ការពារទិន្នន័យឯកជន គឺជាកិច្ចការពារសិទ្ធិមនុស្ស​ក្នុងការផ្លាស់​ប្ដូរឌីជីថល​នៅ​វៀតណាម

(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបតែបានផ្សព្វផ្សាយអនុក្រឹត្យលេខ 13/2023/ND-CP ស្ដីពីកិច្ចការពារទិន្នន័យឯកជន ហើយអនុក្រឹត្យនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា។ នេះគឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីរួមចំណែកកសាងច្រករបៀងគតិយុត្តិ បម្រើដល់កម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិ ឆ្ពោះទៅក្រុមគោលដៅសន្តិសុខព័ត៌មាន និងអភិវឌ្ឍន៍សង្គមឌីជីថលដ៏ទូលំទូលាយ។ 
ការពារទិន្នន័យឯកជន គឺជាកិច្ចការពារសិទ្ធិមនុស្ស​ក្នុងការផ្លាស់​ប្ដូរឌីជីថល​នៅ​វៀតណាម - ảnh 1ប្រភព៖ Tealicious

អនុក្រឹត្យនេះទទួលស្គាល់យ៉ាងទូលំទូលាយរាល់សិទ្ធិជាមូលដ្ឋានរបស់បុគ្គលជាម្ចាស់កម្មវត្ថុទិន្នន័យ កំណត់លក្ខខណ្ឌបច្ចេកទេស និងគតិយុត្តសម្រាប់សហគ្រាសធ្វើចំណាត់ការ និងគ្រប់គ្រងទិន្នន័យរបស់ពលរដ្ឋវៀតណាម កំណត់មុខងារ និងសិទ្ធិអំណាចរបស់ស្ថាប័នទទួលបន្ទុកការពារទិន្នន័យឯកជននៅវៀតណាម និងដាក់ចេញសំណើពិសេសចំពោះការធ្វើចំណាត់ការទិន្នន័យឯកជនឆ្លងដែន។ ដោយមានបទប្បញ្ញត្តិជាក់លាក់ និងលម្អិត អនុក្រឹត្យនេះគឺជាខែលថ្មីមួយក្នុងការការពារសិទ្ធិមនុស្សនៅវៀតណាមយ៉ាងពិតប្រាកដ។

អនុក្រឹត្យបានដាក់ចេញនិយមន័យ “ទិន្នន័យឯកជនគឺជាព័ត៌មានក្នុងទម្រង់ជានិមិត្តសញ្ញា អក្សរ លេខ រូបភាព សំឡេង ឬទម្រង់ស្រដៀងគ្នានៅលើបរិយាកាសអេឡិចត្រូនិច ដែលផ្សារភ្ជាប់នឹងបុគ្គលជាក់លាក់ ឬជួយកំណត់អត្តសញ្ញាណបុគ្គលណាមួយ”។ ប្រការលេចធ្លោថ្មីគឺ អនុក្រិតនេះបានទទួលស្គាល់ជាលើកដំបូងនូវនិយមន័យ "ទិន្នន័យឯកជនរសើប" ដើម្បីបែងចែកទិន្នន័យរសើប បើធៀបនឹងទិន្នន័យធម្មតា។ ការទទួលស្គាល់នេះឆ្លុះបញ្ចាំងពីភាពស្របគ្នានៃច្បាប់វៀតណាម ជាមួយច្បាប់នានាស្ដីពីកិច្ចការពារទិន្នន័យឯកជននៃតំបន់យុត្តាធិការផ្សេងទៀតនៅលើពិភពលោក ហើយបង្កើតបុព្វបទដើម្បីដាក់ចេញសំណើរគតិយុត្តនៅកម្រិតខ្ពស់ សំដៅការពារទិន្នន័យឯកជនរសើប។

គួរកត់សម្គាល់ថា និយមន័យពីទិន្នន័យឯកជនរសើបដែលបានលើកឡើងគឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសិទ្ធិឯកជនរបស់បុគ្គល ដែលឆ្លុះបញ្ចាំងពីទស្សនវិទ្យាទាក់ទងនឹងសិទ្ធិការពារទិន្នន័យឯកជន ហើយត្រូវបានកសាងឡើងលើមូលដ្ឋានគ្រឹះនៃកិច្ចការពារសិទ្ធិឯកជន។

