ការប្រឡងប្រណាំងស្នេហារជាតិបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការកសាងនិងការពារមាតុប្រទេស
(VOVWORLD) - ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ជាថ្ងៃគម្រប់រយៈពេល៧០ឆ្នាំដែលលោកប្រធានហូជីមិញចេញសេចក្ដីអំពាវនាវឲ្យប្រឡងប្រណាំងស្នេហារជាតិ។ ក្នុង ឱកាសនេះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានអត្ថបទសរសេរដោយចំណងជើងថា “ជំរុញខ្លាំងចលនាប្រឡងប្រណាំងស្នេហារជាតិ បង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសំដៅអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចកសាងនិងការពារមាតុប្រទេស”។ អ្នកនិពន្ធវិទ្យុសម្លេងវៀតណាមសូមដកស្រង់នូវខ្លឹមសារស្នូលៗមួយចំនួនៃអត្ថបទសរសេរនេះ។
ក្រោយពីបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥បានសម្រេចប្រកបដោយជោគជ័យមកប្រទេសវៀតណាមសាធារណៈរដ្ឋប្រជាធិបតេយ្យ ដែលជារដ្ឋរបស់វណ្ណៈកម្មករ កសិករដំបូងនៅអាស៊ីអាគ្នេយ៍ ត្រូវបានប្រសូត្រឡើង។ នាគ្រានោះ វៀតណាមត្រូវផ្ដោតសំខាន់ទៅលើភារកិច្ចជាបន្ទាន់នានានោះគឺ ប្រយុទ្ធប្រឆាំងនឹងសត្រូវនៅក្នុងនិងក្រៅប្រទេស ភាពក្រីក្រ អនក្ខរៈភាព និងការពារអំណាចបដិវត្តន៍។ ក្នុងសភាពការណ៍នោះ នាថ្ងៃទី១១ មិថុនា ឆ្នាំ១៩៤៨ លោកប្រធានហូជីមិញបានចេញសេចក្ដីអំពាវនាវឲ្យប្រឡងប្រណាំងស្នេហារជាតិ ក្នុងនោះលើកច្បាស់ថា៖ “កាតព្វកិច្ចរបស់ប្រជាជនវៀតណាមម្នាក់ៗនោះគឺធ្វើការងារណាក៏ដោយ ក៏ចាំបាច់ត្រូវប្រឡងប្រណាំងជាមួយគ្នាដែរ។ ធ្វើឲ្យបានលឿន ធ្វើឲ្យបានល្អ ធ្វើឲ្យបានច្រើន។ ការប្រឡងប្រណាំងស្នេហារជាតិនឹងជួយលុបបំបាត់ការព្រួយបារម្ភនិងឧបាយកលទាំងអស់របស់សត្រូវដើម្បីឈានទៅជ័យជំនះជាទីបំផុត”។
ការប្រឡងប្រណាំងស្នេហារជាតិបានបង្កើតកម្លាំងបដិវត្តន៍ដ៏ខ្លាំងក្លា
ចាប់ផ្ដើមអត្ថបទសរសេររបស់ខ្លួន ប្រធានរដ្ឋលោក Tran Dai Quang បានលើកត្រដែតនូវប្រសិទ្ធភាពដ៏ធំធេងរបស់ចលនាប្រឡងប្រណាំងស្នេហារជាតិក្នុងអំឡុង៧០ឆ្នាំកន្លងទៅចំពោះបុព្វហេតុបដិវត្តន៍វៀតណាម។ តាមលោកថា ក្នុងអំឡុង៧០ឆ្នាំកន្លងទៅ ការប្រឡងប្រណាំងស្នេហារជាតិបានក្លាយទៅជាចលនារបស់ប្រជាជនទាំងមូល ដែលរួមចំណែកបង្កើតឡើងកម្លាំងទូទៅរបស់ប្រជាជាតិ។
ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង អាចនិយាយដល់ចលនាប្រឡងប្រណាំងជាច្រើនដូចជា៖ ចលនា “កំចាត់សត្រូវអត់ឃ្លាន កំចាត់សត្រូវល្ងង់ខ្លៅ កំចាត់សត្រូវឈ្លានពាន” ឬចលនា “ពាងស្រូវក្នុងការតស៊ូ” ជាដើម របស់ប្រជាកម្មករ កសិករ បញ្ញាវ័ន្ត និងយុទ្ធជន។
