ការពារអធិបតេយ្យភាពកោះសមុទ្រជាតិលើលំហអ៊ីនធឺណែត

(VOVWORLD) - នាពេលកន្លងទៅ ការដែលខ្សែភាពយន្តបរទេសមួយចំនួនត្រូវបានស្ថាប័នមានសមត្ថកិច្ចវៀតណាមចាត់ការយ៉ាងម៉ឺងម៉ាត់ ហាមឃាត់ការផ្សព្វផ្សាយលើវេទិកាអនឡាញនៅវៀតណាម ដោយសារតែមានខ្លឹមសារបំប្លែងប្រវត្តិសាស្ត្រ រំលោភបំពានលើអធិបតេយ្យភាពជាតិ បានទទួលការគាំទ្រ ការស្រុះចិត្តគំនិត និងការវាយតម្លៃខ្ពស់ពីសាធារណមតិ។

មិនត្រឹមតែស្ថាប័នមានសមត្ថកិច្ចប៉ុណ្ណោះទេ ថែមទាំងសហគមន៍សង្គមទាំងមូលក៏បានលើកកម្ពស់មនសិការទទួលខុសត្រូវក្នុងការរកឃើញ ចាត់ការយ៉ាងតឹងរឹងលើការរំលោភបំពានក្នុងវិស័យភាពយន្ត រួមចំណែកការពារអធិបតេយ្យភាពជាតិលើលំហអ៊ីនធឺណែត។

កាលពីថ្ងៃទី ៩ ខែកក្កដាកន្លងទៅ នាយកដ្ឋានភាពយន្តវៀតណាមបានចេញលិខិតលេខ ៨៧០ / DA-VP ផ្ញើជូនក្រុមហ៊ុន Netflix និងសារលិខិតលេខ ៨៧១ / DA-VP ផ្ញើរជូនក្រុមហ៊ុនភាគហ៊ុនទូរគមនាគមន៍ FPT ដែលតម្រូវឱ្យដកខ្សែភាពយន្ត Flight to you (Huong gio ma di) ផលិតដោយក្រុមហ៊ុនចិនមួយ។ សារលិខិតបានលើកច្បាស់ថា នាយកដ្ឋានភាពយន្តវៀតណាមបានត្រួតពិនិត្យខ្លឹមសារនៃខ្សែភាពយន្ត Flight to you  ដែលត្រូវបានផ្សព្វផ្សាយនៅលើលំហអ៊ីនធឺណែត ហើយបានឃើញរូបភាព "ខ្សែបន្ទាត់ ៩ ត្រេ" នៅលើផែនទីក្នុងទិដ្ឋភាពជាច្រើននៃខ្សែភាពយន្ត ជាមួយនឹងការសន្ទនានិងចំណងជើងថា "នឹងមានថ្ងៃមួយដែលផែនទីនេះទៅកាន់កន្លែងជាច្រើននៅលើពិភពលោក"។ សារលិខិតទាំងពីររបស់នាយកដ្ឋានភាពយន្តវៀតណាមសុទ្ធតែបានចង្អុលបង្ហាញថា ការប្រើប្រាស់រូបភាព "ខ្សែបន្ទាត់ ៩ ត្រេ" ខ្លឹមសារសន្ទនានិងចំណងជើងដូចនៅក្នុងខ្សែភាពយន្តគឺមិនត្រឹមត្រូវនោះទេ ហើយបានរំលោភបំពានលើអធិបតេយ្យភាពជាតិរបស់វៀតណាម រំលោភបទប្បញ្ញត្តិនៅប្រការ d មាត្រា ៩ នៃច្បាប់ភាពយន្តឆ្នាំ ២០២២ ដូច្នេះខ្សែភាពយន្តនេះមិនសមស្របសម្រាប់ការផ្សព្វផ្សាយនៅវៀតណាមនោះឡើយ។

ការពារអធិបតេយ្យភាពកោះសមុទ្រជាតិលើលំហអ៊ីនធឺណែត - ảnh 1រូបភាពនៃ"ខ្សែបន្ទាត់ ៩ ត្រេ" ក្នុងឈុតមួយនៃខ្សែភាពយន្ត Flight to you។ រូបថត៖ នាយកដ្ឋានភាពយន្ត

