ដំណើរទស្សនកិច្ចពោរពេញទៅដោយបំណងប្រាថ្នារបស់អធិការបតីអាល្លឺម៉ង់
(VOVWORLD) - កាលពីចុងសប្តាហ៍កន្លងទៅ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការដើមដំបូងទៅកាន់ឥណ្ឌា ជាប្រទេសដែលកាន់តែមានឋានៈដ៏សំខាន់នៅក្នុងតំបន់ និងនៅលើពិភពលោក។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz (ឆ្វេង) និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ។ រូបថត៖ Indiaexpress |
កាលពីចុងសប្តាហ៍កន្លងទៅ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការដើមដំបូងទៅកាន់ឥណ្ឌា ជាប្រទេសដែលកាន់តែមានឋានៈដ៏សំខាន់នៅក្នុងតំបន់ និងនៅលើពិភពលោក។ ដោយប្រព្រឹត្តិទៅក្នុងបរិបទ ដែលអាល្លឺម៉ង់ និងអឺរ៉ុបទាំងមូលកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរជាច្រើន ដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌារបស់ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ត្រូវបានចាត់ទុកថា មានអត្ថន័យដ៏សំខាន់មិនត្រឹមតែចំពោះទីក្រុងប៊ែរឡាំងប៉ុណ្ណោះទេ ថែមទាំងចំពោះអឺរ៉ុប និងជាងនេះទៅទៀតទៀតផង។
នេះគឺជាដំណើរទស្សនកិច្ចដើមដំបូងទៅកាន់ឥណ្ឌារបស់លោក Olaf Scholz ចាប់តាំងពីរពេលលោកក្លាយទៅជាអធិការបតីអាល្លឺម៉ង់កាលពីខែសីហា ឆ្នាំ ២០២១។ ដំណើរទស្សនកិច្ចនេះទាក់ទាញចំណាប់អារម្មណ៍របស់សាធារណៈមតិអន្តរជាតិ ព្រោះថាប្រព្រឹត្តិទៅក្នុងពេលវេលាដ៏ពិសេស ខណៈពេលដែលអាល្លឺម៉ង់ និងប្រទេសអឺរ៉ុបស្ទើរតែទាំងអស់កំពុងរងឥទ្ធិពលដ៏ធ្ងន់ធ្ងរពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈពេលដែលឥណ្ឌាកាន់តែលេចធ្លោជាដៃគូដ៏សំខាន់របស់ភាគីទាំងអស់ផងដែរ។
បរិបទដ៏ពិសេស
យោងតាមអ្នកវិភាគអន្តរជាតិជាច្រើនបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តិទៅក្នុងពេលវេលាដ៏ពិសេស។ ទីមួយ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តិទៅក្នុងឱកាសមួយឆ្នាំដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង (ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២) ជាព្រឹត្តិការណ៍ដែលកំពុង ប៉ះពាល់យ៉ាងទូលំទូលាយដល់ស្ថានភាព
ភូមិសាស្ត្រនយោបាយសកល ក្នុងនោះអឺរ៉ុប រួមទាំងអាល្លឺម៉ង់ គឺជាតំបន់ ដែលពាក់ព័ន្ធនិងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត។ គួរបញ្ជាក់ថា ក្នុងវិបត្តិនេះ អាល្លឺម៉ង់កំពុងបង្ហាញតួនាទី និងឥទ្ធិពលយ៉ាងច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ន ទីក្រុងប៊ែកឡាំងគឺជាប្រទេសលោកខាងលិច ដែលផ្គត់ផ្គង់អាវុធ និងហិរញ្ញវត្ថុច្រើនសន្ធឹកសន្ធាប់ដល់អ៊ុយក្រែន។ យោងតាមវិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក Kiel (អាល្លឺម៉ង់) នាបច្ចុប្បន្ននេះ ទីក្រុងប៊ែរឡាំងបានសន្យាផ្តល់ជំនួយយោធាជាង ២,៥ ពាន់លានដុល្លារអាមេរិកដល់ទីក្រុងគៀវ។
ទីពីរ អាល្លឺម៉ង់កំពុងស្ថិតក្នុងដំណើរការកែសម្រួលគោលនយោបាយកិច្ចការបរទេសយ៉ាងខ្លាំងក្លា ជាពិសេសគឺចំពោះប្រទេសមហាអំណាចពិភពលោក។ ក្នុងនោះ ទីក្រុងប៊ែកឡាំងបានបង្កើនការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តប្រពៃណីគឺសហរដ្ឋអាមេរិក និងអឺរ៉ុប ព្រមទាំងពង្រីកគម្លាតអភិវឌ្ឍន៍ជាមួយរុស្ស៊ី ជាពិសេសគឺលើវិស័យថាមពល។ ទន្ទឹមនឹងនោះ អាល្លឺម៉ង់កំពុងជំរុញយ៉ាងសកម្មការធ្វើពិពិធកម្មដៃគូសេដ្ឋកិច្ច និងទីផ្សារធំៗ សំដៅកាត់បន្ថយការពឹងផ្អែកលើទីផ្សារដែលមានចំនួនប្រជាជនច្រើនបំផុតរបស់ពិភពលោកគឺចិន។
ក្នុងពេលនោះឥណ្ឌាកាន់តែក្លាយជាដៃគូដ៏សំខាន់នៅលើពិភពលោកពីមួយថ្ងៃទៅ