ចំណែកឯក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងចក្រព្តិតអាមេរិកក្រោយនោះ បណ្ដាចលនាប្រឡងប្រណាំងស្នេហារជាតិបានរីកសាយភាយលើគ្រប់វិស័យ។ ចលនាប្រឡងប្រណាំងទាំងនេះ បានពង្រឹងជំនឿទុកចិត្តយ៉ាងខ្លាំងក្លាចំពោះជ័យជំនះ លើកទឹកចិត្តប្រជាជនគ្រប់ស្រទាប់ចូលរួមប្រយុទ្ធ ធ្វើពលកម្ម ផលិតកម្ម យ៉ាងសកម្មរួមចំណែកសំខាន់នាំប្រទេសជាតិទៅដល់ជ័យជំនះដ៏ត្រចះត្រចង់នានិទាឃរដូវឆ្នាំ១៩៧៥ រំដោះតំបន់ភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមប្រទេសជាតិ។
ជំរុញខ្លាំងចលនាប្រឡងប្រណាំងស្នេហារជាតិដើម្បីបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្មនិងសមាហរណកម្ម
ដើម្បីពង្រីកនូវសមិទ្ធផលដែលសម្រេចបានក្នុងចលនាប្រឡងប្រណាំងស្នេហារជាតិក្នុងអំឡុង៧០ឆ្នាំកន្លងមក ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា នាពេលខាងមុខ ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ ចាំបាច់ត្រូវកំណត់ការប្រឡងប្រណាំងស្នេហារជាតិគឺជាកម្លាំងចលករដ៏ធំធេងដើម្បីជំរុញបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្មនិងសមាហរណកម្មអន្តរជាតិ។
លោកប្រធានរដ្ឋចាត់ទុកថា ចាំបាច់ត្រូវរៀបចំចលនាប្រឡងប្រណាំងស្នេហារជាតិដោយផ្សាភ្ជាប់នឹងការងារកសាង ពង្រឹងបក្ស សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ ប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពខ្ជះខ្ជាយ។
ការប្រឡងប្រណាំងនិងជូនរង្វាន់ ចាំបាច់ត្រូវផ្តោតទៅលើសមាសភាព ពលករដែលចូលរួមដោយផ្ទាល់ក្នុងការធ្វើផលិតកម្ម អាជីវកម្ម ហើយយកចិត្តទុកដាក់ដល់ការប្រគល់ជូនរង្វាន់នៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន តំបន់កោះសមុទ្រនិងតំបន់ជនជាតិភាគតិច។ ម្ចាស់ការជូនរង្វាន់ចំពោះសមាសភាព បុគ្គលវៀតណាមនៅឯបរទេស និងមិត្តភក្តិអន្តរជាតិ ដែលមានការរួមវិភាគទានជាច្រើនទៅក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិ កសាង ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ។
បញ្ចប់អត្ថបទសរសេរ ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ធ្ងន់ថា ការប្រឡងប្រណាំងស្នេហារជាតិគឺជាកម្លាំងចលករដ៏ធំធេងដើម្បីជំរុញចលនាបដិវត្តន៍ ហើយជាវិធានការសំខាន់ដើម្បីកសាងមនុស្សថ្មីនៃលទ្ធិសង្គមនិយម។ សតិអារម្មណ៍ប្រឡងប្រណាំងស្នេហារជាតិរបស់លោកប្រធានហូជីមិញប្រាកដជាចែងចាំងពន្លឺជានិច្ច ដើម្បីដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល អនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុកសាងនិងការពារមាតុប្រទេសវៀតណាមសង្គមនិយម៕