ការពារសិទ្ធិមនុស្សឲ្យបានល្អក្នុងយុគសម័យឌីជីថល

ទិន្នន័យឯកជនកំពុងក្លាយទៅជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ប្រតិបត្តិការនៃមុខរបរ សេវាអាជីវកម្មនានា ហើយកាន់តែមានតួនាទីដ៏សំខាន់ក្នុងវិស័យបង្កើតតម្លៃប្រាក់ចំណេញខ្ពស់នៅខឿនសេដ្ឋកិច្ចជាតិទាំងមូល។ តថភាពជាក់ស្ដែងនេះបានដាក់ចេញចំណោទសម្រាប់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព រវាងការប្រើប្រាស់ និងកិច្ចការពារទិន្នន័យឯកជន។ លោកស្រីបណ្ឌិត Nguyen Thi Hoa សាស្ត្រាចារ្យដេប៉ាតឺម៉ង់ច្បាប់អន្តរជាតិ នៃមហាវិទ្យាល័យច្បាប់ទីក្រុងហូជីមិញបាន វាយតម្លៃ៖

“នៅក្នុងបរិយាកាសឌីជីថលនាពេលបច្ចុប្បន្ននេះ ទិន្នន័យឯកជនអាចត្រូវរងការ"វាយប្រហារ" ហើយប្រើប្រាស់ក្នុងគោលបំណងខុសច្បាប់។ បច្ចុប្បន្ននេះ ច្បាប់មានវិធានការរដ្ឋប្បវេណី រដ្ឋបាល និងព្រហ្មទណ្ឌ ដើម្បីការពារទិន្នន័យឯកជន នៅចំពោះទង្វើរំលោភបំពាន។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានការជំពាក់ជំពិន ហើយមិនទាន់មានការឯកភាពគ្នាជាមួយបទបញ្ញត្តិថ្មីស្ដីពីកិច្ចការពារទិន្នន័យឯកជនឡើយ”។

ការពារទិន្នន័យឯកជន គឺជាកិច្ចការពារសិទ្ធិមនុស្ស​ក្នុងការផ្លាស់​ប្ដូរឌីជីថល​នៅ​វៀតណាម - ảnh 2លោក Ngo Vi Dong អនុប្រធានសម្ព័ន្ធសមាគមសន្តិសុខព័ត៌មានវៀតណាម

សុខដុមរមនាជាមួយអន្តរជាតិ ស្របតាមតថភាពជាក់ស្ដែងរបស់វៀតណាម

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានល្បឿនអភិវឌ្ឍន៍ និងប្រើប្រាស់អ៊ីនធឺណិតខ្ពស់បំផុតនៅលើពិភពលោក។ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅវៀតណាមមានប្រមាណ ៦៩ /១០០ លាននាក់។ វៀតណាមក៏កំពុងជំរុញខ្លាំងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរដ្ឋាភិបាលឌីជីថល ខឿនសេដ្ឋកិច្ចឌីជីថល ដោយមានការចូលរួមយ៉ាងទូលំទូលាយនៃវិស័យរដ្ឋបាល សុខាភិបាល ព្រហ្មទណ្ឌ អត្រានុកូលដ្ឋាន ពាណិជ្ជកម្មអេឡិចត្រូនិក ការអប់រំ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារជាដើម។  បច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ បញ្ញាសិប្បនិមិត្ត កុំព្យូទ័រពពក ទិន្នន័យធំ ទិន្នន័យលឿន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ បង្កើតតម្លៃដ៏ធំធេងដល់សង្គម។ អនុក្រិតលេខ 13/2023/ND-CP គឺជាមូលដ្ឋានគតិយុត្ត ជួយប្រជាជនមានការយល់ដឹងយ៉ាងល្អអំពីទិន្នន័យឯកជន និងកិច្ចការពារទិន្នន័យឯកជនក្នុងបរិបទ ដែលវៀតណាមបានបង្កើនការផ្លាស់ប្ដូរឌីជីថល។ លោក Ngo Vi Dong អនុប្រធានសម្ព័ន្ធសមាគមសន្តិសុខព័ត៌មានវៀតណាមបានវាយតម្លៃថា៖    “ខ្ញុំគិតថាអនុក្រឹត្យនេះត្រូវបានផ្សព្វផ្សាយ ហើយមនុស្សគ្រប់រូបចាំបាច់ត្រូវមានការយល់ដឹងអំពីអនុក្រិតនេះ។ ជាពិសេសយើងចាំបាច់ត្រូវមានការយល់ដឹងអំពីទិន្ន័យរបស់ខ្លួន ហើយត្រូវចេះការពារ និងប្រុងប្រយ័ត្ន។ បច្ចុប្បន្ននេះ យើងមិនអាចទប់ស្កាត់វាបានឡើយ បើសិនជាបុគ្គលគ្រប់រូបមិនមានការយល់ដឹងអំពីកិច្ចការពារខ្លួន”។

ការអនុវត្តអនុក្រឹត្យលេខ 13/2023/ND-CP នឹងជាបុព្វបទដ៏សំខាន់ ឆ្ពោះទៅការកសាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យឯកជន ដែលជាការបោះជំហានមួយដ៏ខ្ពស់ស្ដីពីកិច្ចការពារសិទ្ធិមនុស្សក្នុងដំណើការផ្លាស់ប្ដូរឌីជិថលរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