មួយថ្ងៃ។ ប្រទេសអាស៊ីខាងត្បូងនេះមិនត្រឹមតែជាទីផ្សារដែលមានចំនួនប្រជាជនច្រើនទីពីរនៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងមានឋានៈភូមិសាស្ត្រនយោបាយដ៏សំខាន់ទៀតផង ដែលជាប្រទេសមួយក្នុងចំណោមប្រទេសនៅលើពិភពលោកមានអាវុធនុយក្លេអ៊ែរ។ គួរកត់សម្គាល់ថា ឥណ្ឌាស្ថិតក្នុងចំណោមប្រទេសដែលប្រកាន់យ៉ាងខ្ជាប់មិនចូលរួមដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី របស់អាល្លឺម៉ង់ និងសម្ព័ន្ធមិត្តលោកខាងលិច ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន។ នាថ្ងៃទី ២៣ កុម្ភៈកន្លងទៅ ឥណ្ឌាបន្តបោះឆ្នោតអនុប្បវាទនៅពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតលើសេចក្តីសម្រេចចិត្ត អំពាវនាវឱ្យរុស្ស៊ីដកងទ័ពភ្លាមមូយរំពេច។ លើសពីនេះទៅទៀត ទីក្រុងញូវដេលីកំពុងរក្សា និងពង្រីកកិច្ចសហប្រតិបត្តិការឥតឈប់ឈរជាមួយទីក្រុងម៉ូស្គូ ជាពិសេសគឺលើវិស័យថាមពល រួមចំណែកជួយរុស្ស៊ីមានប្រភពកម្លាំងដ៏សំខាន់ដើម្បីទប់ទល់នឹងបទដាក់ទណ្ឌកម្មរាប់ពាន់ពីប្រទេសលោកខាងលិច។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi (ស្តាំ) និងសមភាគីអាល្លឺម៉ង់លោក Olaf Scholz ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅទីក្រុង New Delhi ។ រូបថត៖ រ៉យទ័រ |
ការបោះជំហានជាយុទ្ធសាស្ត្ររបស់ទីក្រុងប៊ែរឡាំង
ចំពោះតថភាពជាក់ស្ដែងនោះ ដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌារបស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz មានគំនិតគិតគូរជាយុទ្ធសាស្ត្រ រួមទាំងគោលដៅដ៏ពោរពេញទៅដោយបំណងប្រាថ្នា។ ជាពិសេសគឺគោលដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការយ៉ាងស៊ីជម្រៅរវាងទីក្រុងប៊ែរឡាំង និងទីក្រុងញូវដែលី។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ក្នុងកិច្ចចរចាររវាងអធិការបតីអាល្លឺម៉ង់ និងសមភាគីឥណ្ឌាលោក Narendra Modi នៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ច (ថ្ងៃទី ២៥ ខែកុម្ភៈ)។ នៅទីនេះ មេដឹកនាំទាំងពីរបានផ្តោតសំខាន់លើការពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគី ក្រៅពីបញ្ហាមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាជម្លោះនៅអ៊ុយក្រែន ស្ថានភាពនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក។ ក្រោយមក មេដឹកនាំទាំងពីរបានពិភាក្សាជាមួយតំណាងសហគ្រាសនៃប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ក៏បានអញ្ជើញទៅទស្សនា Bengaluru ជាទីក្រុង ដែលមានរហស្សនាមជា "ជ្រលងភ្នំស៊ីលីកូន" របស់ឥណ្ឌា។
យោងតាមអ្នកវិភាគអន្តរជាតិជាច្រើនបានឲ្យដឹងថា របៀបអភិក្រមពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មជាមួយឥណ្ឌា គឺជាកាបោះជំហានជាយុទ្ធសាស្ត្រ សំដៅបម្រើរាល់គោលដៅជាបំណងប្រាថ្នារបស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ។ ទិសដៅនេះមិនត្រឹមតែជួយទីក្រុងប៊ែរឡាំង និង EU មានអត្ថប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំធេងពីប្រទេសអាស៊ីខាងត្បូងដ៏មានសក្តានុពលប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹង និងពង្រីកឋានៈរបស់អាល្លឺម៉ង់ ដែលជាខឿនសេដ្ឋកិច្ចធំបំផុតនៅ EU ទៀតផង។ ប្រការនេះមិនត្រឹមតែឆ្លើយតបនឹងគោលដៅធ្វើពិពិធកម្មទីផ្សាររបស់ទីក្រុងប៊ែរឡាំង និងពង្រឹងឋានៈរបស់អធិការបតី លោក Olaf Scholz នៅអាល្លឺម៉ង់ប៉ុណ្ណោះទេ ថែទាំងបើកឱកាសទាញទីក្រុងញូវដែលីឲ្យខិតមកជិត EU និងលោកខាងលិចទៀតផង។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថា វានៅតែលឿនពេកក្នុងការសន្និដ្ឋានអំពីប្រសិទ្ធភាពនៃការត្រិះរិះដ៏ពោរពេញទៅដោយបំណងប្រាថ្នានេះផងដែរ៕