(VOVWORLD) - សម្ពាធអតិផរណា និងអត្រាការប្រាក់ខ្ពស់ ការងើបឡើងវិញយឺតយ៉ាវនៃខឿន សេដ្ឋកិច្ចធំៗជាច្រើន បូករួមទាំងអស្ថិរភាពភូមិសាស្ត្រនយោបាយ និងការកើនឡើង បំណុលសាធារណៈរបស់ប្រទេសជាច្រើនបានបណ្តាលឱ្យពាណិជ្ជកម្មសកលក្នុងឆ្នាំនេះរងការធ្លាក់ចុះ។ យោងតាមអ្នកជំនាញ ការលំបាកទាំងនេះនឹងមិនបញ្ចប់ក្នុងរយៈ ពេលខ្លីនោះទេ ប៉ុន្តែពាណិជ្ជកម្មសកលនៅឆ្នាំក្រោយនៅតែមានកត្តាមួយចំនួនដើម្បី ទន្ទឹងរង់ចាំ។
រថភ្លើងដឹកទំនិញនៅឃ្លាំងកុងតឺន័រនៅទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង)។
(រូបថត៖ YONHAP/TTXVN) |
នៅក្នុងរបាយការណ៍មួយដែលមានចំណងជើងថា "ការធ្វើបច្ចុប្បន្នភាពពាណិជ្ជ កម្មសកល" ចេញផ្សាយនៅថ្ងៃទី ១១ ខែធ្នូ សន្និសីទអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្មសកល នៅឆ្នាំនេះសម្រេចបានប្រហែល ៣០,៧ ទ្រីលានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះពី កម្រិត ៣២,២ ទ្រីលានដុល្លារអាមេរិកកាលពីឆ្នាំមុន។ ដោយឡែកពាណិជ្ជកម្មទំនិញបានធ្លាក់ចុះជិត ២ ទ្រីលានដុល្លារ ស្មើនឹងអត្រា ៨%។
កត្តាអស្ថិរភាពជាច្រើន
យោងតាមលោក Ralph Ossa ប្រធានសេដ្ឋវិទូនៃអង្គការពាណិជ្ជកម្មពិភព លោក (WTO) ការធ្លាក់ចុះនៃពាណិជ្ជកម្មសកលនៅឆ្នាំនេះ ភាគច្រើនគឺដោយសារតែ ផលប៉ះពាល់នៃឆមាសទី ១ នៃឆ្នាំនេះ នៅពេលដែលកត្តាអវិជ្ជមានជាច្រើនលេចឡើង ក្នុងពេលតែមួយ រួមទាំង៖ អតិផរណាដ៏រ៉ាំរ៉ៃ និងអត្រាការប្រាក់ខ្ពស់នៅក្នុងសហរដ្ឋ អាមេរិក និងសហភាពអឺរ៉ុប (EU); ការងើបឡើងវិញយឺតជាងការព្យាករណ៍នៃសេដ្ឋកិច្ច ចិនក្រោយពីវិបត្តិកូវីដ-១៩ និងផលប៉ះពាល់ដ៏វែងអន្លាយនៃជម្លោះនៅអ៊ុយក្រែន។ នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ កត្តាខាងលើមានភាពប្រសើរឡើង។ គិតត្រឹមចុងឆ្នាំនេះ អត្រាអតិផរណានៅក្នុងតំបន់ចាយប្រាក់រួមអឺរ៉ូ ឬចក្រភពអង់គ្លេសបានធ្លាក់ចុះដល់ កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនខែកន្លងមក ជាមួយនឹងអត្រា ២,៤% នៅក្នុង តំបន់អឺរ៉ូ និង ៣,៩% នៅអង់គ្លេស។ សម្រាប់សហរដ្ឋអាមេរិក ដែលជាមហាអំណាច សេដ្ឋកិច្ចធំបំផុតនៃពិភពលោក មានអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ដ៏គួរឱ្យចាប់អារម្មណ៍រហូតដល់ ៥,២% នៅក្នុងត្រីមាសទី ៣ និងអត្រាអតិផរណាមាន ត្រឹមតែ ៣,១% ក្នុងខែ ១១។ សេដ្ឋកិច្ចរបស់ប្រទេសចិនក៏មានភាពប្រសើរឡើងគួរឱ្យ កត់សម្គាល់នៅក្នុង ប៉ុន្មានខែចុងឆ្នាំផងដែរ។ ដូច្នេះ ពាណិជ្ជកម្មសកលកំពុងបង្ហាញ សញ្ញានៃការងើបឡើងវិញ។
អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀត ដូចដែល UNCTAD ព្រមាននោះគឺថា បណ្ដាប្រទេសដែលមានទំនាក់ទំនងស្និទ្ធស្នាល កំពុងមាននិន្នាការធ្វើពាណិជ្ជកម្ម កាន់តែច្រើនជាមួយគ្នា ខណៈដែលបណ្ដាប្រទេសដែលមិនសូវស្និទ្ធស្នាលជាមួយគ្នា គឺមាននិន្នាកាត់បន្ថយការធ្វើពាណិជ្ជកម្មទ្វេភាគី។ ប្រធានសេដ្ឋវិទូ WTO លោក Ralph Ossa បានធ្វើអធិប្បាយថា៖
“ខណៈពេលដែលពាណិជ្ជកម្មសកលនៅតែអភិវឌ្ឍន៍យ៉ាងខ្លាំងតាមវិធីជាច្រើន ភាពតានតឹងពាណិជ្ជកម្មក៏បានកើនឡើងផងដែរ ហើយមានសញ្ញាមួយចំនួននៃការ បែកបាក់។ ទោះជាយ៉ាងណាក៏ដោយ តួរលេខទាំងនេះក៏មិនគាំទ្រមតិអំពីការប្រឆាំង សកលភាវូបនីយកម្ម (deglobalization) នោះទេ។ ទោះបីជាមានការបែកបាក់គ្នាក៏ដោយ ក៏មិនមានភ័ស្តុតាងបញ្ជាក់ពីនិន្នាការប្រឆាំងសកលភាវូបនីយកម្មយ៉ាងទូលំ ទូលាយដែរ”។
យថាទស្សន៍មិនប្រាកដប្រជាក្នុងរយៈពេលខ្លី
ទាក់ទងនឹងយថាទស្សន៍នៅឆ្នាំក្រោយ UNCTAD ចាត់ទុកថា ហានិភ័យដែល ទាក់ទងនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ដូចជា៖ ជម្លោះនៅអ៊ុយ ក្រែន ជម្លោះហាម៉ាស-អ៊ីស្រាអែល ការកើនឡើងនៃគោលនយោបាយគាំពារនិយម ក៏ដូចជាសមាមាត្របំណុលសាធារណៈខ្ពស់នៃប្រទេសជាច្រើននឹងបន្តជា កត្តាដែល ប៉ះពាល់ដល់លំហូរពាណិជ្ជកម្មសកល ដែលបណ្ដាលឲ្យផ្ទាំងរូបភាពពាណិជ្ជកម្ម សកលជាទូទៅ មិនមានភាពប្រាកដប្រជាក្នុងរយៈពេលខ្លី និងមធ្យម។ ប្រធានសេដ្ឋ វិទូនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Pierre-Olivier Gourinchas បានចែក រំលែកទស្សនៈថា៖
“យើងកំពុងឃើញការកើនឡើងនៃការរឹតត្បិតពាណិជ្ជកម្ម ដែលប្រទេសនានា ដាក់លើគ្នាទៅវិញទៅមក។ វាបានចាប់ផ្តើមក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមក ប៉ុន្តែ ឥឡូវនេះកំពុងកើនឡើងកាន់តែឆាប់រហ័ស ហើយទំនងជានឹងមានផលប៉ះពាល់ អវិជ្ជមានលើលំហូរពាណិជ្ជកម្ម។ នៅទីនេះយើងអាចនិយាយអំពីការរឹតត្បិតលើការនាំចេញ របាំងពន្ធឬវិធានការមួយចំនួនផ្សេងទៀត”។
លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកា WTO។ (រូបថត៖ AFP) |
ដោយចែករំលែកការវាយតម្លៃដូចគ្នានឹង UNCTAD អំពីហានិភ័យនៅឆ្នាំក្រោយ ប៉ុន្តែ WTO វាយតម្លៃថាពាណិជ្ជកម្មសកលនឹងនៅតែកើនឡើង ដែលអាចសម្រេចបាន កំណើន ៣,៣% នៅឆ្នាំក្រោយទាក់ទងនឹងទំហំពាណិជ្ជកម្មទំនិញ។ យោងតាម លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកា WTO បញ្ហាស្នូលនៃពាណិជ្ជកម្មសកល លោកនាពេលបច្ចុប្បន្នគឺ "ការកំណត់រូបរាងឡើងវិញ" នូវសកលភាវូបនីយកម្មតាម ទិសដៅបរិយាប័ន្ន និងចីរភាពជាងមុន ដូច្នេះប្រទេសកំពុងអភិវឌ្ឍន៍អាចទទួលបាន ផលប្រយោជន៍ពិតប្រាកដពីពាណិជ្ជកម្មសកល ព្រមទាំងឆ្លើយតបនឹងការសន្យាស្ដីពី ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។
“យើងចង់ធ្វើសកលភាវូបនីយកម្មដែលរួមបញ្ចូលគ្នាទាំងអ្នកដែលធ្លាប់បានទុក ចោលនៅពីក្រោយ។ នោះគឺជាសកលភាវូបនីយកម្មប្រកបដោយបរិយាប័ន្នជាងមុន។ យើងនឹងមានការផ្លាស់ប្ដូរខ្សែសង្វាក់ផ្គត់ផ្គង់ ប៉ុន្តែយើងត្រូវកសាងនិរន្តរភាពនៃពាណិជ្ជ កម្មសកល ដោយការតភ្ជាប់ប្រទេសនានាដែលធ្លាប់បានបំភ្លេចចោលកាលពីមុន ឲ្យ ចូលរួមទៅក្នុងខ្សែសង្វាក់តម្លៃសកលផងដែរ”។
ដោយផ្អែកលើចំណុចភ្លឺក្នុងឆ្នាំនេះ សេដ្ឋវិទូជាច្រើនចាត់ទុកថា ទោះបីជាហា និភ័យនៃការបែកបាក់បានលេចឡើងក៏ដោយ ក៏និន្នាការលេចធ្លោនៅក្នុងពាណិជ្ជកម្ម ពិសកល នាពេលបច្ចុប្បន្ននេះនៅតែជាការជំរុញកិច្ចសហប្រតិបត្តិការ និងការបង្កើន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) សូម្បីតែរវាងបណ្ដាខឿន សេដ្ឋកិច្ចដែលពីមុនមានការតភ្ជាប់តិចតួចផងដែរ។ ឧទាហរណ៍លេចធ្លោមួយចំនួន គឺថា នៅឆ្នាំនេះ សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអាហ្វ្រិកបានសម្រេចកិច្ចព្រម ព្រៀងពាណិជ្ជកម្ម និងវិនិយោគចំនួន ៥៤៧ ដែលមានតម្លៃ ១៤,២ ពាន់លានដុល្លារ អាមេរិក កើនឡើង ៦៧% បើធៀបនឹងឆ្នាំមុន ឬប្លុកទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេស សិង្ហបុរី ហើយកំពុងជំរុញការចរចា FTA ជាមួយកូរ៉េ និងឥណ្ឌូនេស៊ី៕