ចិន-EU ពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍរួមគ្នា
(VOVWORLD) - ប្រធានរដ្ឋចិនលោក Xi Jinping កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអឺរ៉ុបចំនួនបី គឺបារាំង ស៊ែប៊ី និងហុងគ្រី។ ដំណើរទស្សនកិច្ចដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ឧសភា គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Xi Jinping ទៅកាន់ប្រទេសលោកខាងលិច ក្រោយរយៈពេល ៥ ឆ្នាំចាប់តាំងពីដំណើរទស្សនកិច្ចនាឆ្នាំ ២០១៩។ដំណើរទស្សនកិច្ចនេះមានគោលបំណងស្រាយការរាំងស្ទះរវាងភាគីទាំងពីរហើយសង្កត់ធ្ងន់លើសាររបស់ទីក្រុងប៉េកាំងអំពីការរួមរស់ប្រកបដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ដូចគ្នាផងដែរ។
ប្រធានាធិបតីបារាំង Emmanuel Macron (ស្តាំ) និងប្រធានរដ្ឋចិន Xi Jinping ក្នុងកិច្ចពិភាក្សាក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ រូបថត៖ THX/TTXVN |
ពង្រឹងកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ដូចគ្នា
បារាំងគឺជាគោលដៅបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបលើកនេះរបស់លោក Xi Jinping។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចិន និងបារាំងបានពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ផ្លាស់ប្តូរវប្បធម៌ និងផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជនដោយឥតឈប់ឈរ។ នាឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីកើនយ៉ាងខ្លាំងក្លា ពោលគឺច្រើនជាង ៨០០ ដង សម្រេចបានជាង ៧៨ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្នចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់បារាំងនៅអាស៊ី ខណៈដែលបារាំងគឺជាដៃគូពាណិជ្ជកម្មធំទី ៣ព្រមទាំងជាប្រភពនាំចេញធំទី៣របស់ចិននៅក្នុងសហភាព
អឺរ៉ុប។
ក្នុងពេលនោះ ការវិនិយោគរបស់ចិនចូលស៊ែប៊ីបានវ៉ាដាច់ប្រទេសមហាអំណាចអឺរ៉ុប ដូចជាអាល្លឺម៉ង់ និងបារាំង។ បច្ចុប្បន្ននេះ ចិនបានឈានឡើងក្លាយទៅជាវិនិយោគិនស្នូល និងធំបំផុតរបស់ស៊ែប៊ី។ ចំពោះហុងគ្រីវិញ បច្ចុប្បន្នប្រទេសនេះគឺជាគោលដៅចម្បងនៅអឺរ៉ុបសម្រាប់ការវិនិយោគអាគុយរថយន្តអគ្គិសនីរបស់ចិន។ ដូច្នេះហើយ ដំណើររបស់លោក Xi Jinping ទៅកាន់អឺរ៉ុបជាលើកដំបូងក្នុងក្រោយរយៈពេល៥ឆ្នាំគឺសំដៅ ស្វែងរកការកសាងទំនាក់ទំនងឡើងវិញនៅពេលមានភាពតានតឹងជាសកល ហើយទំនាក់ទំនងពាណិជ្ជកម្ម EU-ចិន ប្រឈមនឹងឧបសគ្គជាច្រើន។
នៅក្នុងកិច្ចប្រជុំត្រីភាគីជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោកEmmanuel Macron និងប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen នៅទីក្រុងប៉ារីស កាលពីថ្ងៃទី ៦ ឧសភា ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា ចិនបានចាត់ទុកសហភាពអឺរ៉ុប (EU) គឺជាជ្រុងដ៏សំខាន់មួយក្នុងគោលនយោបាយការបរទេស ហើយជាដៃគូដ៏សំខាន់ក្នុងផែនការទំនើបកម្មប្រទេសជាតិ។ ជាការឆ្លើយតប ប្រធានាធិបតីបារាំងលោកMacron និងប្រធាន EC លោកស្រីvon der Leyen បានអំពាវនាវឱ្យចិនធានាពាណិជ្ជកម្មតុល្យភាពបន្ថែមទៀត។ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលEUបាននិងកំពុងធ្វើការស៊ើបអង្កេតលើទួរប៊ីនខ្យល់ ឧបករណ៍សុខាភិបាល និងរថយន្តអគ្គិសនីរបស់ចិន។