អ្នកកាសែត Viet Van សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យខ្សែភាពយន្តនៃក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានអត្ថាធិប្បាយថា៖ “បញ្ហានៅទីនេះ គឺចិនមានយុទ្ធសាស្ត្រឃោសនាអំពីរូបភាពខុសច្បាប់នោះ។ ពួកគេបានរៀបរាប់ម្តងហើយម្តងទៀតនៅក្នុងខ្សែភាពយន្តជាច្រើន ដោយប្រើរូបភាព "ខ្សែបន្ទាត់ ៩ ត្រេ" សំដៅប្រែក្លាយអ្វីដែលមិនសមហេតុផលនោះទៅជារឿងដែលធ្លាប់ស្គាល់។ មានខ្សែភាពយន្តជាច្រើនទៀត ដែលអាមេរិកសហការជាមួយចិន  ឬចិនធ្វើការរចនាពីក្រោយ ក៏មានរូបផាព "ខ្សែបន្ទាត់ ៩ ត្រេ" ដែរ”។

នៅក្នុងសារលិខិតពោលខាងលើ នាយកដ្ឋានភាពយន្តវៀតណាមបានស្នើឱ្យក្រុមហ៊ុន Netflix លុបចោលខ្សែភាពយន្ត Flight to you នៅអាស័យដ្ឋាន https://www.netflix.com និងកម្មវិធី Netflix; ស្នើរឲ្យក្រុមហ៊ុនភាគហ៊ុនទូរគមនាគមន៍ FPT លុបចោលខ្សែភាពយន្ត Flight to you នៅអាស័យដ្ឋាន https://fptplay.vn និងកម្មវិធី FPT Play។ អង្គភាពពាក់ព័ន្ធបានអនុវត្តយ៉ាងតឹងរឹងនូវសំណូមពររបស់នាយកដ្ឋានភាពយន្តវៀតណាម។

ជាក់ស្តែង Flight to you គឺជាខ្សែភាពយន្តបរទេសមួយដែលមានរូបភាពផែនទីជាមួយ "ខ្សែបន្ទាត់ ៩ ត្រេ" ខុសច្បាប់ ធ្វើឱ្យសាធារណជនមានការខឹងសម្បារ និងត្រូវបានស្ថាប័នមានសមត្តកិច្ចចាត់ការនាពេលថ្មីៗនេះ ដោយសារតែបង្កឱ្យមានការយល់ដឹងខុសឆ្គងអំពីអធិបតេយ្យភាពជាតិ រំលោភលើសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម។ មុននោះ ខ្សែភាពយន្ត Barbie របស់អាមេរិក ក៏ត្រូវបាននាយកដ្ឋានភាពយន្តវៀតណាមបដិសេធមិនផ្តល់អាជ្ញាប័ណ្ណសម្រាប់ផ្សព្វផ្សាយនៅវៀតណាម កាលពីដើមខែកក្កដាឆ្នាំ ២០២៣ ដោយសារតែមានផែនទីដែលមានរូបភាព "ខ្សែបន្ទាត់ ៩ ត្រេ” លេចឡើងជាច្រើនដងនៅក្នុងខ្សែភាពយន្តនេះ។ ក្នុងឆ្នាំ ២០១៨ ខ្សែភាពយន្ត “ភារកិច្ចសមុទ្រក្រហម” (Operation Red Sea) របស់ចិនត្រូវបានដកចេញពីរោងភាពយន្តនៅវៀតណាមពីព្រោះនៅក្នុង ២ នាទីចុងក្រោយ អ្នកផលិតខ្សែភាពយន្តបានដំឡើងរូបភាពមិនត្រឹមត្រូវទាក់ទិនដល់អធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម។

ការពារអធិបតេយ្យភាពកោះសមុទ្រជាតិលើលំហអ៊ីនធឺណែត - ảnh 2ត្រូវបង្កើនការឃោសនា និងអប់រំ  ដើម្បីប្រជាជនគ្រប់រូបសុទ្ធតែយល់ដឹងអំពីកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រជាតិក្នុងលំហអ៊ីនធឺណេត។ រូបថត៖ ឆ្មាំសមុទ្រវៀតណាម

