ដំណើរទស្សនកិច្ចបង្ហាញសារ រូបភាពអំពីប្រទេសវៀតណាម
(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue កំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំប្រធានរដ្ឋសភាពិភពលោកលើក ទី៥ (WCSP5) នៅសាធារណៈរដ្ឋ អូទ្រីស ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣ដល់ ទី៦ ខែកញ្ញា។ បន្ទាប់មក លោកប្រធានរដ្ឋសភា Vuong Dinh Hue នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសភាអឺរ៉ុប (EP) ចក្រភព បែលហ្ស៊ិក និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋហ្វាំងឡង់ចាប់ពីថ្ងៃទី៧ដល់ទី១១ ខែកញ្ញា។ នេះជាដំណើរទស្សនកិច្ចការងារដែលមានអត្ថន័យនយោបាយដ៏សំខាន់ សំដៅបង្ហាញសារ រូបភាពអំពីប្រទេស វៀតណាម ដោយមានការទទួលខុសត្រូវ ម្ចាស់ការ និងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមានគោលនយោបាយកិច្ចការបរទេសបើក ចំហ មានបំណងប្រាថ្នាអភិវឌ្ឍ ខិតខំប្រឹងប្រែងឈានឡើងក្នុងបរិបទនៃជម្ងឺកូវីដ ១៩។
លោកប្រធានរដ្ឋសភា Vuong Dinh Hue ទៅកាន់ទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ចាប់ផ្ដើមដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំប្រធានរដ្ឋសភាពិភពលោកលើកទី៥។ (រូបថត៖ quochoi.vn) |
ដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបរបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ជាដំណើរទស្សនកិច្ចការងារលើកដំបូងរបស់ថ្នាក់ដឹកនាំស្នូលរបស់បក្ស រដ្ឋវៀតណាម ក្រោយពីមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ និងការបញ្ចប់សម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥ ដោយការសុក្រិតកម្មាភិបាលជាន់ខ្ពស់នៃក្បាលម៉ាស៊ីនរដ្ឋ។ នេះក៏ជាសកម្មភាពការទូតសភាដោយផ្ទាល់លើកដំបូងចាប់តាំងពីដើមឆ្នាំ២០២១មករបស់រដ្ឋសភាវៀតណាមផងដែរ។
បន្តពង្រីកតួនាទីនៃការទូតសភាពហុភាគី
កិច្ចប្រជុំប្រធានរដ្ឋសភាពិភពលោកលើកទី៥ ក្រោមប្រធានបទ “ការដឹកនាំរបស់សភាដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព នាំមកនូវសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាជននិងភពផែនដី”។ អង្គប្រជុំនឹងផ្ដោតសំខាន់ទៅលើការពិនិត្យមើល ពិភាក្សាអំពីបញ្ហាក្ដៅគគុកនានា ដែលត្រូវការផ្ដល់អាទិភាពដូចជា ការឆ្លើយតបជាសកលនឹងជម្ងឺកូវីដ ១៩ និងការស្ដារឡើងវិញក្រោយជម្ងឺរាតត្បាត ស្ថានការណ៍អាកាសធាតុជាបន្ទាន់ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ការចូលរួមរបស់យុវជនក្នុងនយោបាយនិងសមភាពយេនឌ័រ ជាដើម។ កិច្ចប្រជុំលើកនេះមានអត្ថន័យដ៏ពិសេសចំពោះការអភិវឌ្ឍនៃការទូតសភា ដោយជួយពង្រឹងតួនាទីរបស់សហភាពអន្តរសភាអន្តរជាតិ ហើយធ្វើឲ្យរស់រវើកឡើងវិញ និងលើកកម្រិតការទូតពហុភាគី ក្រោយពីជួបការលំបាករយៈពេលវែងដោយសារជម្ងឺកូវីដ ១៩ ផងដែរ។
ការដែលប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួម WCSP5 គឺសំដៅបញ្ជាក់នូវការប្ដេជ្ញាចិត្តចូលរួមដោយម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវរបស់វៀតណាមក្នុងសកម្មភាពសភាពហុភាគីនានា។ តាមនោះ បន្តពង្រីកតួនាទី ឋានៈរបស់វៀតណាមនៅតាមយន្តការសហប្រតិបត្តិការសភាតំបន់និងពិភពលោក រួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងការទូតរួមដើម្បីផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជាតិ។
