ជំនឿជាក់ទៅលើថ្ងៃថ្មីដ៏ភ្លឺស្វាង

(VOVWORLD) - ជំនះពុះពារលើការលំបាកសាកល្បងជាច្រើនក្នុងឆ្នាំ ២០២១ នោះ វៀតណាមបានបោះជំហានឈានចូលឆ្នាំថ្មី ២០២២ ប្រកបដោយទំនុកទុកចិត្ត ជាមួយនឹងការប្តេជ្ញាចិត្តគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវជំងឺរាតត្បាតកូវីដ-១៩ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រក្សាសន្តិសុខ និងកិច្ចការពារជាតិយ៉ាងរឹងមាំ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធានា ទំនាក់ទំនងកិច្ចការបរទេសត្រូវបានពង្រឹង កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ហើយឋានៈ និងកិត្យានុភាពអន្តរជាតិត្រូវបានលើកកម្ពស់។

                                                 ជំនឿជាក់ទៅលើថ្ងៃថ្មីដ៏ភ្លឺស្វាង

ជំនឿជាក់ទៅលើថ្ងៃថ្មីដ៏ភ្លឺស្វាង - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ដឹកនាំសន្និសីទរដ្ឋាភិបាល ជាមួយបណ្តាមូលដ្ឋានលើកដំបូងក្នុងឆ្នាំ ២០២២ (រូបថត៖ baochinhphu.vn)

ក្នុងសន្និសីទរដ្ឋាភិបាល ជាមួយបណ្តាមូលដ្ឋានលើកដំបូងក្នុងឆ្នាំ ២០២២ នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអះអាងថា ដោយបានបន្តមរតក និងពង្រីករាល់សមិទ្ធិផល ដែលសម្រេចបានក្នុងឆ្នាំ២០២២ នោះវៀតណាមខិតខំប្រឹងប្រែងគ្រប់គ្រងប្រកបដោយជោគជ័យនូវជំងឺរាតត្បាត ស្ដារសេដ្ឋកិច្ចឡើងវិញ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធានា ទទួល គោលដៅកំណើន GDP គឺ ៦-៦,៥% ហើយ GDP សម្រាប់មនុស្សម្នាក់សម្រេចបាន ៣ ៩០០ ដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ “សាមគ្គីគ្នា រួមកម្លាំងកាយចិត្ត ស្រុះចិត្តគំនិតគ្នា ខិតខំប្រឹងប្រែងជំនះពុះពារលើរាល់ការលំបាក សាកល្បង អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅដែលបានប្រគល់ជូន។ ខិតខំប្រឹងប្រែងដើម្បីឆ្នាំ ២០២២ គឺជាឆ្នាំជ័យជំនះលើជំងឺរាតត្បាត សេដ្ឋកិច្ចត្រូវបានស្ដារ និងអភិវឌ្ឍន៍ឡើងវិញ សង្គមមានសណ្តាប់ធ្នាប់ និងវិន័យ អធិបតេយ្យភាពជាតិត្រូវបានរក្សាយ៉ាងរឹងមាំ នយោបាយមានស្ថិរភាព ហើយប្រជាពលរដ្ឋមានជីវភាពរស់នៅប្រកបដោយភាពសុខសន្ត និងសុភមង្គលផងដែរ”។

គោលដៅ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក៏ជាក្តីសង្ឃឹម និងជំនឿជាក់របស់ប្រជាជនវៀតណាមគ្រប់រូបទាំងនៅក្នុង និងក្រៅប្រទេសនៅឆ្នាំ ២០២២។ មូលដ្ឋាននៃក្ដីសុទិដ្ឋិនិយមនោះ មិនត្រឹមតែជាសមិទ្ធិផលប្រកបដោយមោទនភាពដែលសម្រេចបានក្នុងបរិបទដ៏លំបាកកន្លងទៅប៉ុណ្ណោះទេ ថែមទាំងមកពីគោលនយោបាយយ៉ាងខ្លាំងក្លា និងទាន់ពេលវេលារបស់រដ្ឋាភិបាល ជាពិសេសគឺការរួមកម្លាំងកាយចិត្ត ការស្រុះចិត្តគំនិត សាមគ្គីភាពរបស់ប្រជាជាតិវៀតណាមទៀតផង។ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong មានជំនឿជាក់ថា៖ “ក្នុងរយៈពេលពីរឆ្នាំ ២០២០-២០២១ យើងបានដកបទពិសោធន៍ជាច្រើន ក៏ដូចជាមានកម្លាំងចលករថ្មី និងបរិយាកាសថ្មីសម្រាប់កំណើន និងការអភិវឌ្ឍ។ យើងបានសាមគ្គីគ្នា ឯកភាពគ្នាក្នុងប្រព័ន្ធនយោបាយទាំងមូល។ យើងនៅតែរក្សាបានមូលដ្ឋានគ្រឹះដ៏ល្អ ដើម្បីស្ដារសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស អភិវឌ្ឍន៍ប្រកបដោយចីរភាព រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណាផងដែរ”។

