ឆ្លៀតយកឱកាសថ្មីៗដើម្បីស្ដារសន្ទុះកំណើនឡើងវិញ

(VOVWORLD) - ក្រោយពីកម្រិតកំណើន GDP ត្រឹមតែ ៣,៧២% នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ សេដ្ឋកិច្ចរបស់វៀតណាមបានកត់ត្រានូវសញ្ញាវិជ្ជមាននានា។ លទ្ធផលនេះបង្ហាញឲ្យឃើញពីប្រសិទ្ធភាពក្នុងការប្រតិបត្តិម៉ាក្រូសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្នុងរយៈពេលកន្លងមក។ រដ្ឋាភិបាលវៀតណាមបានកំណត់ថា នឹងរួមជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ឆ្លៀតយកឱកាសថ្មីៗ ជំនះពុះពារលើឧបសគ្គ និងបញ្ហាប្រឈម ដើម្បីស្តារសន្ទុះកំណើនឡើងវិញ ហើយសម្រេចបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដែលបានកំណត់សម្រាប់ពេញឆ្នាំនេះ។

ឆ្លៀតយកឱកាសថ្មីៗដើម្បីស្ដារសន្ទុះកំណើនឡើងវិញ - ảnh 1សកម្មភាពផលិតកម្មនៅក្រុមហ៊ុនមួយក្នុងតំបន់ឧស្សាហកម្ម Khai Quang ខេត្ត Vinh Phuc។ រូបថត៖ Hoang Hung/TTXVN

ផ្ទាំងគំនូរសេដ្ឋកិច្ចមានចំណុចភ្លឺជាច្រើន

ក្នុងបរិបទដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកជួបការលំបាកជាច្រើន កំណើនយឺត សេដ្ឋកិច្ចវៀតណាមនៅតែកត់ត្រាចំណុចភ្លឺមួយចំនួនដូចជា៖ វិស័យសេវាកម្មបានងើបឡើងវិញយ៉ាងល្អ ដោយកើនឡើង ៦,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន រួមវិភាគទានជិត ៨០% ក្នុងកំណើនទូទៅនៅក្នុងរយៈពេល ៧ ខែដើមឆ្នាំ; អតិផរណាបន្ថយកំដៅ ត្រូវបានគ្រប់គ្រងក្នុងកម្រិតសមស្រប; តុល្យភាពម៉ាក្រូត្រូវបានរក្សាយ៉ាងរឹងមាំ អត្រាការប្រាក់ថយចុះ អត្រាប្តូរប្រាក់មានស្ថេរភាព; ការបើកចំណាយទុនវិនិយោគសាធារណៈត្រូវបានជំរុញ និងកែលម្អគួរឲ្យ
កត់សម្គាល់។

នេះគឺជាសមិទ្ធផលពីការដែលរដ្ឋាភិបាលបានចេញផ្សាយដំណោះស្រាយ គោលនយោបាយ ការបញ្ជាដឹកនាំ និងប្រតិបត្តិការយ៉ាងប្ដូរផ្ដាច់លើគ្រប់វិស័យ។ គោលនយោបាយលេចធ្លោជាច្រើន ដែលបង្កើតបាននូវការស្រុះចិត្តគំនិតសង្គមដូចជា៖ ការពន្យាពេលកំណត់លើការបង់ពន្ធ ការកាត់បន្ថយថ្លៃចុះបញ្ជីរថយន្តដែលផលិតក្នុងស្រុក ការកាត់បន្ថយពន្ធលើតម្លៃបន្ថែម ការកាត់បន្ថយអត្រាការប្រាក់កម្ចី; ការរៀបចំឡើងវិញនូវកាលកំណត់សងបំណុល ការដោះស្រាយការជំពាក់ជំពិនក្នុងវិស័យអចលនទ្រព្យ វិនិយោគ បរិស្ថាននិងសុខាភិបាល ជាដើម។

យោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត Tran Dinh Thien អតីតប្រធានបណ្ឌិត្យសភាសេដ្ឋកិច្ចវៀតណាម រដ្ឋាភិបាលបានផ្តោតសំខាន់លើការតាមដាន  វាយតម្លៃពីផលប៉ះពាល់ទីផ្សារ អាស្រ័យហេតុនោះមានការកែសម្រួលគោលនយោបាយរូបិយវត្ថុប្រកបដោយភាពបត់បែន ដែលគាំទ្រការជំរុញសកម្មភាពផលិតកម្ម កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម និងកាត់បន្ថយបែបបទរដ្ឋបាល។ លោក Tran Dinh Thien ចាត់ទុកថា៖

“ឆ្នាំនេះ រដ្ឋាភិបាលបានកំណត់បាននូវបញ្ហានានា ហើយដាក់ចេញទិសដៅដោះស្រាយជាទូទៅ។ បរិបទពិភពលោកទូទៅ កំពុងមានបញ្ហាប្រឈមជាច្រើន ដូច្នេះយើងត្រូវតែផ្អែកលើស្ថានភាពរបស់ពិភពលោកដើម្បីដោះស្រាយឲ្យបត់បែន។ ប្រការសំខាន់នោះ គឺរក្សាបាននូវមូលដ្ឋានគ្រឹះ បង្កើតសន្ទុះដ៏ខ្លាំងក្លាសម្រាប់ដំណាក់កាលបន្ទាប់។ នៅក្នុងពិភពលោកអស្ថិរភាព និងមានការលំបាកជាច្រើនដូចបច្ចុប្បន្ន ខ្ញុំគិតថានេះគឺជារឿងសំខាន់បំផុត”។

