំផុតដល់ការងារនេះ”។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងស្ថានភាពនៅអ៊ុយក្រែន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Pham Binh Minh។ លោកនាយករដ្ឋមន្ត្រីក៏បានចេញផ្សាយសារាចរណ៍ស្តីពីការគាំពារពលរដ្ឋនិងនីតិបុគ្គលវៀតណាមនិងបញ្ហាមួយចំនួនដែលត្រូវការយកចិត្តទុកដាក់នៅចំពោះមុខស្ថានភាពនៅអ៊ុយក្រែន; បញ្ជាដឹកនាំដើម្បីធានាសន្តិសុខនិងសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋនិងនីតិបុគ្គលវៀតណាមនៅអ៊ុយក្រែននិងកន្លែងពាក់ព័ន្ធ។ ទន្ទឹមនឹងនោះ កសាងផែនការជម្លៀសពលរដ្ឋនិងសមាជិកស្ថាប័នតំណាងប្រចាំនៅអ៊ុយក្រែន នៅពេលចាំបាច់ ហើយផ្តល់ជំនួយជាកន្លែងស្នាក់នៅ អាហារ និងលក្ខខណ្ឌចាំបាច់ផ្សេងៗទៀត។
លោក Nguyen Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប៉ូឡូញ ទទួលបងប្អូនជនរួមជាតិដែលបានជម្លៀសពីអ៊ុយក្រែនទៅកាន់ប៉ូឡួញ។ (រូបថត៖ ស្ថានទូតវៀតណាម) |
ទន្ទឹមនឹងការជូនពលរដ្ឋវៀតណាមមកប្រទេសវិញ គិតត្រឹមរសៀលថ្ងៃទី១២ ខែមីនា ស្ថាប័នតំណាងវៀតណាមបានទទួល បងប្អូនជនរួមជាតិជាង៤.៥០០នាក់ពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង។ ស្ថាប័នតំណាងបានសម្របសម្រួលជាមួយស្ថាប័នសមត្ថកិច្ចមូលដ្ឋាននិងសមាគមជនជាតិវៀតណាមនៅប្រទេសសាមី ដើម្បីទទួលស្វាគមន៍ រៀបចំមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅបណ្តោះអាសន្ន និងរបស់របរចាំបាច់សម្រាប់បងប្អូនជនរួមជាតិ ព្រមទាំងទទួលសំណុំឯកសារ ដោះស្រាយការជំពាក់ជំពិនខាងឯកសារ ដើម្បីឲ្យបងប្អូនជនរួមជាតិអាចបំពេញនីតិវិធីចាំបាច់យ៉ាងឆាប់រហ័ស ដើម្បីត្រឡប់មកប្រទេសវិញតាមជើងហោះហើរបន្ទាប់។ លោក Nguyen Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប៉ូឡូញនិងលីតវ៉ាបានឲ្យដឹងថា៖
“ប្រជាជនជាច្រើនពីអ៊ុយក្រែនទៅប៉ូឡូញមិនមានឯកសារគ្រប់គ្រាន់តាមបទប្បញ្ញត្តិរបស់ប៉ូឡូញឡើយ ដូចជាលិខិតឆ្លងដែនឬឯកសារអត្តសញ្ញាណផ្ទាល់ខ្លួន។ ស្ថានទូតវៀតណាមប្រចាំប៉ូឡូញបានធ្វើការជាមួយទីភ្នាក់ងារការពារព្រំដែនប៉ូឡូញដើម្បីជួយបងប្អូន។ យើងខ្ញុំក៏ធ្វើការផ្ទៀងផ្ទាត់រហ័សហើយធ្វើការសន្យាចំពោះទីភ្នាក់ងារការពារព្រំដែនប៉ូឡូញ ដើម្បីអនុញ្ញាតឲ្យបងប្អូនឆ្លងចូលប្រទេសក្នុងពេលឆាប់ៗផងដែរ”។