អង្គការអន្តរជាតិ ដែលមានកិត្យានុភាពជាច្រើនក៏បានវាយតម្លៃថា សេដ្ឋកិច្ចរបស់វៀតណាម នឹងរីកចម្រើននៅឆ្នាំ ២០២២ ផងដែរ។ នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២២ គឺ ៦,៥% ស្មើនឹងអត្រាកំណើនគោលដៅដែលរដ្ឋាភិបាលបានដាក់ចេញ។ ដូចគ្នានេះដែរ ធនាគារពិភពលោក HSBC ក៏បានព្យាករណ៍ថា កំណើន GDP របស់វៀតណាមនៅឆ្នាំនេះ នឹងសម្រេចបាន ៦,៥% ខណៈពេលដែលធនាគារ Standard Chartered បានវាយតម្លៃថាកំណើននេះគឺ ៦,៧% ផងដែរ។

មានជំនឿជាក់ថា ដោយមានការប្តេជ្ញាចិត្ត ការរួមកម្លាំងកាយចិត្ត និងការស្រុះចិត្តគំនិតរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងប្រជាជនទាំងមូលនោះ ប្រទេសជាតិប្រាកដជានឹងជំនះពុះពារលើរាល់ការលំបាក សាកល្បង ហើយបន្តសម្រេចបានសមិទ្ធិផលសំខាន់ៗថែមទៀតនៅក្នុងឆ្នាំថ្មី ឆ្នាំ ២០២២ ជាក់ជាពុំខាន។

បទសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមជាមួយលោក Phan Duc Hieu សេដ្ឋកិច្ចវិទូ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច នៃរដ្ឋសភាវៀតណាម

ជំនឿជាក់ទៅលើថ្ងៃថ្មីដ៏ភ្លឺស្វាង - ảnh 2លោក Phan Duc Hieu សេដ្ឋកិច្ចវិទូ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច នៃរដ្ឋសភាវៀតណាម (រូបថត៖ doanhnghiephoinhap.vn)

អ្នកយកព័ត៌មាន៖ សូមជំរាបសួរលោក Phan Duc Hieu។ សូមអរគុណលោកដែលបានផ្ដល់បទសំភាសន៍ជាមួយយើងខ្ញុំ។ សំណួរដំបូងរបស់យើងខ្ញុំគឺ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗជាច្រើនដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី ADB, HSBC, Standard Chartered សុទ្ធតែបានវាយតម្លៃថា កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២២ អាចទទួលបានកម្រិតស្មើ ឬខ្ពស់ជាងគោលដៅរបស់រដ្ឋាភិបាលគឺ ៦-៦,៥%។ តើលោកមានទស្សនៈដូចម៉្ដេចអំពីបញ្ហានេះ។

លោក Phan Duc Hieu៖ “ខ្ញុំឯកភាពជាមួយការព្យាករណ៍អំពីកម្រិតកំណើន។ ទោះជាយ៉ាងណាក៏ដោយ ក្នុងបរិបទបច្ចុប្បន្ននេះ ការព្យាករណ៍អាចប្រែប្រួល ពោលគឺអាចកើនឡើង ឬថយចុះ ព្រោះថា ពេលវេលាជាក់ស្ដែងនារយៈពេលកន្លងទៅបានបញ្ជាក់ពីរឿងរ៉ាវនេះ
រួចហើយ។ ទោះជាដូច្នេះក៏ដោយ យើងអាចបញ្ជាក់យ៉ាងពិតប្រាកដថា ឆ្នាំ ២០២២ មានយថាទស្សន៍ល្អប្រសើរជាងឆ្នាំ ២០២១។ យើងមានឱកាសល្អៗជាច្រើន ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចនៅឆ្នាំ ២០២២”។

អ្នកយកព័ត៌មាន៖ តាមគំនិតរបស់លោក តើអ្វីជាកម្លាំងចលករស្នូលនៃខឿនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២២?

