(VOVWORLD) - នៅវៀតណាម តាំងពីដើមដំបូងមក បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចសមូហភាព និងការអភិវឌ្ឍន៍សហករណ៍។ ថ្ងៃទី ១១ ខែមេសា ឆ្នាំ ១៩៤៦ ក្នុងគ្រាលំបាកនៃប៉ុន្មានថ្ងៃបង្កើតប្រទេស លោកប្រធានហូជីមិញបានសរសេរសំបុត្រ អំពាវនាវឲ្យម្ចាស់ដី និងកសិករវៀតណាមចូលរួមសហករណ៍កសិកម្ម។ លោកបញ្ជាក់ថា៖ “កសិករចង់ក្លាយជាអ្នកមាន កសិកម្មចង់រីកចម្រើន ត្រូវតែមានសហករណ៍”; “សហករណ៍គឺជាការរួមកម្លាំងកាយចិត្តជាមួយគ្នា”។ ឆ្លងកាត់រយៈពេល ៧៧ ឆ្នាំនៃការអនុវត្តន៍បានបង្ហាញថា សេដ្ឋកិច្ចសមូហភាពគឺតែងតែជាសមាសធាតុសេដ្ឋកិច្ចដ៏សំខាន់ ដែលត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ជាមួយសេដ្ឋកិច្ចរដ្ឋ ដើម្បីក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ។
ការអភិវឌ្ឍសហករណ៍កសិកម្មស្អាតនៅខេត្ត Thai Binh។ (រូបថត៖ VOV) |
វៀតណាមបច្ចុប្បន្នមានសហករណ៍ដែលបានចុះបញ្ជីជាង ២៩.០០០ ដែលទាក់ទាញសមាជិកគ្រួសារជិត ៧ លាននាក់ ភាគច្រើននៅតំបន់ជនបទ។
ទិសដៅត្រឹមត្រូវ
សេចក្តីសម្រេចចិត្ត និងសារាចរណ៍ណែនាំរបស់បក្សកុម្មុយនិស្តវៀតណាមតាមសម័យកាលផ្សេងៗគ្នា បានបង្ហាញពីការអភិវឌ្ឍទាំងទ្រឹស្តី និងការយល់ដឹង ដោយឈរលើមូលដ្ឋានបូកសរុបអនុវត្តការកសាងសេដ្ឋកិច្ចសមូហភាព ដែលមានប្រព័ន្ធស្នូលជាប្រព័ន្ធនៃបណ្តាសហករណ៍ សមស្របតាមដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិនិងនិន្នាការទូទៅនៃពិភពលោក។ នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានចេញសេចក្តីសម្រេចចិត្តលេខ ២០-NQ/TW នៃសន្និបាទមជ្ឈិមលើកទី ៥ (អាណត្តិទី ១៣) ស្តីពីការបន្តច្នៃប្រឌិត អភិវឌ្ឍន៍ និងបង្កើនប្រសិទ្ធភាពលទ្ធផលសេដ្ឋកិច្ចសមូហភាពក្នុងដំណាក់កាលថ្មី ក្នុងនោះមានគូសបញ្ជាក់ថា៖ “សេដ្ឋកិច្ចសមូហភាព គឺជាសមាសធាតុសេដ្ឋកិច្ចដ៏សំខាន់ ដែលត្រូវបានពង្រឹងនិងអភិវឌ្ឍន៍រួមជាមួយនឹងសេដ្ឋកិច្ចរដ្ឋ ដើម្បីក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ”។
សេចក្តីសម្រេចចិត្ត និងទិសដៅសំខាន់ៗ របស់បក្សត្រូវបានដាក់បញ្ចូលទៅក្នុងច្បាប់ រួមទាំងច្បាប់ស្តីពីសហករណ៍ក្នុងឆ្នាំ ២០១២ បង្កើតច្រកផ្លូវច្បាប់ ជំរុញការអភិវឌ្ឍន៍សហករណ៍ និងសេដ្ឋកិច្ចសមូហភាព។ បច្ចុប្បន្នរដ្ឋសភា រួមជាមួយអង្គភាពពាក់ព័ន្ធកំពុងធ្វើវិសោធនកម្ម និងបំពេញបន្ថែមច្បាប់ស្តីពីសហករណ៍ ហើយគ្រោងនឹងអនុម័តក្នុងសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ នាពេលខាងមុខ។