ដើម្បីសម្រេចបានគោលដៅកំណើនក្នុងប៉ុន្មានខែចុងឆ្នាំ និងឆ្នាំបន្ទាប់នោះ យោងតាមអ្នកជំនាញនានា កត្តាសំខាន់បំផុតនៅពេលនេះ នៅតែជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តុល្យភាពរវាងការគ្រប់គ្រងអតិផរណា និងកំណើន រវាងអត្រាការប្រាក់ និងអត្រាប្តូរប្រាក់ រវាងតុល្យភាពថវិកានិងការជួយទ្រទ្រង់ប្រជាពលរដ្ឋ និងអាជីវកម្ម។ លោកបណ្ឌិត Can Van Luc ប្រធានសេដ្ឋវិទូនៃធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) បានផ្តល់អនុសាសន៍ថា៖

“មានចំណុចសំខាន់ចំនួន ៣ ដើម្បីឲ្យយើងបង្កើតកម្លាំងចលករដ៏យូរអង្វែង។ ទីមួយគឺជាបញ្ហារចនាសម្ព័ន្ធ ព្រោះឥឡូវនេះ ប្រទេសណាដែលចង់បង្កើតមូលដ្ឋានគ្រឹះនិរន្តរភាព ត្រូវតែវិលមករកបញ្ហារចនាសម្ព័ន្ធវិញ។ ទីពីរ គឺបញ្ហាផលិតភាព។ ទីបីគឺត្រូវកែសម្រួលគំរូកំណើនឆ្ពោះទៅរកនិន្នាការឌីជីថល ឬធ្វើតាមគំរូនវានុវត្តន៍បន្ថែមទៀត។ នោះគឺជាកម្លាំងចលករសម្រាប់កំណើន”។

ឆ្លៀតយកឱកាសថ្មីៗដើម្បីស្ដារសន្ទុះកំណើនឡើងវិញ - ảnh 2នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែកក្កដា។ (រូបថត៖ TTXVN)

ប្ដេជ្ញាចិត្តសម្រេចបាននូវកម្រិតខ្ពស់បំផុតនៃគោលដៅដែលបានកំណត់

ដោយបានមើលឃើញយ៉ាងច្បាស់លាស់ពីការលំបាក និងបញ្ហាប្រឈមនានា ដើម្បីសម្រេចបាននូវគោលដៅកំណើន ៦,៥% ដូចដែលបានគ្រោងទុក ក្រៅពីដំណោះស្រាយពោលខាងលើ ក្នុងកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែកក្កដា កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់លើទិសដៅណែនាំមួយចំនួន៖

“សំណូមពរឲ្យបណ្ដារដ្ឋមន្ត្រី ប្រធានផ្នែក ប្រធានគណៈកម្មាធិការប្រជាជនមូលដ្ឋាន តាមមុខងារ ភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន ផ្តោតលើការដឹកនាំ ប្រតិបត្តិការដោយការប្តេជ្ញាចិត្តខ្ពស់ជាង ការខិតខំប្រឹងប្រែងខ្លាំងក្លាជាង ការដឹកនាំប្ដូរផ្ដាច់ជាង ដើម្បីអនុវត្តន៍ភារកិច្ចដែលបានកំណត់។ ក្រសួងផែនការ និងវិនិយោគត្រូវសម្រេចការបែងចែកយ៉ាងល្អិតល្អន់នូវផែនការវិនិយោគថវិការដ្ឋឆ្នាំ២០២៣។ជំរុញខ្លាំងនូវសកម្មភាពរបស់ក្រុមការងារចំនួន៥ ដែលទទួលបន្ទុកការពន្លឿនដំណើរការបើកចំណាយទុនវិនិយោគសាធារណៈ។ មូលដ្ឋាននានាបន្តពិនិត្យឡើងវិញ កាត់បន្ថយលក្ខខណ្ឌអាជីវកម្ម និងបែបបទ ជួយសម្រួលដល់ប្រជាជន និងអាជីវកម្ម បង្កើនការផ្សព្វផ្សាយដើម្បីទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសប្រកបដោយគុណភាពខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូរដ្ឋ-ឯកជន លើកកំពស់ការព្យាករណ៍ពីបណ្ដាសេណារីយ៉ូប្រតិបត្តិការម៉ាក្រូសេដ្ឋកិច្ច”។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ពន្លឿនគម្រោងផលិតកម្មឧស្សាហកម្មទ្រង់ទ្រាយធំ លើកទឹកចិត្តសហគ្រាសចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់តម្លៃសកល; បង្កើនការផ្សព្វផ្សាយពាណិជ្ជកម្ម ទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខា; ជំរុញការទូតបៃតង កសាងយន្តការ និងគោលនយោបាយសម្រាប់កំណើនបៃតង ដើម្បីបំពេញការសន្យាអន្តរជាតិ ស្របតាមស្តង់ដារ និងទំលាប់អន្តរជាតិ។

ទោះបីជាសូចនាករម៉ាក្រូសេដ្ឋកិច្ចមិនបានដូចការរំពឹងទុកក៏ដោយ ប៉ុន្តែនិន្នាការកាន់តែមានភាពវិជ្ជមាន ខែក្រោយខ្ពស់ជាងខែមុន ត្រីមាសក្រោយល្អជាងត្រីមាសមុន។ ថ្វីត្បិតតែមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ រដ្ឋាភិបាលវៀតណាមនឹងមិនកែសម្រួលគោលដៅកំណើននោះទេ ប៉ុន្តែក្ដាប់ជាប់ឱកាសនីមួយៗឲ្យបានល្អ ប្តេជ្ញាចិត្តសម្រេចបានកម្រិតខ្ពស់បំផុតនៃគោលដៅដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