(VOVWORLD) - កម្មវិធីនយោបាយសិល្បៈ “ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ” រៀបចំឡើងដោយវិទ្យុសំឡេងវៀតណាម សហការជាមួយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម - ក្រសួងការពារប្រទេស និងគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ទើបបានប្រព្រឹត្តទៅនាយប់ថ្ងៃទី១២ ខែសីហា នៅកំពង់ផែយោធា Nha Trang ខេត្ត Khanh Hoa។ កម្មវិធីនេះរួមចំណែករីកសាយភាយយ៉ាងខ្លាំងក្លានូវសេចក្តីស្រឡាញ់ចំពោះកោះសមុទ្រ ក៏ដូចជាសមិទ្ធិផលរបស់ប្រទេសជាតិទាំងមូលក្នុងរយៈពេល ៥ ឆ្នាំអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ២២ តុលា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១២ស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
កម្មវិធីបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១២ សីហា នៅកំពង់ផែយោធា Nha Trang
ខេត្ត Khanh Hoa។ (រូបថត៖ VOV) |
នេះជាកម្មវិធីនយោបាយសិល្បៈថ្នាក់ជាតិ ដោយមានទ្រង់ទ្រាយធំបំផុតតាំងពីមុនមក។ សារអំពីសេចក្តីស្រឡាញ់ចំពោះកោះសមុទ្រ មោទនភាពជាតិ ឆន្ទៈប្តេជ្ញាចិត្តការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិ និងសេចក្ដីប្រាថ្នាជំនះលើសមុទ្រ រីកចម្រើនពីសមុទ្រ ... ត្រូវបានសម្ដែងតាមរយៈភាសាតន្ត្រី រូបភាព និងរឿងរ៉ាវប្រចាំថ្ងៃ ដែលបន្សល់ទុកនូវអារម្មណ៍ដ៏ជ្រាលជ្រៅនៅក្នុងក្រអៅបេះដូងទស្សនិកជន និងមិត្តអ្នកស្តាប់លើទូទាំងប្រទេស។
ខ្លឹមសារប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ
កម្មវិធីនយោបាយសិល្បៈ “ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ” រួមមានប្រធានបទស្នូលៗចំនួន ៣៖ “មនសិការសមុទ្រ” “វៀតណាមឆ្ពោះទៅរកភាពសម្បូរធូធារពីសមុទ្រ” “វៀតណាមឆ្ពោះទៅរកភាពខ្លាំងមាំមួនពីសមុទ្រ”។ សិល្បករឆ្នើម Doan Truong Nguyen ប្រធាននាយកដ្ឋានតន្ត្រី (VOV៣) វិទ្យុសម្លេងវៀតណាម ដែលទទួលបន្ទុកផ្នែកតន្ត្រីនៃកម្មវិធី បានឲ្យដឹងថា៖
“ខ្លឹមសារទាំងអស់ត្រូវបានសម្ដែងតាមទម្រង់ផ្សេងៗគ្នាដូចជា៖ សេចក្ដីរាយការណ៍ ការសម្ភាសន៍ ការសន្ទនាលើឆាក។ ជាពិសេសតាមរយៈភាសាតន្ត្រី កម្មវិធីបានបញ្ចេញសារ និងគោលជំហររបស់បក្ស និងរដ្ឋាភិបាល ក៏ដូចជាស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៣៦ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព”។
តំណាងចូលរួមកម្មវិធី។ (រូបថត៖ VOV) |
ក្រៅពីកម្មវិធីសិល្បៈទ្រង់ទ្រាយធំ បណ្ដាអ្នកជំនាញ និងអ្នកស្រាវជ្រាវអំពីកោះសមុទ្រ បស់វៀតណាមបានចែករំលែកពីរឿងរ៉ាវថ្មីៗ ផ្តល់មតិយោបល់ជាច្រើន ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព។ នៅក្នុងផ្នែកចុងក្រោយនៃកម្មវិធី យុទ្ធជនចំនួន ៣០០នាក់ ដែលតំណាងឱ្យកងកម្លាំងការពារអធិបតេយ្យភាពនៅសមុទ្រ បានរួមគ្នាបង្ហាញស្មារតីសាមគ្គីភាព ការប្តេជ្ញាចិត្តរក្សាយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះ សមុទ្ររបស់មាតុភូមិ តាមនោះលើកកំពស់ខ្លឹមសារ និងសារនៃកម្មវិធី "ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ"។ លោកវរសេនីយ៍ឯក Bui Duy Chau អតីតគ្រូបង្រៀននៅបណ្ឌិតសភាកងទ័ពជើងទឹកបានចែករំលែកថា៖