នៅសម័យប្រជុំពេញអង្គ លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថា ដែលបង្ហាញទស្សនៈរបស់វៀតណាម ក្រោមប្រធានបទ “ការដឹកនាំរបស់សភាដើម្បីកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព សំដៅនាំមកនូវសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាជននិងភពផែនដី”។ ក្នុងបរិបទដែលជម្ងឺកូវីដ ១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញលើពិភពលោកនិងនៅវៀតណាមផងដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមនឹងចែករំលែកយោបល់ គំនិតជាច្រើន ចូលរួមចំណែកក្នុងការងារបង្ការប្រឆាំង គ្រប់គ្រងនិងរុញថយជម្ងឺរាតត្បាតលើទូទាំងពិភពលោក។ តាមរយៈជំនួបប្រាស្រ័យទ្វេភាគីនៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំនេះដែរ វៀតណាមក៏ជំរុញយ៉ាងសកម្មនូវការទូតវ៉ាក់សាំង ដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់វ៉ាក់សាំងក៏ដូចជាថ្នាំព្យាបាល សម្ភារៈបរិក្ខារពេទ្យចាំបាច់សម្រាប់ការងារបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត។
លោកប្រធានរដ្ឋសភាថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំអូទ្រីស។ (រូបថត៖ VOV) |
ជំរុញទំនាក់ទំនងទ្វេភាគី
ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋសភាវៀតណាមនឹងមានជំនួបប្រាស្រ័យទ្វេភាគីនៅកិច្ចប្រជុំ ក៏ដូចជាជំនួបជាមួយថ្នាក់ដឹកនាំសភានិងតំណាងសហគ្រាសអូទ្រីសដែលកំពុងអនុវត្តន៍គម្រោង សហប្រតិបត្តិការឬមានសក្ដានុពលសហប្រតិបត្តិការជាមួយវៀតណាម។ នាបច្ចុប្បន្ន អូទ្រីសកំពុងជាដៃគូពាណិជ្ជកម្មធំទី៨របស់វៀតណាមក្នុង EU។ ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ដោយសម្រេចបានទឹកប្រាក់ជាង៣ពាន់លានដុល្លាអាមេរិក។ អូទ្រីសមានគម្រោងវិនិយោគនៅមានសុពលភាពចំនួន៣៥នៅវៀតណាម។ ទំនាក់ទំនងសភារវាងប្រទេសទាំងពីរត្រូវបានថែរក្សាទាំងនៅលើយន្តការទ្វេភាគីនិងពហុភាគី។
ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue នឹងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមដែលជាតំណាងគំរូ ធុរជន បញ្ញាវ័ន្តនៅអូទ្រីស ហុងគ្រី ស្លូវ៉ាគី ដើម្បីជូនដំណឹងពីស្ថានភាពក្នុងប្រទេស ក៏ដូចជាសួរសុខទុក្ខ លើកទឹកចិត្តបងប្អូនអាណិកជនដែលជួបការលំបាកដោយសារជម្ងឹកូវីដ ១៩ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់នៃប្រព័ន្ធនយោបាយទាំងមូលចំពោះការងារជនវៀតណាមនៅឯបរទេស ឲ្យបានត្រឹមត្រូវតាមស្មារតីក្នុងសន្និដ្ឋានលេខ ១២ របស់ការិយាល័យនយោបាយស្ដិពីការងារចំពោះជនវៀតណាមនៅឯបរទេសក្នុងស្ថានភាពថ្មី។
ក្នុងនាមជាសមាជិកដ៏សកម្មនៃសហភាពអន្តរសភាពិភពលោក រដ្ឋសភាវៀតណាមជាប្រចាំច្រើន តែបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយប្រធានឬអនុប្រធានរដ្ឋសភាទៅចូលរួមកិច្ចប្រជុំចាប់តាំងពីឆ្នាំ២០០០មក។ ដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំប្រធានរដ្ឋសភាពិភពលោកលើកទី៥ របស់លោកប្រធានរដ្ឋសភា Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមលើកនេះ គឺសំដៅបង្ហាញសារនិងរូបភាពអំពីប្រទេសវៀតណាមដោយមានការទទួលខុសត្រូវ ម្ចាស់ការ សកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី មានគោលនយោបាយកិច្ចការបរទេសបើកចំហ មានបំណងប្រាថ្នាអភិវឌ្ឍន៍ ខិតខំប្រឹងប្រែងឈានឡើងក្នុងបរិបទនៃជម្ងឺរាតត្បាត ព្រមទាំងបង្ហាញនូវការគោរពរបស់រដ្ឋសភានិងប្រទេសវៀតណាមចំពោះកិច្ចប្រជុំ សភាអឺរ៉ុប សហភាពអឺរ៉ុប និងសភារបស់ប្រទេសដៃគូនានាផងដែរ៕