លោក Phan Duc Hieu៖ “ទីមួយ ទាក់ទងនឹងជំងឺរាតត្បាតកូវីដ ១៩ យើងមានបទពិសោធន៍ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ហើយជាក់ស្ដែងយើងបានចាត់វិធានការឆ្លើយតបនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ ដូច្នេះហើយ ទោះបីជាជំងឺរាតត្បាតបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែយើងអាចគ្រប់គ្រងជំងឺនេះយ៉ាងល្អជាង ឆ្នាំ ២០២១។ ខ្ញុំក៏ចាត់ទុកថា ការរក្សាតុល្យភាពរវាងការគ្រប់គ្រងជំងឺ និងការអភិវឌ្ឍសេដ្ឋកិច្ចនឹងដំណើរការល្អជាង។ ទី ២ រដ្ឋាភិបាលបានចាត់វិធានការជាច្រើន ដើម្បីជួយសម្រួលសហគ្រាសស្ដារផលិតកម្ម ធ្វើអាជីវកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច។ ជាពិសេស សម័យប្រជុំវិសាមញ្ញរដ្ឋសភានាពេលថ្មីៗនេះ ក៏បានអនុម័តលើកញ្ចប់គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងនោះមានគោលនយោបាយសារពើពន្ធជាច្រើន ដើម្បីជួយឧបត្ថម្ភដល់សហគ្រាសផ្ទាល់ ទាំងពលករ ប្រភពទុន កាត់បន្ថយពន្ធជាដើម”។

អ្នកយកព័ត៌មាន៖ យើងមានកម្លាំងចលករល្អ ប៉ុន្តែបញ្ហាសាកល្បងនៅតែកើតមានឡើង នោះគឺជំងឺរាតត្បាតកូវីដ ១៩ ដែលត្រូវបានព្យាករណ៍ថានៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ តាមលោក តើយើងចាំបាច់ត្រូវផ្ដោតសំខាន់លើដំណោះស្រាយអ្វី ដើម្បីជំនះពុះពារលើការលំបាក ហើយសម្រេចបានគោលដៅដែលបានដាក់ចេញ។

លោក Phan Duc Hieu៖ “មានចំណុចគួរកត់សម្គាល់ចំនួន ៣៖ ទីមួយ ក្នុងបរិបទឆ្នាំ ២០២២ នេះ តុល្យភាពរវាងការគ្រប់គ្រងជំងឺ និងការអភិវឌ្ឍសេដ្ឋកិច្ច គឺមានសារៈសំខាន់ណាស់។ ជាក់ស្ដែង នៅពេលរដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ១២៨ ស្ដីពីការតាមដាន និងគ្រប់គ្រងជំងឺរាតត្បាតយ៉ាងតឹងរ៉ឹង ទៅជាការសម្របខ្លួនប្រកបដោយភាពបត់បែន សុវត្ថិភាព និងប្រសិទ្ធិភាពនោះ គឺយើងបានមើលឃើញពីឥទ្ធិពលយ៉ាងធំធេងណាស់។ ដូច្នេះហើយ សង្ឃឹមថា រដ្ឋាភិបាលនឹងចេញផ្សាយយុទ្ធសាស្ត្រមេ ស្តីពីការគ្រប់គ្រងជំងឺរាតត្បាត ដោយរក្សាតុល្យភាពរវាងការគ្រប់គ្រងជំងឺ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ទីពីរ ក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសគឺយុទ្ធសាស្ត្រស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលរដ្ឋាភិបាលត្រៀមចេញផ្សាយ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋសភានោះ ការត្រៀមរៀបចំអនុវត្តន៍ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពគឺមានសារៈសំខាន់ខ្លាំងណាស់។ទីបី សហគ្រាសក៏ចាំបាច់ត្រូវទាញយកគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋាភិបាល ដោយផ្សារភ្ជាប់ជាមួយការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ផ្លាស់ប្ដូរគំរូ បែបផែនធ្វើអាជីវកម្ម ដើម្បីរួមចំណែកយ៉ាងខ្លាំងក្លាថែមទៀតទៅក្នុងកំណើន និងការស្ដារអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញផងដែរ”។