កម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅប៉ូឡួញជួយការងារនីតិវិធីឡើងយន្តហោះសម្រាប់បងប្អូនជនរួមជាតិ។ (រូបថត៖ VNA) |
លើកកំពស់ស្មារតីសាមគ្គីជាតិ
ការបញ្ជាដឹកនាំតាំងពីមុនយ៉ាងប្ដូរផ្ដាច់និងទាន់ពេលវេលារបស់ថ្នាក់ដឹកនាំវៀតណាម ការជួយឧបត្ថម្ភ ការបង្កលក្ខណៈងាយស្រួលទាំងអស់របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំបណ្តាប្រទេសដែលមានជើងហោះហើរមកវៀតណាម បាននាំមកនូវចំណាប់អារម្មណ៍ដ៏កក់ក្ដៅជូនបងប្អូនជនរួមជាតិក្នុងដំណើរការជម្លៀសចេញពីតំបន់ប្រយុទ្ធ។ អ្នកស្រី Luu Thi Hao (ខេត្ត Bac Giang) ពីអ៊ុយក្រែនត្រឡប់មកប្រទេសវិញ បានចែករំលែកថា៖
“ខ្ញុំរំភើបចិត្តណាស់ និយាយមិនចេញទេ សូមអរគុណរដ្ឋដែលបាននាំពួកយើងមកប្រទេសវិញប្រកបដោយសុវត្ថិភាព។ យើងខ្ញុំក៏សូមអរគុណដល់បងប្អូនជនរួមជាតិនៅរ៉ូម៉ានី ម៉ុលដូវ៉ាដែលបានជួយឧបត្ថម្ភយើងខ្ញុំក្នុងគ្រាលំបាកផងដែរ។ ខ្ញុំគិតថា មិនមានថ្ងៃដែលអាចវិលត្រឡប់មកស្រុកកំណើតវិញទេ ប៉ុន្តែដោយមានការជួយឧបត្ថម្ភពីស្ថានទូត សហគមន៍ជនជាតិវៀតណាមនៅតាមបណ្ដាប្រទេស ឥឡូវនេះយើងខ្ញុំមានវត្តមាននៅស្រុកកំណើតហើយ”។
ចំណែកឯអ្នកស្រី Nguyen Thi En (Nghe An) បានសម្ដែងចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖
“ខ្ញុំមានការសប្បាយរីករាយយ៉ាងក្រៃលែងដោយទទួលបានការជួយឧបត្ថម្ភរបស់រដ្ឋ ដើម្បីវិល ត្រឡប់មកស្រុកកំណើតវិញ។ ជាពិសេស សហគមន៍ជនជាតិវៀតណាមនៅឯបរទេសបានជួយឧបត្ថម្ភដោយអស់ពីចិត្តនូវអាហារ កន្លែងស្នាក់នៅនិងការធ្វើដំណើរ។ ជនជាតិវៀតណាមយើងទៅដល់ទីណា ក៏ទទួលបានការជួយទំនុកបម្រុង ស្រឡាញ់គ្នាទៅវិញទៅមកក្នុងគ្រាលំបាកដែរ។ ស្ថានទូតនៅតាមបណ្ដាប្រទេសក៏តែងតែបង្កលក្ខណៈងាយស្រួលដើម្បីជួយពួកយើងខ្ញុំផងដែរ”។
ក្នុងប៉ុន្មានថ្ងៃខាងមុខ នឹងមានជើងហោះហើរបន្ថែមទៀតដើម្បីដឹកពលរដ្ឋវៀតណាមពីអ៊ុយក្រែនវិលត្រឡប់មកប្រទេសកំណើតវិញ។ ដោយមានការបញ្ជាដឹកនាំដោយទាន់ពេលវេលារបស់ថ្នាក់ដឹកនាំវៀតណាម ការបែងចែកទំនួលខុសត្រូវជាមួយរដ្ឋរបស់អង្គភាពអាជីវកម្ម សមាគម ការងារគាំពារប្រជាពលរដ្ឋកំពុងត្រូវបានដំណើរការយ៉ាងសកម្ម តាមនោះបញ្ជាក់ពីស្មារតីមនុស្សធម៌ គុណស្រ័យជនរួមជាតិ ព្រមទាំងអះអាងថា ជនជាតិវៀតណាមនៅបរទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានរបស់ប្រជាជាតិវៀតណាមផងដែរ៕