ដើម្បីឲ្យសេដ្ឋកិច្ចសមូហភាពក្លាយជាគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ
ដើម្បីឲ្យសេដ្ឋកិច្ចសហករណ៍ និងសមូហភាពពង្រីកបានតួនាទីរបស់ខ្លួនជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានចាត់ទុកថា រឿងនេះស្ថិតនៅលើការយល់ដឹង ពីថ្នាក់ដឹកនំាជាន់ខ្ពស់ចុះដល់ថ្នាក់ក្រោម ដូចជា៖ មេភូមិ និងសង្កាត់ អ្នកដែលធ្វើការផ្ទាល់ជាមួយកសិកម្ម និងកសិករប្រចាំថ្ងៃ៖
“ប្រហែលជាយើងត្រូវការកម្មវិធីសកម្មភាពរួមគ្នា ដើម្បីបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងសម្រាប់សមាជិកនៃសហករណ៍; បង្កើនសមត្ថភាពក្រុមអ្នកដឹកនាំនៃសហករណ៍ និងបំប៉នចំណេះដឹងសម្រាប់សមាជិកជាកសិករនៃសហករណ៍។ យើងត្រូវតែចេះតភ្ជាប់សហគ្រាសជាមួយតំបន់វត្ថុធាតុដើមដើម្បីបង្កើតកម្លាំងជំរុញថ្មីមួយ ជួយប្រជាជនឱ្យមើលឃើញថា នៅពេលដែលចូលរួមក្នុងសហករណ៍ ការចំណាយត្រូវបានកាត់បន្ថយ មានទីផ្សារស្ថិរភាព ហើយអាចចូលរួមក្នុងសង្វាក់ផលិតកម្ម”។
នៅចំពោះមុខរាល់បញ្ហាប្រឈមមកពីទ្រង់ទ្រាយតូច សមត្ថភាពផ្ទៃក្នុងខ្សោយ និងការមិនចុះសម្រុងគ្នាឲ្យបានល្អនៃគំរូសហករណ៍នោះ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Duy Dong បានឲ្យដឹងថា៖
“ក្រសួងបានណែនាំឲ្យរដ្ឋាភិបាលដាក់ជូនរដ្ឋសភានីតិកាលទី ១៥ ស្តីពីច្បាប់សហករណ៍ធ្វើវិសោធនកម្ម។ ក្នុងនោះ កំណត់ប្រភេទអង្គការសេដ្ឋកិច្ចសហករណ៍ ក៏ដូចជា កំណត់យ៉ាងពេញលេញនូវគោលនយោបាយចំនួន ៨ ក្រុម ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព ដូចជា គោលនយោបាយដីធ្លី ទុន ការទាក់ទងផ្ទាល់នឹងទីផ្សារ ជាពិសេសការដោះស្រាយបញ្ហាសំខាន់បំផុតពីររបស់សហករណ៍សព្វថ្ងៃ គឺការទទួលបានប្រភពកម្លាំង និងការអភិវឌ្ឍធនធានមនុស្ស”។
វិទ្យុសម្លេងវៀតណាមសហការជាមួយសម្ព័ន្ធសហករណ៍វៀតណាម (VCA) រៀបចំកិច្ចសន្ទនាដោយប្រធានបទ៖ “ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព និងសហករណ៍ក្នុងដំណាក់កាលថ្មី”។
(រូបថត៖ VOV) |