អ្នកយកព័ត៌មាន៖  សូមអរគុណលោក។

ថ្ងៃថ្មីដ៏រស់រវើក

ជំនឿជាក់ទៅលើថ្ងៃថ្មីដ៏ភ្លឺស្វាង - ảnh 3ពិធីបើកការធ្វើចរាចរណ៍បច្ចេកទេសនៃខ្សែផ្លូវល្បឿនលឿន Trung Luong-My Thuan (រូបថត៖ qdnd.vn)

នៅទូទាំងប្រទេសជាតិ គម្រោង និងសំណង់ ដែលមានតួនាទី និងអត្ថន័យដ៏សំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាននានា ត្រូវបានបើកការដ្ឋានសាងសង់ ចុះបឋមសិលា ឬដាក់ឱ្យប្រើប្រាស់ធ្វើអាជីវកម្មនាដើមឆ្នាំ ២០២២។ ជាពិសេស លើវិស័យផលិតកម្ម គឺទទួលបានដំណឹងល្អៗអំពីឆ្នាំថ្មីប្រកបដោយអំណោយផល និងវិបុលភាពផងដែរ។

នាថ្ងៃទី ១៩ ខែមករាកន្លងទៅ ពិធីបើកការធ្វើចរាចរណ៍បច្ចេកទេសនៃខ្សែផ្លូវល្បឿនលឿន Trung Luong-My Thuan ត្រូវបានប្រព្រឹត្តិទៅ។ នេះគឺជាគម្រោងគមនាគមន៍ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះដូរពាណិជ្ជកម្មតភ្ជាប់តំបន់ដីសណ្ដទន្លេ Cuu Long ជាមួយទីក្រុងហូជីមិញ និងតំបន់សេដ្ឋកិច្ចពិសេសនៅភាគខាងត្បូង។ មួយថ្ងៃមុននេះ គម្រោងវិនិយោគសាងសង់ខ្សែផ្លូវតភ្ជាប់ផ្លូវជាតិលេខ ៩១ និងខ្សែផ្លូវទីក្រុង Long Xuyen នៃខេត្ត An Giang ក៏ត្រូវបានបើកការដ្ឋានសាងសង់ផងដែរ។ គម្រោងនេះត្រូវបានលោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc ប្រៀបប្រដូចជាផ្នែកមួយដ៏សំខាន់ ដើម្បីរួមចំណែកសុក្រិតបណ្តាញផ្លូវគមនាគមន៍ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងពង្រឹងសន្តិសុខ ការពារជាតិរបស់ខេត្ត An Giang ទីក្រុង Can Tho និងតំបន់ណាមបូខាងកើត។ មុននេះ នាដើមឆ្នាំ ២០២២ ខេត្ត Quang Ninh បានដាក់ឲ្យប្រើប្រាស់សំណង់គមនាគមន៍ចំនួន ២ ដែលដើរតួនាទីដ៏សំខាន់ចំពោះសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តគឺ ស្ពាន Cua Luc ១ និងផ្លូវជាប់សមុទ្រ Ha Long-Cam Pha។

បរិយាកាសធ្វើពលកម្មយ៉ាងសស្រាក់សស្រាំ ពោរពេញដោយថាមពលវិជ្ជមានកំពុងរីកសាយភាយនៅទូទាំងប្រទេសជាតិ ដោយជួយពង្រឹងថែមទៀតនូវជំនឿជាក់យ៉ាងមុតមាំទៅលើអំណរឆ្នាំថ្មីដ៏ល្អប្រសើរ ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងប្រកបដោយជោគជ័យ ខឿនសេដ្ឋកិច្ចសម្រេចបានកំណើនខ្ពស់ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធានាតាមស្នារតី "មិនបំភ្លេចចោលនរណាម្នាក់ឡើយ" ។

ប្រតិកម្មទៅវិញ

ផ្សេងៗ