(VOVWORLD) - កម្មវិធីដំណើរមិត្តភាពឆ្នាំ ២០២២ បានប្រព្រឹត្តិទៅកាលពីចុងសប្តាហ៍កន្លងទៅ ដែលរៀបចំឡើងដោយសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ សហការជាមួយមន្ទីរទេសចរណ៍ និងគណៈ កម្មាធិការប្រជាជនស្រុក Quoc Oai។ គណៈប្រតិភូជាង ២០០ នាក់ដែលជាឯកអគ្គរដ្ឋទូត ភារធារី អ្នកការទូត មិត្តភត្តិអន្តរជាតិ សមាជិកសមាគមមិត្តភាពដែលរស់នៅទីក្រុងហាណូយបានអញ្ជើញចូល រួម។ ព្រឹត្តិការណ៍នេះ គឺសំដៅផ្សព្វផ្សាយរូបភាពទីក្រុងហាណូយ ប្រទេស វៀតណាម ព្រមទាំងជួយពង្រឹងចំណងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ។
គណៈប្រតិភូទៅទស្សនាវត្ត Thay។ (រូបថត៖ qdnd.vn) |
“ដំណើរមិត្តភាពឆ្នាំ ២០២២ បាននាំមកជូនយើងខ្ញុំនូវអារម្មណ៍ថ្មីថ្មោង ជួយយើងឲ្យយល់កាន់តែច្បាស់អំពីវប្បធម៌វៀតណាម; ហើយបង្ហាញថា វៀតណាមគឺជាគោលដៅមួយក្នុងចំណោមគោលដៅដែលមានសុវត្ថិភាព គួរឲ្យទាក់ទាញនិងចាប់អារម្មណ៍បំផុតសម្រាប់យើងខ្ញុំ”។ នោះគឺការចែករំលែករបស់ប្រតិភូអន្តរជាតិដែលចូលរួមក្នុងកម្មវិធី។
ការជួបប្រាស្រ័យវប្បធម៌ - ស្ពានមិត្តភាព
ដំណើរមិត្តភាពឆ្នាំ ២០២២ បាននាំគណៈប្រតិភូ និងមិត្តភក្តិអន្តរជាតិទៅទស្សនាវត្ត Thay ដែលជាកន្លែងទេសចរណ៍ខាងវិញ្ញាណដ៏ល្បីល្បាញនៃរដ្ឋធានី ហើយទៅទស្សនា រីករាយ និងឆ្លងបទពិសោធន៍អំពីវប្បធម៌ប្រពៃណីដូចជាអាយ៉ងទឹក ស្វែងយល់អំពីវប្បធម៌គងឃ្មោះ ចូលរួមលែងល្បែងប្រជាប្រិយ ហើយទទួលទានមុខម្ហូបប្រពៃណីវៀតណាម ជាដើម។ លោក Uchida Shusuke អនុប្រធានតំណាង និងជាប្រធានការិយាល័យទីផ្សារទេសចរណ៍ (ទីភ្នាក់ងារពន្លឿនទេសចរណ៍ជប៉ុនប្រចាំវៀតណាម) បានឲ្យដឹងថា៖
“នេះជាលើកដំបូងដែលខ្ញុំបានចូលរួមក្នុងកម្មវិធីនេះ ហើយក៏ជាលើកដំបូងដែរ ដែលខ្ញុំបានឆ្លងបទពិសោធន៍អំពីវប្បធម៌វៀតណាម។ ឧទាហរណ៍ថា ទៅទស្សនាវត្ត Thay រីករាយនឹងវប្បធម៌ លេងល្បែង... ខ្ញុំសប្បាយចិត្តណាស់ ហើយឃើញថាវៀតណាមជាប្រទេសមួយគួរឲ្យចាប់អារម្មណ៍ណាស់”។
នាំកូនៗទៅចូលរួមកម្មវិធីដំណើរមិត្តភាព ២០២២ លោកស្រី Hastie Brizaida វេជ្ជបណ្ឌិតគុយបាដែលកំពុងរស់នៅ និងធ្វើការនៅទីក្រុងហាណូយ បានឲ្យដឹងថា នេះជាលើកដំបូងដែលលោកស្រីបានចូលរួមកម្មវិធីនេះ ហើយពិតជាចាប់អារម្មណ៍នឹងកម្មវិធីសកម្មភាពវប្បធម៌សិល្បៈប្រពៃណីវៀតណាម៖
“ខ្ញុំបានរស់នៅ និងធ្វើការនៅប្រទេសវៀតណាមអស់រយៈពេល ៩ ឆ្នាំហើយ។ ខ្ញុំពិតជាពេញចិត្តនឹងជីវភាពនៅវៀតណាម ជាពិសេសគឺម្ហូបអាហារ។ ប្រជាជនវៀតណាមមានភាពរួសរាយរាក់ទាក់ខ្លាំងណាស់។ វៀតណាមក៏មានសុវត្ថិភាពណាស់។ នេះជាលើកដំបូងដែលខ្ញុំបានឃើញការសំដែងអាយ៉ងទឹក ខ្ញុំចូលចិត្តណាស់ ព្រោះពួកយើងជាជនបរទេសពិតជាចង់ដឹងពីប្រវត្តិសាស្ត្ររបស់វៀតណាម”។
ការរៀបចំកម្មវិធី “ដំណើរមិត្តភាពឆ្នាំ ២០២២” គឺជាឱកាសសម្រាប់រដ្ឋធានីហាណូយ ដើម្បីផ្សព្វផ្សាយដល់មិត្តភក្តិអន្តរជាតិអំពី រូបភាព “ទីក្រុងដើម្បីសន្តិភាព” មួយប្រកបដោយមិត្តភាព សុវត្ថិភាព ចម្រុះពណ៌ និងពោរពេញទៅដោយសក្តានុពលសហប្រតិបត្តិការ ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រង។ “ដំណើរមិត្តភាពឆ្នាំ ២០២២” ក៏ជាឱកាសដ៏មានអត្ថន័យដើម្បីឧទ្ទេសនាមអំពីវប្បធម៌របស់ប្រជាជនវៀតណាមដល់មិត្តភក្តិបរទេសដែលកំពុងរស់នៅ