ការយល់ដឹងត្រឹមត្រូវ និងពេញលេញអំពីទីតាំង តួនាទី និងសារៈសំខាន់នៃសេដ្ឋកិច្ចសមូហភាពក្នុងសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម គឺជាកត្តាសំខាន់មួយសម្រាប់ការអភិវឌ្ឍគំរូសេដ្ឋកិច្ចសមូហភាព ដែលក្នុងនោះ ភារកិច្ចកំពូលគឺពង្រឹងការឃោសនា និងលើកកម្ពស់ការយល់ដឹងសម្រាប់កម្មាភិបាល និងប្រជាជន។ នៅក្នុងសិក្ខាសាលា “អភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព និងសហករណ៍ក្នុងដំណាក់កាលថ្មី” ដោយវិទ្យុសម្លេងវៀតណាម និងសហភាពសហករណ៍វៀតណាមសម្របសម្រួលរៀបចំឡើងនាថ្ងៃទី៦ មេសា នៅទីក្រុងហាណូយ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមលោក Pham Manh Hung បានលើកឡើងថា៖
“វិទ្យុសម្លេងវៀតណាម ក្នុងនាមជាទីភ្នាក់ងារសារព័ត៌មានជាតិឈានមុខគេមួយ នឹងផ្តល់ព័ត៌មានយ៉ាងទូលំទូលាយដល់សាធារណជន តាមរយៈប្រភេទសារព័ត៌មានដែលមានស្រាប់អំពីខ្លឹមសារសំខាន់ៗ នៃសេដ្ឋកិច្ចសមូហភាព ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាទូទៅ។ ម្យ៉ាងវិញទៀត ចូលរួមផ្តល់សំឡេងកាន់តែច្រើនដល់ការបង្កើតដំណោះស្រាយ និងវិសោធនកម្មបទប្បញ្ញត្តិនៃច្បាប់។ ក្នុងពេលជាមួយគ្នានេះ ពន្យល់ដើម្បីដកចេញរាល់ចិត្តសាស្ត្រមន្ទិលសង្ស័យ ការមូលបង្កាច់ ការបដិសេធ និងសូម្បីតែការទាមទារឲ្យលុបបំបាត់គំរូសេដ្ឋកិច្ចសមូហភាព ដែលបុគ្គល និងអង្គការខ្វះសុឆន្ទៈ និងអរិភាពមួយចំនួន បានដាក់ចេញនាពេលកន្លងមក”។
សេចក្តីសម្រេចចិត្តលេខ ២០-NQ/TW សន្និបាទមជ្ឈឹមទី៥ (នីតិកាលទី ១៣) បាន កំណត់គោលដៅដល់ឆ្នាំ ២០៤៥ ដោយខិតខំទាក់ទាញយ៉ាងហោចណាស់ ២០% នៃចំនួនប្រជាជនឱ្យចូលរួមក្នុងអង្គការសេដ្ឋកិច្ចសមូហភាព។ ការពង្រីកទំហំប្រតិបត្តិការរបស់អង្គការសេដ្ឋកិច្ចសមូហភាព គុណភាពនៃប្រតិបត្តិការគឺស្មើនឹងប្រទេសដទៃទៀតក្នុងតំបន់ និងក្នុងពិភពលោក។ វៀតណាមក៏ខិតខំឱ្យមានអង្គការសេដ្ឋកិច្ចសមូហភាពយ៉ាងតិចចំនួន ៣ ក្នុងចំណាត់ថ្នាក់នៃសហករណ៍ពិភពលោកធំជាងគេចំនួន ៣០០ ដែលសម្ព័ន្ធសហករណ៍អន្តរជាតិ (ICA) បានទទួលស្គាល់។
ជាមួយនឹងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សេដ្ឋកិច្ចសមូហភាព និងសហករណ៍ក្នុងរយៈពេលខាងមុខនឹងរួមចំណែកកាន់តែខ្លាំងឡើង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