“ខ្ញុំមានការរំជួលចិត្ត មានកិត្តិយស និងមោទនៈភាពខ្លាំងណាស់ ដែលទទួលបានអំណោយដ៏ថ្លៃថ្លានោះគឺដបទឹកសមុទ្រ ដែលបណ្ដាយុទ្ធជនលើនាវាមុជទឹកបានយកពីជម្រៅដ៏ជ្រៅក្នុងបាតសមុទ្រជាទីស្រឡាញ់នៃមាតុភូមិយើង។ អំណោយនេះគឺជាការលើកតម្កើងនិងការដឹងគុណសម្រាប់ជំនាន់យើង។ ខ្ញុំជឿជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់យើងដែលប្រតិបត្តិការនៅសមុទ្រនឹងការពារយ៉ាងរឹងមាំកោះសមុទ្រដ៏ស្រស់ស្អាតនៃមាតុប្រទេស”។
រីកសាយភាយសារអំពីសេចក្តីស្រឡាញ់ចំពោះកោះសមុទ្រ
អ្នកនេសាទ Cao Van Tho រស់នៅឃុំ Phuoc Dong ទីក្រុង Nha Trang ខេត្ត Khanh Hoa ឆ្នាំនេះមានអាយុជាង ៦០ ឆ្នាំ។ ប្រកបរបរនេសាទអស់រយៈពេលជិត ២/៣ នៃជីវិត លោក Tho ចាត់ទុកសមុទ្រដូចផ្ទះរបស់ខ្លួនអញ្ចឹង។ នៅពេលទស្សនាអត្ថបទយកការណ៍អំពីកោះសមុទ្រ បទចម្រៀងអំពីសេចក្តីស្រឡាញ់ចំពោះសមុទ្រ ក៏ដូចជារូបភាពនាវាត្រៀបត្រាទាំងថ្ងៃយប់នៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនៃមាតុភូមិក្នុងកម្មវិធី “ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ” លោក Cao Van Tho បានចែករំលែកចំណាប់អារម្មណ៍ថា៖
“កម្មវិធីនេះពិតជាល្អណាស់ បន្ទាប់ពីទស្សនារួច ខ្ញុំមានអារម្មណ៍ថា ខ្លួនទទួលបានការលើកទឹកចិត្តស្មារតីដើម្បីច្បាមជាប់សមុទ្រ។ កម្មវិធីក៏បានលើកឡើងនូវបញ្ហាដែលថា បក្សនិងរដ្ឋាភិបាលជានិច្ចកាលមានគោលនយោបាយជាច្រើនដែលផ្តោតការយកចិត្តទុកដាក់ដល់ប្រជានេសាទ។ សារដែលខ្ញុំទទួលបានតាមរយៈកម្មវិធីនេះគឺ៖ ប្រជានេសាទសព្វថ្ងៃនេះទៅនាយសមុទ្រធ្វើការនេសាទមិនមែនជាតែម្នាក់ឯងទេ ប៉ុន្តែមានការប្រកៀកស្មា និងការរួមដំណើរជានិច្ចរបស់កងកម្លាំងប៉ូលីសសមុទ្រ និងកងទ័ពការពារព្រំដែន។ ខ្ញុំពិតជាចូលចិត្តកម្មវិធីនេះណាស់”។
បញ្ចេញសេចក្ដីប្រាថ្នាចង់ខ្លាំងមាំមួននិងសម្បូរធូធារពីសមុទ្រ
កម្មវិធីនយោបាយសិល្បៈ “ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ” បញ្ជាក់ថា វៀតណាមជាប្រទេសសមុទ្រ ដោយមានសេចក្ដីប្រាថ្នាពីជំនាន់មួយទៅជំនាន់មួយទៀត គឺចង់ជំនះលើសមុទ្រ រីកចម្រើនពីសមុទ្រ និងរក្សាសន្តិភាពនៅសមុទ្រ ក៏ដូចជាឆន្ទៈប្តេជ្ញាចិត្តការពារអធិបតេយ្យភាពកោះសមុទ្រនៃមាតុប្រទេស។ លោក Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម អនុប្រធានគណៈកម្មាធិការដឹកនាំ ប្រធានគណៈកម្មាធិការរៀបចំកម្មវិធីនយោបាយសិល្បៈ “ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ” បានមានប្រសាសន៍ថា៖
“យើងខ្ញុំសង្ឃឹមថាកម្មវិធីនេះនឹងបង្កើតឡើងការរីកសាយភាយយ៉ាងខ្លាំងក្លាអំពីសេចក្តីស្រឡាញ់ មោទនភាពចំពោះកោះសមុទ្រនៃមាតុភូមិវៀតណាម និងការទទួលខុសត្រូវរបស់ប្រជាជន
វៀតណាមក្នុងការពង្រីក ការធ្វើអាជីវកម្ម និងអភិរក្សលំហសមុទ្រ ដើម្បីបម្រើការអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខនិងរយៈពេលយូរអង្វែង”។
ដោយការគួបផ្សំប្រកបដោយភាពសុខដុម្យ រវាងបញ្ហាព្រឹត្តិការណ៍ នយោបាយ ជាមួយនឹងការសម្តែងសិល្បៈដ៏វិសេសវិសាលនិងឆាកសម្ដែងដ៏មហាឡារិក... កម្មវិធីនយោបាយសិល្បៈ "ខ្លាំងមាំមួនពីសមុទ្រមាតុភូមិ" បានបញ្ឆេះមោទនភាព និងសេចក្តីស្រឡាញ់ចំពោះសមុទ្រ ឆន្ទៈប្តេជ្ញាចិត្តការពារអធិបតេយ្យភាពកោះសមុទ្រនៃមាតុភូមិរបស់ប្រជាជនវៀតណាមគ្រប់ជំនាន់៕