ដំណើរការសន្តិភាពនៅលីប៊ី៖យថាទស្សន៍និងការសាកល្បង
(VOVWORLD) - ជាតំបន់មួយក្នុងចំណោមតំបន់ដ៏ក្ដៅគគុកបំផុតនៃទ្វីបអាហ្វ្រិកនិង ពិភពលោកក្នុងរយៈពេលច្រើនខែកន្លងមកនេះ វិបត្តិនៅប្រទេសលីប៊ីទើប នឹងសម្រេចបានវឌ្ឍនភាពដ៏សំខាន់មួយ ដោយអាចបញ្ឈប់បណ្ដាការប៉ះ ទង្គិចដ៏បង្ហូរឈាមដែលផ្ទុះឡើងកាលពីខែមេសាឆ្នាំ២០១៩ បណ្ដាលអោយ មនុស្សស្លាប់ជាង២២០០នាក់ និងជាង១៧ហ្មឺននាក់ត្រូវជម្លៀសចេញពីផ្ទះ សម្បែង។ ប៉ុន្តែ មជ្ឈដ្ឋានអ្នកវិភាគបានព្រមានថា ដូចជាឆាប់ពេកដើម្បី សង្ឃឹមពីសន្តិភាពយ៉ាងពិតប្រាកដសម្រាប់ប្រទេសអាហ្វ្រិកខាងជើងនេះ។
ទិដ្ឋភាពនៅសន្និសីទកាសែតជូនដំណឹងពីលទ្ធផលនៃកិច្ចប្រជុំសន្តិភាពអន្តរជាតិអំពីលីប៊ីកាលពីថ្ងៃទី១៩ខែមករាកន្លងទៅ (រូបថត៖ AFP/TTXVN) |
ក្រោយពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិជាច្រើនមក ជាពិសេសគឺរបស់ អាល្លឺម៉ង់និងរុស្ស៊ី កិច្ចប្រជុំសន្តិភាពអន្តរជាតិអំពីលីប៊ី ត្រូវបានរៀបចំឡើង នៅទីក្រុងបែកឡាំងកាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានការចូលរួម របស់ថ្នាក់ដឹកនាំប្រទេសចំនួន១១ អគ្គលេខាធិការអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហភាពអាហ្វ្រិកនិងសហព័ន្ធអារ៉ាប់។ គួរអោយកត់ សម្គាល់ថា កិច្ចប្រជុំលើកនេះសម្រេចបានលទ្ធផលសំខាន់ ដោយការដែល ភាគីនានាបានឯកភាពគ្នាលើដំណោះស្រាយនយោបាយមួយសម្រាប់ ជម្លោះនៅលីប៊ី។
ការសន្យាអន្តរជាតិនិងក្ដីសង្ឃឹមបញ្ឈប់ជម្លោះ
នៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំកាលពីយប់ថ្ងៃទី១៩ខែមករា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានអះអាងថា បន្ទាប់ពី ដំណើរការចរចាដ៏ហ្មត់ចត់និងសហប្រតិបតិ្តការគ្នា ភាគីនានាបានឯកភាពលើ ដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយមួយដើម្បីដោះស្រាយវិបត្តិនៅលីប៊ី។ លោកស្រីរូបនេះជឿជាក់ថា នេះជាការបោះជំហានដើមដំបូងឆ្ពោះ ទៅរកសន្តិភាពសម្រាប់ប្រជាជនលីប៊ី។ ក្នុងន័យនេះ ទោះបីជាមិនទាន់ដោះ ស្រាយបញ្ហាភ្លាមៗក៏ដោយ ប៉ុន្តែបណ្ដាភាគីចូលរួមកិច្ចប្រជុំ បានប្ដេជ្ញាចិត្ត ឆ្ពោះទៅជំហានជាបន្តនាពេលមុខនេះ ក្នុងនោះមានការសន្យាស្ដីពីការ បង្កើតនិងអនុវត្តបទឈប់បាញ់គ្រប់ជ្រុងជ្រោយមួយ។
នៅកិច្ចប្រជុំនេះដែរ បណ្ដាប្រទេសបានសន្យានឹងមិនធ្វើអន្តរាគមន៍ទៅ ក្នុងបញ្ហាផ្ទៃក្នុងរបស់លីប៊ី ហើយគោរពបទហ៊ុំព័ទ្ធការជួញដូរអាវុធចំពោះលីប៊ី ដែលត្រូវបានអង្គការសហប្រជាជាតិអនុម័តកាលពីឆ្នាំ២០១១ផងដែរ។
តាមមជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ការដែលប្រទេសផ្សេងៗសន្យា ជំរុញសន្តិភាព បញ្ឈប់ការធ្វើអន្តរាគមន៍និងមិន “បញ្ចូល” អាវុធចូលក្នុងលីប៊ី នឹងរួមចំណែកបញ្ចុះកំដៅគួរអោយកត់ សម្គាល់នៃស្ថានការណ៍ប្រឈមមុខដាក់គ្នានាបច្ចុប្បន្ន ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់កិច្ចសន្ទនាផ្សះផ្សារ វាងភាគីនានានៅលីប៊ីផងដែរ។
ឧបសគ្គនិងការសាកល្បង
ប៉ុន្តែ មានមតិខ្លះៗទៀតក៏បានព្រមានថា ដូចជាឆាប់ពេកដើម្បីសង្ឃឹម ទៅលើដំណោះស្រាយមួយសម្រាប់ជម្លោះនៅប្រទេសអាហ្វ្រិកខាងជើងនេះ។ រាល់ឧបសគ្គនិងការសាកល្បងដ៏ធ្ងន់ធ្ងរនៅតែស្ថិតនៅ ហើយគំរាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែងផ្សះផ្សារបស់សហគមន៍អន្តរជាតិ។
ទីមួយ ភាគីប្រឈមគ្នាទាំងពីរនៅលីប៊ីនៅតែមិនទាន់សម្រេចបាន សម្លេងរួមនៅឡើយទេ។ នៅកិច្ចប្រជុំអន្តរជាតិបែកឡាំងលើកនេះ សាធា រណៈមតិអន្តរជាតិបានរំពឹងទុកជាច្រើនចំពោះជំនួបទ្វេភាគីរវាងមេដឹកនាំនៃកងកម្លាំងប្រឈមគ្នាទាំងពីរដ៏ធំបំផុតនៅលីប៊ី ប៉ុន្តែជំនួបនេះមិនអាចប្រព្រឹត្ត ទៅបានឡើយ។ មេដឹកនាំរដ្ឋាភិបាលសាមគ្គីជាតិ (GNA) លោក Fayez al-Sarraj និងមេដឹកនាំកងទ័ពជាតិលីប៊ីដោយស្វ័យប្រកាស (LNA) លោក ឧត្តមសេនីយ៍ Haftar បានមិនព្រមព្រៀងជួបគ្នាដោយផ្ទាល់នោះទេ។ បន្ថែម ទៀត មួយសប្ដាហ៍មុននោះ តំណាងជាន់ខ្ពស់របស់ទាំង GNA និង LNA បានមិនឯកភាពគ្នាលើបទឈប់បាញ់មួយដែលស្ថាបនាដោយរុស្ស៊ីនិង ទួរគី នៅពេលជួបពិភាក្សាគ្នានៅទីក្រុងម៉ូស្គូដែរ។ ប្រការនេះមានន័យថា ភាគីទាំងពីរមិនទាន់មានជំនឿទុកចិត្តលើគ្នា ឬក៏ជំនឿទុកចិត្តនេះមិន ទាន់ល្មមដើម្បីអាចដំណើរការចរចាឡើយ។
ទីពីរ ស្ថានភាពនៅលីប៊ីកំពុងស្មុគស្មាញណាស់ ដោយមានវត្តមាន របស់ក្រុមប្រដាប់អាវុធជាច្រើន ដែលមិនចំណុះភាគីណាមួយក្នុងដំណើរការ ចរចានោះឡើយ។ ការធានាអោយក្រុមប្រដាប់អាវុធតូចៗនេះគោរពបទ ឈប់បាញ់មានកាលកំណត់គឺមានការពិបាកណាស់ មិននិយាយដល់ការគោព ដំណើរការសន្តិភាពដ៏យូរអង្វែងមួយនៅឡើយ។ លើសពីនេះទៅទៀត ការដែល ប្រទេសជាច្រើនធ្វើអន្តរាគមន៍ឬជះឥទ្ធិពលទៅលើស្ថានភាពនៅលីប៊ី ក៏ជា ការសាកល្បងមួយដែរ។ មតិជាច្រើនព្រួយបារម្ភ នៅពេលដែលស្ថានភាព នៅទីនេះមានការវិវត្តន៍ដ៏អវិជ្ជមានចំពោះភាគីអន្តរជាតិណាមួយនោះ គឺការ សន្យាមិនធ្វើអន្តរាគមន៍ពីខាងក្រៅនឹងត្រូវជួបប្រទះជាមួយគ្រោះអាសន្ន បែកបាក់។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងហ្មត់ចត់ របស់ប្រទេសនានា ជាពិសេសគឺអាល្លឺម៉ង់និងរុស្ស៊ី សាធារណៈមតិអន្តរជាតិ នៅតែរំពឹងទុកជាច្រើនចំពោះវឌ្ឍនភាពក្នុងដំណើរការសន្តិភាពនៅលីប៊ី ហើយជឿជាក់ថា បទឈប់បាញ់នឹងត្រូវបានសម្រេចនាពេលខាងមុខ តាម នោះបើកចេញក្ដីសង្ឃឹមបញ្ឈប់ការឈឺចាប់សម្រាប់ប្រជាជននៃប្រទេសអាហ្វ្រិកខាងជើងនេះ៕