ការសន្យានិងការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី ថ្ងៃទី២៣ ខែឧសភា ខាងមុខនេះ ម្ចាស់ឆ្នោត ជាង ៦៩ លាននាក់នឹងទៅអនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចជាពលរដ្ឋរបស់ខ្លួន ដោយការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦។ ការដែលបេក្ខជនសមាជិកសភាអនុវត្តន៍ជាក់ស្តែងនូវការសន្យានិងផែនការសកម្មភាពរបស់ខ្លួន នឹងចូលរួមចំណែកក្នុងការបញ្ជាក់ពីកិត្យានុភាពរបស់ស្ថាប័នជាប់ឆ្នោតនៅក្នុងដួងចិត្តរបស់ប្រជាជន។

ក្នុងការបោះឆ្នោតនាថ្ងៃទី ២៣ ឧសភាខាងមុខនេះ ម្ចាស់ឆ្នោតនឹងបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាចំនួន ៥០០ រូប និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ចំនួន ៣.៧២៧ រូប។ ដើម្បីក្លាយជាសមាជិកសភា បេក្ខជនម្នាក់ៗ ត្រូវឆ្លងកាត់នីតិវិធីជាច្រើនជំហានដោយការពិគ្រោះយោបល់ចំនួន ៣ ជុំ។ ទាំងអស់នេះ គឺជាជំហានសម្រាប់ជ្រើសតាំងអ្នកតំណាងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងជាបុគ្គលគំរូពិតប្រាកដ។

មាត្រា ២១ នៃច្បាប់ ស្តីពីការរៀបចំរដ្ឋសភាបានចែងយ៉ាងច្បាស់ថា៖ សមាជិករដ្ឋសភាគឺជាបុគ្គលដែលតំណាងឲ្យឆន្ទៈនិងសេចក្តីប្រាថ្នារបស់ប្រជាជន នៅក្នុងមណ្ឌលបោះឆ្នោតរបស់ខ្លួននិងរបស់ប្រជាជននៅទូទាំងប្រទេស ពោលគឺជាបុគ្គលដែលតាងនាមប្រជាជនដើម្បីប្រតិបត្តិអំណាចរដ្ឋនៅក្នុងរដ្ឋសភា។

ការសន្យានិងការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត - ảnh 1ទីក្រុងហាណូយដាក់ចេញផែនការជាក់លាក់ រៀបចំឲ្យម្ចាស់ឆ្នោតនៅតំបន់ធ្វើចត្តាឡីស័ក តំបន់បិទខ្ទប់ អនុវត្តន៍កាតព្វកិច្ចពលរដ្ឋរបស់ខ្លួន។ (រូបថត៖ VOV)

ច្បាប់ស្តីពីការរៀបចំក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនក៏បានចែងថា៖ សមាជិកក្រុមប្រឹក្សាប្រជាជនគឺជាបុគ្គលតំណាងឲ្យឆន្ទៈនិងសេចក្តីប្រាថ្នារបស់ប្រជាជនមូលដ្ឋាន ដែលជាគំរូក្នុងការប្រតិបត្តិច្បាប់ គោលនយោបាយរបស់រដ្ឋ ក៏ដូចជាចូលរួមឃោសនានិងចលនាប្រជាជនអនុវត្តន៍ច្បាប់និងគោលនយោបាយ រួមទាំងចូលរួមក្នុងការគ្រប់គ្រងរដ្ឋទៀតផង។

នៅថ្ងៃទី ៦ ខែមករាឆ្នាំ ១៩៤៦ ក្នុងការបោះឆ្នោតសកលដំបូងនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀត ណាម ដែលឥឡូវនេះជាសាធារណរដ្ឋសង្គមនិយមវៀតណាម លោកប្រធានហូជីមិញបានជាប់ឆ្នោតដោយសំឡេងគាំទ្រស្ទើរតែដាច់ខាត។ នៅក្នុងពិធីបន្ទាប់ពីការបោះឆ្នោតសកល លោកប្រធាន ហូជីមិញបានសន្យាថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឯករាជ្យភាព សេរីភាពនិងសុភមង្គលសម្រាប់ប្រទេសជាតិ។ ការសន្យានោះបានក្លាយទៅជាការពិតជាក់ស្ដែង។ នៅក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិនៅរដ្ឋធានី ក្នុងឱកាសអំណរជោគជ័យនៃសម័យប្រជុំលើកដំបូង រដ្ឋសភានីតិកាលទី ២ នាថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ១៩៦០ លោកប្រធានហូជីមិញក៏បានបញ្ជាក់ច្បាស់លាស់ថែមទៀត អំពីគុណសម្បត្តិរបស់សមាជិកសភា ដែលថា៖ “សមាជិកសភាទាំងអស់បានសន្យាជាមួយជនរួមជាតិថា ពេលដែលត្រូវបានជ្រើសតាំងជាបេក្ខជនសមាជិករដ្ឋសភា ដើម្បីក្លាយជាសមាជិករដ្ឋសភាមិនមែនធ្វើជាអ្នកមានមុខមាត់ទេ ត្រឹមតែជាអ្នកបម្រើដែលស្មោះត្រង់បំផុតរបស់ប្រជាជនប៉ុណ្ណោះ។ ពោលគឺ ជាការសន្យាជាមួយប្រជាជននូវអ្វីដែលខ្លួនត្រូវធ្វើឲ្យទាល់តែបាន។ ជាងនេះទៅទៀត នោះក៏ជាតម្រូវការដែល “ការនិយាយត្រូវដើរទន្ទឹមនឹងការអនុវត្ត”។

