ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖ នៅតែមានការវិវឌ្ឍន៍ដែលមិនអាចទាយទុកជាមុនបាន

(VOVWORLD) - ការដែលប្រធានាធិបតីអាមេរិក លោក Joe Biden ប្រកាសគួរឲ្យភ្ញាក់ផ្អើលថា លោកនឹងដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំនេះ បានដាក់គណបក្សប្រជាធិបតេយ្យស្ថិតក្នុងស្ថានភាពថ្មី ជាមួយនឹងផលវិបាកដែលពិបាកនឹងទាយទុកជាមុន។ នៅលើទិដ្ឋភាពទូទៅ ការសម្រេចចិត្តនេះបណ្តាលឱ្យការរត់ប្រណាំងទៅកាន់សេតវិមានចាប់ផ្តើមឡើងវិញតាំងពីដំបូងទី ហើយនៅតែមានការវិវឌ្ឍន៍ដែលមិនអាចទាយទុកជាមុនបាន។

ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖ នៅតែមានការវិវឌ្ឍន៍ដែលមិនអាចទាយទុកជាមុនបាន - ảnh 1ពីខាងឆ្វេង៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris និងប្រធានាធិបតីអាមេរិកលោក Joe Biden។ (រូបថត៖ Getty)

ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃទី ២១ ខែកក្កដាថា លោកបានសម្រេចចិត្តដកខ្លួនចេញពីការរត់ប្រណាំងសំដៅជាប់ឆ្នោតឡើងវិញជាមេដឹកនាំសហរដ្ឋអាមេរិក ហើយបានតែងតាំងអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ជាបេក្ខជនប្រធានាធិបតីជំនួស។

ស្ថានភាពថ្មីរបស់គណបក្សប្រជាធិបតេយ្យ

ប្រតិកម្មពីមជ្ឈដ្ឋាននយោបាយអាមេរិក អ្នកប្រាជ្ញអាមេរិក និងជុំវិញពិភពលោក ក៏ដូចជាប្រជាជនអាមេរិក គឺភាគច្រើនគាំទ្រការសម្រេចចិត្តដកខ្លួនចេញរបស់លោក Joe Biden ដោយវាយតម្លៃថានេះ ជាជម្រើសដ៏ពិបាក ប៉ុន្តែមានភាពក្លាហានរបស់លោកប្រធានាធិបតីអាមេរិកកំពុងកាន់អំណាច ក្នុងការដាក់ផលប្រយោជន៍អាមេរិក និងគណបក្សប្រជាធិបតេយ្យលើសផលប្រយោជន៍ផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះក៏ដាក់ណបក្សប្រជាធិបតេយ្យ និងឆាកនយោបាយអាមេរិកស្ថិតក្នុងស្ថានភាពដែលមិនធ្លាប់មានក្នុងរយៈពេល ៥៦ ឆ្នាំមកនេះ ចាប់តាំងពីអតីតប្រធានាធិបតី Lyndon Johnson បានដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ១៩៦៨។ ការសម្រេចចិត្តរបស់លោក Joe Biden អាចបង្កើតស្ថានភាពកាន់តែស្មុគស្មាញជាងនេះទៅទៀត ដោយសារតែលោក Joe Biden បានឈ្នះការបោះឆ្នោតបឋមទាំងអស់របស់គណបក្សប្រជាធិបតេយ្យ ហើយត្រឹមតែរង់ចាំទទួលការតែងតាំងជាផ្លូវការរបស់គណបក្សតែប៉ុណ្ណោះ។

យោងតាមលោកស្រី Barbara Perry សាស្ត្រាចារ្យសិក្សាអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅសាកលវិទ្យាល័យ Virginia (សហរដ្ឋអាមេរិក) ការសម្រេចចិត្តរបស់លោក Joe Biden មួយផ្នែកគឺមកពីហេតុផលផ្ទាល់ខ្លួន ប៉ុន្តែមួយផ្នែកផ្សេងទៀតក៏ជាការគិតគូយុទ្ធសាស្ត្ររបស់គណបក្សប្រជាធិបតេយ្យក្នុងការដោះកត្តាមិនអំណោយផលខាងអាយុ ដល់គូប្រជែង Donald Trump នៃគណបក្សសាធារណរដ្ឋ។

“ស្ថានភាពនេះកើតចេញពីការពិតដែលថា សហរដ្ឋអាមេរិកមានប្រធានាធិបតីវ័យចំណាស់មិនធ្លាប់មានពីមុនមក។ ខ្ញុំគិតថា ប្រការនោះជាផ្នែកមួយនៃហេតុផល ប្រហែលជាហេតុផលចម្បងដែលនាំឱ្យលោក Biden ដកខ្លួនចេញពីការរត់ប្រណាំង។ ប៉ុន្តែខ្ញុំក៏គិតថា ការសម្រេចចិត្តនេះពាក់ព័ន្ធនឹងលោក Donald Trump ដែរ ព្រោះឥឡូវនេះ លោកជាបេក្ខជនចាស់បំផុតដែលរត់ប្រណាំងទៅកាន់កៅអីប្រធានាធិបតីសហរដ្ឋអាមេរិក”។