វៀតណាម ហើយជាវេទិកាជួបប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរវប្បធម៌ដើម្បីពង្រឹងចំណងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានចាត់ទុកថា៖
“ការទូតប្រជាជនត្រូវបានមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ចាត់ទុកថា ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៣ នៃការទូតគ្រប់ជ្រុងជ្រោយនិងទំនើប។ តាមរយៈសកម្មភាពទាំងនេះ ការទូតប្រជាជន ជួយបង្កើនការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជននៃបណ្ដាប្រទេស តាមនោះរួមចំណែកក្នុងការពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាពសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ”។
លោកស្រី Tatiana Pugh Moreno ឯកអគ្គរដ្ឋទូតវេណេហ្ស៊ុយអេឡាប្រចាំនៅវៀតណាម។
(រូបថត៖ qdnd.vn) |
ការទទួលស្គាល់របស់សហគមន៍អន្តរជាតិ
ជាង ២០ ឆ្នាំមុន នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ១៩៩៩ ទីក្រុងហាណូយត្រូវបាន UNESCO លើកតម្កើងជា "ទីក្រុងដើម្បីសន្តិភាព"។ កិត្តិនាមនេះគឺជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះការរួមចំណែកយ៉ាងសកម្មរបស់រដ្ឋធានីហាណូយក្នុងការតស៊ូដើម្បីសន្តិភាពក៏ដូចជាក្នុងបុព្វហេតុអភិវឌ្ឍន៍ កសាងទីក្រុងសន្តិភាពមួយ ដែលមានភាពស្វាហាប់ ប៉ុន្តែនៅតែរក្សាបាននូវលក្ខណៈប្រពៃណីរបស់វៀតណាម។ រូបភាពទីក្រុងហាណូយជាគោលដៅ "ប្រកបដោយសុវត្ថិភាព - មិត្តភាព" ត្រូវបានឧទ្ទេសនាមនិងផ្សព្វផ្សាយកាន់តែទូលំទូលាយ ហើយទទួលបានការវាយតម្លៃខ្ពស់ពីអង្គការអន្តរជាតិ។ លោកស្រី Tatiana Pugh Moreno ឯកអគ្គរដ្ឋទូតវេណេហ្ស៊ុយអេឡាប្រចាំនៅវៀតណាមបានចែករំលែកថា៖
“ហាណូយបានក្លាយទៅជាផ្ទះដ៏អស្ចារ្យនិងកក់ក្តៅ ជាទីក្រុងដែល លាយបញ្ចូលគ្នារវាងប្រពៃណីនិងភាពទំនើប។ នេះជាទីក្រុងដ៏រស់រវើក ហើយកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា ជាទឹកដីពោរពេញទៅដោយសក្តានុពលពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌។ ប្រវត្តិសាស្រ្ត វប្បធម៌ និងស្ថាបត្យកម្មនៃទីក្រុងបានធ្វើឲ្យយើងចាប់អារម្មណ៍។ ប៉ុន្តែអ្វីៗដ៏ស្អាតបំផុតនៃទីក្រុងហាណូយនោះគឺប្រជាជននៅទីនេះ។ ប្រជាជាតិមួយដ៏ឧស្សាហ៍ព្យាយាម ទទួលស្វាគមន៍យើងដោយក្តីស្រលាញ់ និងទំនុកចិត្ត”។
“ដំណើរមិត្តភាព ២០២២” ជាថ្មីម្តងទៀត បានរួមចំណែកលើកកំពស់មនោសញ្ចេតនារបស់មិត្តភក្តិអន្តរជាតិចំពោះទីក្រុងហាណូយ ប្រទេសវៀតណាម ព្រមទាំងឧទ្ទេសនាមអំពីសមិទ្ធិផលនានាក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីនៃរដ្ឋធានី និងប្រទេសជាតិនិយាយរួមទៅកាន់មិត្តភក្តិជុំវិញពិភពលោកផងដែរ៕