ការវាយប្រហារដោយមីស៊ីលនៅទូទាំងមជ្ឈឹមបូព៌ា គ្រោះអាសន្នជម្លោះ រីករាល​​ដាលនៅតំបន់ជាច្រើន

(VOVWORLD) - ការវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់សំដៅទៅលើស៊ីរី លីបង់ អ៊ីរ៉ាក់ យេម៉ែន និងការវាយប្រហារតាមផ្លូវអាកាសទៅវិញទៅមករវាងអ៊ីរ៉ង់ និងប៉ាគីស្ថានកំពុងជំរុញភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា - អាស៊ីខាងត្បូងឡើងខ្ពស់ជាងពេលណាៗទាំងអស់ ដែលធ្វើឱ្យជម្លោះពីតំបន់ហ្គាហ្សាមានគ្រោះអាសន្នរីករាលដាលលើតំបន់ជាច្រើន។

នាថ្ងៃទី ២០ ខែមករា អ៊ីរ៉ង់បានឲ្យដឹងថា យ៉ាងហោចណាស់ទីប្រឹក្សាជាន់ខ្ពស់ នេះចំនួន ៤ នាក់របស់ប្រទេសនេះត្រូវស្លាប់ក្នុងការវាយប្រហារដោយមីស៊ីលនៅរដ្ឋធានី Damascus ស៊ីរី។ ទីក្រុងតេអេរ៉ង់បានសង្ស័យថា ការវាយប្រការនេះពាក់ព័ន្ធនឹងអ៊ីស្រាអែល ហើយប្រកាសនឹងឆ្លើយតបវិញ។

អំពើហិង្សាឡើងជណ្ដើម

ប៉ុន្មានម៉ោងក្រោយពីការវាយប្រហារតាមជើងអាកាសនៅរដ្ឋធានី Damascus ការវាយប្រហារដោយយន្តហោះដ្រូន (UAV) បានប្រព្រឹត្តិទៅនៅទីក្រុងកំពង់ផែ Tire ភាគខាងត្បូងលីបង់ បណ្ដាលឲ្យមនុស្សចំនួន ២ នាក់ ដែលត្រូវបានចាត់ទុកថាជាសមាជិកនៃកងកម្លាំង Herzbollah បានស្លាប់។ ដូចទៅនឹងករណីវាយប្រហារតាមជើងអាកាសនៅ រដ្ឋធានី Damascus កងទ័ពអ៊ីស្រាអែលត្រូវបានចោទប្រកាន់ថានៅពីក្រោយការវាយប្រហារនេះ។ នាថ្ងៃ ទី២០ ខែមករា ដដែល ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធនៅអ៊ីរ៉ាក់ ដែលត្រូវបានចាត់ទុកថាគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារដោយមីស៊ីល និងគ្រាប់រ៉ុក្កែតលើមូលដ្ឋានទ័ពអាកាស al-Asad របស់អាមេរិក បណ្តាលឲ្យកងទ័ពអាមេរិកមួយចំនួនត្រូវរងរបួស។

ក្នុងអំឡុងពេលនោះ នៅសមុទ្រក្រហម កងកម្លាំងចម្រុះអាមេរិក-អង់គ្លេស បានរក្សាការវាយប្រហារតាមជើងអាកាសលើកងកម្លាំង Houthi នៅយេម៉ែន ហើយដើម្បីឆ្លើយតបទៅនឹងពួក Houthi ដែលបានវាយប្រហារ និងបំផ្លាញនាវាដឹកទំនិញ Zografia ដែលមានទង់ក្រិក កាលពីថ្ងៃទី ១៦ ខែមករា ហើយបន្តតម្រង់គោលដៅលើនាវាយោធាអាមេរិក-អង់គ្លេស។

ព្រឹត្តិការណ៍ទាំងនេះបណ្ដាលឲ្យភ្លក់ភ្លើងជម្លោះនៅតំបន់ហ្គាហ្សាមានគ្រោះអាសន្នរីករាលដាលចេញពីការគ្រប់គ្រង។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស (ស្វីស) កាលពីសប្តាហ៍មុន វិបត្តិមជ្ឈិមបូព៌ាគឺជាប្រធានបទមួយក្នុងការពិភាក្សាដ៏តាងតឹងបំផុត ដែលធ្វើឲ្យមន្ត្រីជាច្រើនមកពីបណ្តាប្រទេសអារ៉ាប់បង្ហោះសារយ៉ាងខ្លាំងក្លាអំពីការដែលបណ្ដាប្រទេសលោកខាងលិចចាំបាច់ត្រូវដាក់សម្ពាធបង្ខំឲ្យអ៊ីស្រាអែល បញ្ឈប់ជម្លោះនៅហ្គាហ្សាឱ្យបានឆាប់ៗ មុនពេលវាយឺតពេល។ យោងតាមរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតលោក Faisal Bin Farhan Al Saud ភាពតានតឹងនៅក្នុងតំបន់បានឈានដល់កម្រិតដ៏គ្រោះថ្នាក់ ហើយចំណុចសំខាន់នៅតែស្ថិតនៅក្នុងតំបន់ហ្គាហ្សា ពោលគឺមិនមែននៅសមុទ្រក្រហមឡើយ៖ “យើងចាំបាច់ត្រូវផ្ដោតសំខាន់លើការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា មិនមែនដោយសារបញ្ហាសមុទ្រក្រហមឡើយ ពោលគឺដោយសារផលប៉ះពាល់របស់វាដល់ប្រជាជនប៉ាឡេស្ទីន ជាពិសេសគឺសន្តិសុខក្នុងតំបន់ ក៏ដូចជាគ្រោះអាសន្នឡើងជណ្ដើដែលវាបង្កឡើងផងដែរ”។

ការវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់ក៏ធ្វើឲ្យយថាទស្សន៍បង្កើតដំណោះស្រាយនយោបាយ ការទូតក្នុងតំបន់មានភាពអាប់អួរផងដែរ។ ក្រោយពីសេចក្តីប្រកាសកាលពីថ្ងៃទី ១៩ មករារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលថារដ្ឋាភិបាលរបស់លោកប្រឆាំងជំទាស់នឹងការបង្កើតរដ្ឋប៉ាឡេស្ទីន ដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ាមានគ្រោះអាសន្នទាល់ច្រក។ នៅទីក្រុង Davos ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីតបានអះអាងម្តងហើយម្តងទៀតថានឹងមិនមានការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែលឡើយ ប្រសិនបើជម្លោះនៅតំបន់ហ្គាហ្សាមិនបានបញ្ឈប់ ហើយដំណោះស្រាយរដ្ឋពីរត្រូវបានអនុវត្តន៍។  សម្ព័ន្ធមិត្តលោកខាងលិចភាគច្រើនរបស់អ៊ីស្រាអែលក៏មិនគាំទ្រទស្សនៈដ៏តឹងតែងរបស់អ៊ីស្រាអែលដែរ។ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងគោលនយោបាយកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បានមានប្រសាសន៍ថា៖ “ខ្ញុំមានទស្សនៈផ្សេង។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏មានទស្សនៈផ្សេង ហើយលោកបានបញ្ជាក់យ៉ាងច្បាស់លាស់ថា អ៊ីស្រាអែលនិយាយថា " មិនចង់បានដំណោះស្រាយនេះឡើយ" គឺមិនអាចទទួលយកបានឡើយ ព្រោះថា នេះគឺជាដំណោះស្រាយដែលត្រូវបាន អង្គការសហប្រជាជាតិអនុម័តជាមួយសហគមន៍អន្តរជាតិទាំងមូលផងដែរ“។

គ្រោះអាសន្នកើតមានជម្លោះថ្មី

ការដែល អ៊ីរ៉ង់ និងប៉ាគីស្ថានបានបង្កភាពតានតឹង ហើយមានសកម្មភាពយោធាសំដៅដោយផ្ទាល់ទៅលើទឹកដីរបស់គ្នាទៅវិញទៅមក បានធ្វើឱ្យក្រុមអ្នកសង្កេតការណ៍ភ្ញាក់ផ្អើល ព្រោះថា ប្រសិនបើជម្លោះដោយផ្ទាល់ទាំងនេះឡើងជណ្ដើរ ផលវិបាកនឹងធ្ងន់ធ្ងរខ្លាំងណាស់ចំពោះប្រទេសទាំងពីរ និងតំបន់ ព្រោះថា អ៊ីរ៉ង់ និងប៉ាគីស្ថានសុទ្ធតែជាប្រទេសមហាអំណាចយោធាក្នុងតំបន់ ហើយមានកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។ លោក Abdullah Khan អ្នកជំនាញមកពីវិទ្យាស្ថានសិក្សាជម្លោះ និងសន្តិសុខប៉ាគីស្ថាន បានវិភាគថា៖ “ប្រតិកម្មដំបូងពីភាគីអ៊ីរ៉ង់ ក្រោយពីការតបតវិញរបស់ប៉ាគីស្ថានបានសរឲ្យឃើញថាអ៊ីរ៉ង់ប្រហែលជានឹងមិនធ្វើប្រតិបត្តិការបន្ថែមទៀតនៅក្នុងទឹកដីប៉ាគីស្ថានឡើយ ប៉ុន្តែមិនអាចរំលងប្រការណាមួយឡើយ។ ប្រការណាមួយអាចកើតមានឡើង ហើយអាចធ្វើឲ្យភាពតានតឹងឡើងជណ្ដើរ និងជម្លោះរីករាលសាល់។ ប្រការទាំងពីរនេះសុទ្ធតែអាចកើតឡើងផងដែរ“។

យោងតាមអ្នកជំនាញ Suzanne Maloney អនុប្រធានស្ថាប័ន Brookings (សហរដ្ឋអាមេរិក) បានឲ្យដឹងថា ការព្រួយបារម្ភផ្នែកសន្តិសុខដ៏ធំបំផុតនៅក្នុងតំបន់នៅតែជាជម្លោះដែលទាក់ទងដោយផ្ទាល់ទៅនឹងការវិវឌ្ឍនៅតំបន់ហ្គាហ្សា ជាក់ស្ដែងគឺភាពតានតឹងឡើងជណ្ដើរនៅសមុទ្រក្រហម និងគ្រោះអាសន្នផ្ទុះជម្លោះផ្ទាល់រវាងអ៊ីស្រាអែល និងកងកម្លាំង Hezbollah នៅលីបង់ ដែលកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងបរិបទ ដែលការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា មិនទាន់មានសញ្ញាបញ្ឈប់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