ជោគជ័យនៃបដិវត្តន៍ខែសីហាគឺជាកម្លាំងចលករដើម្បីកសាងប្រទេសជាតិ

(VOVWORLD) - ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ គឺជាខួបលើកទី ៧៩ ទិវាជ័យជំនះនៃបដិវត្តខែសីហា (១៩ សីហា ១៩៤៥ - 19 សីហា ២០២៤)។ ប្រជាជនវៀតណាមជាង ២០ លាននាក់បានក្រោកឈរឡើងធ្វើការបះបោរ បង្កើតជ័យជំនះដ៏មហិមារនៃបដិវត្តន៍ខែសីហា ដណ្តើមរដ្ឋអំណាចមកប្រជាជនវិញ។ ជ័យជំនះនៃបដិវត្តខែសីហាជិត ៨០ ឆ្នាំមុន ជានិច្ចកាលជាកម្លាំងចលករសម្រាប់ជោគជ័យរបស់វៀតណាមក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ជោគជ័យនៃបដិវត្តន៍ខែសីហាគឺជាកម្លាំងចលករដើម្បីកសាងប្រទេសជាតិ - ảnh 1ការបះបោរទូទៅនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥ នៅអគាររដ្ឋបាល Bac Bo Phu។
(រូបថត៖ VNA)

នាំប្រជាជាតិវៀតណាមឈានចូលយុគសម័យថ្មី

ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ ប្រជាជនវៀតណាមទាំងមូលបានក្រោកឈរឡើងធ្វើការបះបោរទូទៅ ដើម្បីដណ្តើមរដ្ឋអំណាច។ ក្នុងរយៈពេលត្រឹមតែ ១៥ ថ្ងៃនៅចុងខែសីហា ឆ្នាំ ១៩៤៥ ការបះបោរទូទៅ សម្រេចបានជោគជ័យទាំងស្រុង ហើយរដ្ឋអំណាចទូទាំងប្រទេសត្រូវបានប្រគល់ជូនប្រជាជនវិញ។

ជ័យជំនះនៃបដិវត្តខែសីហាឆ្នាំ ១៩៤៥ បាននាំប្រជាជាតិវៀតណាមឈានចូលយុគសម័យថ្មីមួយ ដែលជាយុគសម័យនៃឯករាជ្យជាតិផ្សាភ្ជាប់នឹងសង្គមនិយម។ ប្រជាជនវៀតណាមពីឋានៈជាទាសករ បានក្លាយទៅជាម្ចាស់ប្រទេសជាតិ និងធ្វើម្ចាស់លើជោគវាសនារបស់ខ្លួនផងដែរ។ ដោយវាយតម្លៃពីអត្ថន័យដ៏ធំធេងនេះ លោកប្រធានហូជីមិញបានអះអាងថា៖ “បដិវត្តខែសីហាបានវាយផ្តួលរំលំរបបរាជានិយមអស់រយៈពេលរាប់សិបសតវត្ស វាយបំបែកនឹមត្រួតត្រាអាណានិគមជិត ១០០ ឆ្នាំ ប្រគល់រដ្ឋអំណាចមកជូនប្រជាជនវិញ ហើយបានកសាងមូលដ្ឋានគ្រឹះសម្រាប់សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមឯករាជ្យ សេរីភាព និងសុភមង្គល។ នោះគឺជាការផ្លាស់ប្តូរដ៏ធំធេងបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសយើង”។

ជ័យជំនះនៃបដិវត្តន៍ខែសីហា បានបង្ហាញពីមាគ៌ាបដិវត្តន៍ដ៏ត្រឹមត្រូវ ភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ចក្ខុវិស័យយុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់ក្នុងការឆក់យកឱកាសរាប់ពាន់ឆ្នាំមានតែមួយ របស់បក្សនិងលោកប្រធានហូជីមិញ។

ជោគជ័យនៃបដិវត្តន៍ខែសីហាគឺជាកម្លាំងចលករដើម្បីកសាងប្រទេសជាតិ - ảnh 2សាស្ត្រាចារ្យរង បណ្ឌិត លោក Nguyen Manh Ha អតីតប្រធានសភាបណ្ឌិត្យប្រវត្តិសាស្ត្របក្ស។ (រូបថត៖ VOV)

ជោគជ័យនៃបដិវត្តន៍ខែសីហា ក៏បានបញ្ជាក់ពីកម្លាំងពលំនៃផែនមហាសាមគ្គីជនជាតិទាំងមូល កម្លាំងនៃប្រពៃណីស្នេហាជាតិ ឫទ្ធានុភាព បញ្ញា និងឆន្ទៈដ៏មោះមុតរបស់ប្រជាជាតិវៀតណាមផងដែរ។ សាស្ត្រាចារ្យរង បណ្ឌិត លោក Nguyen Manh Ha អតីតប្រធានសភាបណ្ឌិត្យប្រវត្តិសាស្ត្របក្សបានមានប្រសាសន៍ថា៖