ជំនួបត្រីភាគីរវាងប្រធានរដ្ឋចិនលោកXi Jinping ប្រធានាធិបតីបារាំងលោកMacron និងប្រធាន EC លោកស្រី Ursula von der Leyen ត្រូវបានក្រុមអ្នកសង្កេតការណ៍ចាត់ទុកថាស្មោះត្រង់ ខណៈដែលភាគីទាំង៣មិនស្ទាក់ស្ទើរក្នុងការបញ្ចេញទស្សនៈរបស់ខ្លួនឡើយ។
បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី
ជំនួបត្រីភាគីរវាងប្រធានរដ្ឋចិន Xi Jinping ប្រធានាធិបតីបារាំង Emmanuel Macron និងប្រធាន EC Ursula von der Leyen នៅវិមាន Elysee ក្នុងទីក្រុងប៉ារីស ។ ប្រភព៖ Reuters |
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនលោកXi Jinping ទៅកាន់ប្រទេសចំនួន៣នៅអឺរ៉ុប បានប្រព្រឹត្តិទៅក្នុងបរិបទដែលចិនមានបំណងចង់រក្សាស្ថិរភាពទំនាក់ទំនងទ្វេភាគីជាមួយEU ។ លោក Xi ក៏កំពុងខិតខំប្រឹងប្រែងជៀសវាងសង្រ្គាមពាណិជ្ជកម្មជាមួយ EU និងកាត់បន្ថយការចោតប្រកាន់រិះគន់របស់អឺរ៉ុបចំពោះចិនអំពីពាណិជ្ជកម្ម ក៏ដូចជាលើបញ្ហាមួយចំនួនទៀត។ ក្រៅពីនេះ ស៊ែប៊ី និងហុងគ្រីសុទ្ធតេជាសមាជិកនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋិនចិនបានរួមចំណែកពន្លឿនល្បឿនសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមនេះ។ ចំណែកស៊ែប៊ីវិញ ដំណើរទស្សនកិច្ចក៏ជាឱកាសពង្រឹងឋានៈជាដៃគូស្នូលរបស់ចិននៅតំបន់បាល់កង់ខាងលិច។
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនលោកXi Jinping ទៅកាន់អឺរ៉ុបបាន បង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺលើវិស័យដែលភាគីទាំងពីរបានចែករំលែកផលប្រយោជន៍និងសក្តានុពល។ ប្រការនេះមិនត្រឹមតែជួយពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-EUប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជាសាកលទៀតផងនៅពេលដែលចិន និងEUសុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់ពិភពលោក។ ក្នុងបរិបទដែលសេដ្ឋកិច្ច និងនយោបាយពិភពលោកផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទំនាក់ទំនងចិន-សហភាពអឺរ៉ុបពាក់ព័ន្ធនឹងការអភិវឌ្ឍនាពេលអនាគតរបស់ភាគីទាំងពីរ ហើយមានឥទ្ធិពលយ៉ាងសំខាន់ទៅលើអភិបាលកិច្ចសកល និងពហុភាគីនិយម។ ការអភិវឌ្ឍប្រកបដោយតម្លាភាព និងស្ថិរភាពនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុបនឹងនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងពីរ។ ដូច្នេះ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនទៅកាន់អឺរ៉ុបលើកនេះបានបញ្ជូនសាររបស់ ទីក្រុងប៉េកាំងអំពីការរួមរស់ប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ដូចគ្នា៕