នាពេលកន្លងមក ចាប់ពីពេលដែលក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានប្រកាសពីបញ្ជីបោះឆ្នោតរហូតដល់មុនពេលបោះឆ្នោត ២៤ ម៉ោង បេក្ខជនសមាជិកសភានីតិកាលទី ១៥, បេក្ខជនសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ មានវិធីសាស្ត្រឃោសនាបោះឆ្នោតជាច្រើន ដោយមានការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតតាមប្រព័ន្ធ អនឡាញផងដែរ។ បេក្ខជនបានបង្ហាញនូវគម្រោងកម្មវិធីសកម្មភាពដើម្បីបំពេញការទទួលខុសត្រូវរបស់សមាជិកម្នាក់ៗប្រសិនបើជាប់ឆ្នោត។ ខ្លឹមសារជាក់ស្តែងសម្រាប់បង្ហាញចំពោះមុខម្ចាស់ឆ្នោត តែងតែផ្តោតលើបញ្ហាជុំវិញជីវភាពរស់នៅរបស់ប្រជាជនដូចជា៖ ការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម, គម្រោងនិងគោលនយោបាយទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ ប្រជាជនដែលមានគុណូបការៈ គ្រួសារគោលនយោបាយ ប្រជាជននៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិច  ព្រមទាំង គោលនយោបាយស្តីពីការគាំទ្រការងារ ការលើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាលជាដើម។

ម្ចាស់ឆ្នោតទាំងអស់សុទ្ធតែជឿជាក់ថា ប្រសិនបើខ្លួនជាប់ឆ្នោត អ្នកតំណាងទាំងនោះនឹងលើកកម្ពស់សមត្ថភាព លក្ខណៈសម្បត្តិ ទេពកោសល្យនិងបទពិសោធន៍ការងារ បំពេញតាមការសន្យាក៏ដូចជាទំនួលខុសត្រូវនិងភារកិច្ចជាបេក្ខភាពដែលបានជាប់ឆ្នោត។ អាជ្ញាធរមូលដ្ឋាន ប្រជាជននិងម្ចាស់ឆ្នោតនឹងជាអ្នកត្រួតពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពរបស់សមាជិកសភាផងដែរ។

ការសន្យានិងការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត - ảnh 2កងទ័ពការពារព្រំដែនខេត្ត An Giang ឧទ្ទេសនាមពីជីវប្រវត្តិរបស់បណ្ដាបេក្ខជនទៅកាន់កម្មាភិបាល យុទ្ធជន។ (រូបថត៖ VOV)

ក្នុងរយៈពេល ៧៥ ឆ្នាំនៃការអភិវឌ្ឍរបស់រដ្ឋសភាវៀតណាម តាមរយៈការបោះឆ្នោត ម្ចាស់ឆ្នោតទូទាំងប្រទេសបានបោះឆ្នោតជ្រើសរើសអ្នកតំណាងដែលសក្តិសមតាងនាមប្រជាជនអនុវត្តន៍សិទ្ធិតំណាងឲ្យឆន្ទៈ និងសេចក្តីប៉ងប្រាថ្នារបស់ប្រជាជននៅក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ អញ្ជើញថ្លែងមតិនៅឯពិធីជួបសំណេះសំណាលជាមួយសមាជិកសភាគ្រប់ជំនាន់ ក្នុងឱកាសគម្រប់ ខួប ៧៥ ឆ្នាំនៃការបោះឆ្នោតសកលលើកដំបូង  (៦ មករា ១៩៤៦-៦ មករា ២០២១) អតីតប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ ក្នុងរយៈពេល ៧៥ ឆ្នាំនៃការអភិវឌ្ឍ រដ្ឋសភាតែងតែមានការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ និងរួមដំណើរជាមួយប្រទេសជាតិ។ បើទោះបីជាស្ថិតក្នុងកាលៈទេសៈឬដំណាក់កាលប្រវត្តិសាស្ត្រណាមួយក៏ដោយ ក៏ សមាជិកសភាទាំងអស់ តែងតែបំពេញនូវទំនួលខុសត្រូវជាស្ថាប័នតំណាងប្រជាជនខ្ពស់បំផុត ដែលជាស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅចំពោះមុខថ្ងៃបោះឆ្នោត ទី ២៣ ឧសភា ដើម្បីបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១-២០២៦ ម្ចាស់ឆ្នោតនៅទូទាំងប្រទេស បន្តមានជំនឿចិត្តខ្ពស់លើបេក្ខជនម្នាក់ៗដែលអ្នកជាប់ឆ្នោតនឹងអនុវត្តន៍ជាក់ស្តែងរាល់សន្យានិងផែនការសកម្មភាពរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