“ក្រៅពីសេចក្ដីស្នេហាជាតិនោះ គឺការភ្ញាក់រលឹក និងមនសិកាធ្វើម្ចាស់លើប្រទេសជាតិ ដូច្នេះបានជា ប្រជាពលរដ្ឋរាប់ម៉ឺននាក់បានប្ដេជ្ញាចិត្តប្រើប្រាស់កម្លាំងកាយ កម្លាំងចិត្ត អាយុជីវិត និងទ្រព្យសម្បត្តិទាំងស្រុង ដើម្បីរក្សាសេរីភាព និងឯករាជ្យភាពឲ្យរឹងមាំ។ ពួកគេបានសច្ចាយ៉ាងដូច្នេះ រួមជាមួយរដ្ឋាភិបាល។ ប្រការនោះបង្ហាញពីការស្រុះចិត្តគំនិតរវាងមជ្ឈិម និងមូលដ្ឋាន រវាងរដ្ឋាភិបាល និងប្រជាជន រវាងបក្ស និងប្រជាជន”។

បង្កើតជំនឿជាក់និងកម្លាំងចលករបន្ថែមទៀតក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

ក្នុងរយៈពេល ៧៩ ឆ្នាំកន្លងមក វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេង ប្រកបដោយអត្ថន័យប្រវត្តិសាស្ត្រលើគ្រប់វិស័យ៖ មាត្រដ្ឋាននិងសក្តានុពលសេដ្ឋកិច្ចកើនឡើងយ៉ាងឆាប់រហ័ស; ពីប្រទេសក្រីក្រ មានការអភិវឌ្ឍតិចតួច វៀតណាមបានក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលមធ្យម។ ដល់ឆ្នាំ២០៤៥ វៀតណាមខិតខំប្រឹងប្រែងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ដូចមានចែងក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។

ជាពិសេស ក្រោយរយៈពេល ៣៨ ឆ្នាំនៃការអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មី (១៩៨៦ - ២០២៤) “មិនធ្លាប់មានពេលណា ដែលវៀតណាមមានបុព្វហេតុ សក្ដានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ"។ វៀតណាមកំពុងបន្តជំរុញឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងខ្លាំងក្លានិងទូលំទូលាយ។ កំណើនសេដ្ឋកិច្ចខ្ពស់និងស្ថិរភាព; ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង; ឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីត្រូវបានរក្សារឹងមាំ។ សមិទ្ធិផលដែលមានអត្ថន័យជាប្រវត្តិសាស្ត្រទាំងនេះ គឺជាសក្ខីភាពនៃសេចក្ដីសច្ចាឯករាជ្យនៅឆ្នាំ ១៩៤៥ ហើយថែមទាំងបញ្ជាក់នូវស្មារតីសាមគ្គីភាព ឆន្ទៈអង់អាចក្លាហាន និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ឈានទៅមុខរបស់ប្រទេសជាតិទាំងមូល ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមផងដែរ។

ជោគជ័យនៃបដិវត្តន៍ខែសីហាគឺជាកម្លាំងចលករដើម្បីកសាងប្រទេសជាតិ - ảnh 3អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ (រូបថត៖ VGP)

បច្ចុប្បន្ននេះ វៀតណាមកំពុងពន្លឿនការប្រឡងប្រណាំងអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំដំណាក់កាល ២០២១-២០២៥ ដោយខិតខំប្រឹងប្រែងបំពេញនូវគោលដៅយុទ្ធសាស្ត្រដែលមហាសន្និបាតបក្សលើកទី១៣បានដាក់ចេញ បង្កើតសន្ទុះរឹងមាំសម្រាប់ដំណាក់កាលបន្ទាប់។ ក្នុងសុន្ទរកថាចូលកាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ សីហា) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្ដែងជំនឿជាក់ថា៖

“គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខានីតិកាលទី ១៣ នឹងជាសមូហភាពដ៏រឹងមាំ ជាកត្តាស្នូលដែលប្រមូលផ្តុំកម្លាំងពលំ ដើម្បីដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលជំហរ គោលមាគ៌ារបស់បក្ស ដំបូងបង្អស់គឺសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចបានគោលដៅរបស់ប្រទេសជាតិ គឺរយៈពេល១០០ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស ១០០ឆ្នាំនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលសព្វថ្ងៃជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅត្រឹមពាក់កណ្តាលសតវត្សរ៍ទី២១ ប្រទេសយើងនឹងក្លាយជាប្រទេសអភិវឌ្ឍន៍តាមទិសដៅសង្គមនិយម”។

ក្នុងរយៈពេល ៧៩ ឆ្នាំកន្លងមក ជាមួយនឹងស្មារតីនៃបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំងមូលបានរួមកម្លាំងកាយចិត្ត ប្តេជ្ញាជាឯកច្ឆ័ន្ទដើម្បីបង្កើតឡើងអព្ភូតហេតុក្នុងដំណើរបដិវត្តន៍ថ្មី យុគសម័យថ្មីរបស់ប្រជាជាតិវៀតណាមវីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