ការរីកចម្រើនយ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម-សឹង្ហបុរី
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នៅថ្ងៃទី ១៧ កក្កដា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី ១៩ ខែកក្កដា។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣ ក្នុងបរិបទដែលប្រទេសទាំងពីររំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៧៣ - ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣) ព្រមទាំងធ្វើឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០១៣ មក។
រូបថត៖ VNA |
ចំណុចភ្លឺនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងសិង្ហបុរីជាមួយនឹងសមិទ្ធិផលជាច្រើនគឺជាចំណុចលេចធ្លោនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លើវិស័យពាណិជ្ជកម្មវិញ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២២ សម្រេចបានជាង ៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១០,១% បើធៀបនឹងឆ្នាំ ២០២១។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២២ សិង្ហបូរីនៅតែជាប់ចំណាត់ថ្នាក់ទី១ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាប់ចំណាត់ថ្នាក់ទីពីរក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង ១៤១ ដែលវិនិយោគនៅវៀតណាម។ សិង្ហបុរីមានគម្រោងវិនិយោគចំនួន ៣០៩៥ គម្រោង ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ៧០,៨ ពាន់លានដុល្លារអាមេរិក នៅតាមខេត្ត ក្រុងចំនួន ៥១/៦៣ របស់វៀតណាម។ ក្នុងពេលជាមួយគ្នានោះ វៀតណាមមានគម្រោងវិនិយោគចំនួន ១៤០ គម្រោងនៅសិង្ហបុរី ជាមួយនឹងទុនចុះបញ្ជីសរុបជាង ៥៨៦ លានដុល្លារអាមេរិក ដែលផ្តោតលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការលក់ដុំ លក់រាយ សារព័ត៌មាន និងទំនាក់ទំនង អចលនទ្រព្យ ឧស្សាហកម្មកែច្នៃនិងផលិត ជាដើម។
មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) គឺជានិមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយជោគជ័យរវាងប្រទេសទាំងពីរ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម។ បច្ចុប្បន្ននេះ មាន VSIP ចំនួន ១២ នៅខេត្តក្រុងចំនួន ៩ របស់វៀតណាម ដោយទាក់ទាញបានទុនវិនិយោគសរុបចំនួន ១៧,៦ ពាន់លានដុល្លារអាមេរិក បង្កើតការងារជូនពលករផ្ទាល់ជិត ៣០ ម៉ឺននាក់។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅសិង្ហបុរីក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអះអាងថា៖
“គំរូអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម VSIP គឺជាគំរូនៃកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរដែលយើងត្រូវពង្រីកយ៉ាងទូលំទូលាយ។ ការអភិវឌ្ឍដ៏ល្អប្រសើរនេះ គឺជាមូលដ្ឋានគ្រឹះ សម្រាប់វិនិយោគិនបន្តពង្រីកដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ដោយឈរលើគោលការណ៍ផលប្រយោជន៍ចុះសម្រុងគ្នា ការលំបាកចែករំលែកគ្នា”។
ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
ទន្ទឹមនឹងពាណិជ្ជកម្មនិងការវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ក៏ជាចំណុចលេចធ្លោក្នុងទំនាក់ទំនងរវាងវៀតណាម និងសិង្ហបុរីផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល វៀតណាម លោក Nguyen Huu Do នៅពេលអមដំណើរនាយករដ្ឋមន្ត្រី លោក Pham Minh Chinh បំពេញទស្សនកិច្ចនៅសិង្ហបុរីក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ បានចែករំលែកថា៖
“តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការនេះ សិស្សានុសិស្សជាច្រើនបានយល់ដឹងអំពីប្រទេសសិង្ហបុរី ហើយសិស្សជាច្រើនបានទទួលអាហារូបករណ៍ទៅសិក្សានៅសិង្ហបុរី។ សង្ឃឹមថា ក្រសួងអប់រំនិងបណ្តុះបណ្តាលនៃប្រទេសទាំងពីរនឹងពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ជំនួសឲ្យកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ២០១៧។ ដូច្នេះហើយ យើងនឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ភាគច្រើនគឺការបណ្តុះបណ្តាលគ្រូបង្រៀន កែលម្អយន្តការគ្រប់គ្រង អភិបាលកិច្ចសាលារៀន និងវិធីសាស្រ្តបង្រៀនតាមទិសដៅផ្ដោតសំខាន់លើលក្ខណៈសម្បត្តិនិងសមត្ថភាពរបស់សិស្ស”។
នាបច្ចុប្បន្ន វៀតណាមនិងសិង្ហបុរីកំពុងសហការគ្នាយ៉ាងជិតស្និទ្ធនៅអង្គការ និងវេទិកាពហុភាគីនានា ដូចជាអង្គការសហប្រជាជាតិ អាស៊ាន វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក៏ដូចជាក្នុងបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ ភាគីទាំងពីរក៏បានខិតខំប្រឹងប្រែងទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលភាគីទាំងពីរជាសមាជិក ដើម្បីចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងដំណើរការស្ដារសេដ្ឋកិច្ចតំបន់ឡើងវិញក្រោយជំងឺរាតត្បាត។
បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបុរី
នៅក្នុងដំណើរការអភិវឌ្ឍន៍ជាបន្តបន្ទាប់ សិង្ហបុរីជានិច្ចកាលស្វែងរកទិសដៅ និងវិធីសាស្ត្រថ្មីៗ ដើម្បីបង្កើនកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច; តភ្ជាប់សេដ្ឋកិច្ចជាតិជាមួយតំបន់និងពិភពលោកដើម្បីបង្កើតឱកាសបន្ថែមទៀតសម្រាប់ខ្លួនឯង។ ក្នុងពេលជាមួយគ្នានោះ វៀតណាមបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ធ្វើពិពិធកម្មនិងពហុភាគីភាវូបនីយកម្មនូវទំនាក់ទំនងកិច្ចការបរទេស; ជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវក្នុងសហ
គមន៍អន្តរជាតិ ហើយបង្កើនសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយនិងស៊ីជម្រៅ។ រួមជាមួយនឹងការជឿទុកចិត្តខាងនយោបាយរវាងថ្នាក់ដឹកនាំ ការយោគយល់គ្នាទៅវិញទៅមក និងវប្បធម៌ស្រដៀងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ បានបង្កើតឡើងផលប្រយោជន៍ដូចគ្នាក្នុងការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពរវាងភាគីទាំងពីរ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីបង្កើតឱកាសថ្មីសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យនានាដូចជា៖ ថាមពលកកើតឡើងវិញ សន្តិសុខតាមអ៊ីនធឺណិត បរិស្ថាន ការអប់រំ-បណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្ស។ ទន្ទឹមនឹងនោះ ពង្រីកទៅកាន់វិស័យសំខាន់ៗនៃយុគសម័យឧស្សាហកម្ម ៤.០ ដូចជា សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងសេដ្ឋកិច្ចបៃតងជាដើម។
ការតភ្ជាប់និងកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាអភិវឌ្ឍន៍ គឺជាការទាមទារនិងតម្រូវការនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីនាបច្ចុប្បន្ន។ ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីរបស់រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son នឹងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលកំពុងអភិវឌ្ឍន៍យ៉ាងស្វាហាប់ និងខ្លាំងក្លាលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