អធិបតេយ្យភាពទឹកដីជាតិគឺពិសិដ្ឋ និងមិនអាចរំលោភបំពាន់បានឡើយ។ ទស្សនៈឥតងាករេរបស់បក្ស និងរដ្ឋវៀតណាមគឺគោរពឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពដែនដី និងផលប្រយោជន៍របស់ប្រទេសទាំងអស់ស្របតាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះ ស្នើឲ្យប្រទេសនានាគោរពឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពដែនដី រដ្ឋធម្មនុញ្ញ និងច្បាប់របស់វៀតណាម។ ដូច្នេះ រាល់សកម្មភាពរំលោភបំពាន់លើឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពដែនដីរបស់វៀតណាមសុទ្ធតែត្រូវបានទប់ស្កាត់ និងថ្កោលទោសយ៉ាងខ្លាំងក្លា។ លោកមេធាវី Hoang Viet សមាជិកគណៈកម្មការសិក្សាស្រាវជ្រាវច្បាប់សមុទ្រ និងកោះសមុទ្រចំណុះសហព័ន្ធមេធាវីវៀតណាមបានមានប្រសាសន៍ថា៖ “យើងត្រូវផ្ដន្ទាទោសយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើទាំងនេះ។ ខ្ញុំបានដឹងថាមានវិនិយោគិនចិនមកវៀតណាម ហើយប្រើប្រាស់លិខិតឆ្លងដែនដែលមានខ្សែបន្ទាត់ ៩ ត្រេ។ ក្នុងករណីនេះ មានធនាគារនានារបស់វៀតណាមបានប្រកាន់ខ្ជាប់កិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ ដូច្នេះគេបានបដិសេធមិនបម្រើវិនិយោគិនទាំងនោះ។ ប្រការនេះក៏ចាំបាច់ត្រូវពង្រីកដល់វិស័យវប្បធម៌ និងភាពយន្ត។ ពោលគឺប្រសិនបើមានផលប្រយោជន៍ខាងសេដ្ឋកិច្ច ប៉ុន្តែរំលោភបំពានលើអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាមគឺមិនអាចទទួលយកបានឡើយ។ ម៉្យាងវិញទៀត យើងក៏ចាំបាច់ត្រូវបង្កើនការឃោសនា និងអប់រំ  ដើម្បីប្រជាជនគ្រប់រូបសុទ្ធតែយល់ដឹងអំពីកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រជាតិក្នុងលំហអ៊ីនធឺណេតផងដែរ”។

ក្នុងបរិបទ ដែលបដិវត្តន៍ឧស្សាហកម្មទី ៤ កំពុងប្រព្រឹត្តិទៅនៅសកលលោក លំហអ៊ីនធឺណែតបានក្លាយទៅជាលំហយុទ្ធសាស្ត្រយ៉ាងពិតប្រាកដ ហើយត្រូវបានកំណត់ថាជា "លំហទី ៥ សមរភូមិទី ៥  តំបន់ទី ៥ របស់ប្រទេសជាតិ ដែនគោក ដែនអាកាស ដែនសមុទ្រ និងលំហចក្រវាឡ។ តាមនោះ ដាក់ចេញតម្រូវការថ្មីក្នុងបញ្ហាការពារអធិបតេយ្យភាពជាតិក្នុងលំហអ៊ីនធឺណិត។ ទាក់ទងនឹងវិស័យភាពយន្ត វត្តមាន និងនិន្នាការកើនឡើងនៃខ្សែភាពយន្តដែលមានរូបភាព និងខ្លឹមសារខុសឆ្គងអំពីព្រំដែន ដែនដី និងអធិបតេយ្យភាពកោះសមុទ្រគឺទាមទាររកឃើញ និងទប់ស្កាត់ឲ្យទាន់ពេលវេលា។ ទន្ទឹមនឹងវិធានការដ៏ខ្លាំងក្លារបស់ស្ថាប័នមានសមត្ថកិច្ចការចូលរួមរបស់សហគមន៍ទាំងមូលប្រឆាំងជំទាស់យ៉ាងប្ដូរផ្ដាច់រាល់ភាពយន្តដែលបំភ្លៃប្រវត្តិសាស្ត្រជាតិ និងអធិបតេយ្យភាពជាតិ នឹងធ្វើឱ្យផលិតផលភាពយន្ត ដែលមានខ្លឹមសារខុសឆ្គង មិនអាចស្ថិតស្ថិរបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