ការវាយតម្លៃនេះគឺស្រដៀងគ្នានឹងការព្រួយបារម្ភពីសមាជិកគណបក្សសាធារណរដ្ឋមួយចំនួន។ យោងតាមលោកស្រី Rina Shah អតីតអ្នកយុទ្ធសាស្ត្រគណបក្សសាធារណរដ្ឋ បន្ទាប់ពីលោក Joe Biden ដកខ្លួន គណបក្សប្រជាធិបតេយ្យដណ្ដើមបានភាពម្ចាស់ការឡើងវិញ ដោយសារតែគេបានបង្កើតសន្ទុះថ្មីសម្រាប់ការរត់ប្រណាំងប្រធានាធិបតី ដោយទាក់ទាញការគាំទ្រយ៉ាងច្រើនពីមជ្ឈដ្ឋានអ្នកបោះឆ្នោតវ័យក្មេង អ្នកបោះឆ្នោតណ៌សម្បូរ អ្នកបោះឆ្នោតជនជាតិអាមេរិកឡាទីន ឬ អាស៊ីខាងត្បូង ដែលជាកងកម្លាំងមានសមានចិត្តចំពោះលោកស្រី Kamala Harris។ ដូច្នេះហើយ លោក Donald Trump នឹងជួបប្រទះនឹងបញ្ហាប្រឈមថ្មីៗ។

តើលោកស្រី Kamala Harris មានឱកាសអ្វីខ្លះ?

ក្នុងពេលនេះ រលកនៃការគាំទ្រពីគណបក្សប្រជាធិបតេយ្យ និងអ្នកបោះឆ្នោតអាមេរិកចំពោះលោកស្រី Kamala Harris កំពុងកើនឡើង។ ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងបន្ទាប់ពីការទទួលការតែងតាំងពីលោក Joe Biden លោកស្រី Kamala Harris បានរៃអង្គាសមូលនិធិបានចំនួន ៨១ លានដុល្លារអាមេរិកសម្រាប់យុទ្ធនាការបោះឆ្នោត ជាចំនួនជិតស្មើនឹងចំនួនសរុបដែលលោក Joe Biden ទទួលបានក្នុងរយៈពេលជាច្រើនខែ (៩៦ លានដុល្លារ)។ ជាពិសេស អនុប្រធានាធិបតីកំពុងកាន់អំណាចរូបនេះ ទទួលបានការគាំទ្រជាសាធារណៈពីអ្នកនយោបាយភាគច្រើនដែលមានឥទ្ធិពលបំផុតនៃគណបក្សប្រជាធិបតេយ្យ រួមទាំងអតីតប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi និងអភិបាលរដ្ឋចំនួន ៤ នៅតំបន់ភាគខាងលិចភូមិភាគកណ្ដាល ដែលតួនាទីសំខាន់នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកមុនៗ រួមមាន៖ រដ្ឋ Illinois រដ្ឋ Michigan រដ្ឋ Minnesota និង រដ្ឋ Wisconsin។

យោងតាមលោកសាស្ត្រាចារ្យ Mark Shanahan អ្នកជំនាញស្រាវជ្រាវនយោបាយអាមេរិកនៅសកលវិទ្យាល័យ Surrey (អង់គ្លេស) លោកស្រី Kamala Harris មានគុណសម្បត្តិលើសលុបជាងគូប្រជែងផ្សេងទៀត ដើម្បីទទួលបានការតែងតាំងជាផ្លូវការនៃគណបក្សប្រជាធិបតេយ្យ ប៉ុន្តែជឿជាក់ថា បើធៀបនឹងលោក Donald Trump លោកស្រី Kamala Harris និងគណបក្សប្រជាធិបតេយ្យ មានពេលតិចពេកដើម្បីធ្វើសកម្មភាព។

“នៅពេលដែលលោក Lyndon Johnson ដកខ្លួនចេញពីការរត់ប្រណាំងសម្រាប់ការបោះឆ្នោតឡើងវិញជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៦៨ លោកបានធ្វើការសម្រេចចិត្តនៅក្នុងខែមីនា។ ប៉ុន្តែឥឡូវនេះគឺជាចុងខែកក្កដាហើយ។ ខ្ញុំគិតថាវាគួរតែលឿនជាង ដើម្បីឲ្យលោកស្រី Kamala Harris  ឬបេក្ខជនណាមួយនៃគណបក្សប្រជាធិបតេយ្យ អាចបង្កើតសន្ទុះ និងមានឱកាសប្រកួតប្រជែងជាមួយលោក Donald Trump”។

លទ្ធផលនៃការស្ទង់មតិសាធារណៈថ្មីបំផុតនៅសហរដ្ឋអាមេរិកបង្ហាញថា មិនមានការផ្លាស់ប្តូរធំអ្វីទេ ក្នុងការគាំទ្ររបស់អ្នកបោះឆ្នោតអាមេរិកចំពោះបេក្ខជនសំខាន់នៃគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ បន្ទាប់ពីលោក Joe Biden បានដកខ្លួនចេញ។ ជាក់ស្តែង ទោះបីជាការគាំទ្រចំពោះលោកស្រី Kamala Harris បានកើនឡើងក៏ដោយ ក៏វានៅតែទាបជាងលោក Donald Trump ជាមធ្យម ២ ដល់ ៣ ពិន្ទុដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