ដំណោះ​ស្រាយកាត់​​បន្ថយ​ជម្លោះ​នៅ​តំបន់ហ្គាហ្សា​

(VOVWORLD) - ក្តីសង្ឃឹមអំពីកិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែងរវាងអ៊ីស្រាអែល និងកងកម្លាំងហាម៉ាស់កាលពីសប្តាហ៍មុនបានរសាត់បាត់ទៅ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងការទូតបានធ្លាក់ចូលទៅក្នុងភាពជាប់គាំង។ ក្នុងពេលជាមួយគ្នានោះ ក្ដីបារម្ភអំពីគ្រោះមហន្តរាយមនុស្សធម៌ដ៏ធំបំផុតចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សា បានផ្ទុះឡើងកាន់តែធំឡើងៗ នៅពេលដែលកងទ័ពអ៊ីស្រាអែលបានប្រកាសផែនការវាយប្រហារទីក្រុងរ៉ាហ្វា។
ដំណោះ​ស្រាយកាត់​​បន្ថយ​ជម្លោះ​នៅ​តំបន់ហ្គាហ្សា​ - ảnh 1ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញដែលបង្កឡើងដោយការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី ១៦ ខែកុម្ភៈ។ រូបថត៖ AFP

រយៈពេលជាង ៤ ខែបន្ទាប់ពីជម្លោះរវាងកងកម្លាំងអ៊ីស្រាអែល និងកងកម្លាំងហាម៉ាសបានផ្ទុះឡើងនៅតំបន់ហ្គាហ្សា ក្តីសង្ឃឹមអំពីបទឈប់បាញ់រយៈពេលវែងកាន់តែអាប់អួរទៅៗ បន្ទាប់ពីការចរចាការទូតបានបញ្ចប់នាថ្ងៃទី ១៣ ខែកុម្ភៈនៅទីក្រុងគែរ (អេហ្ស៊ីប) ក្នុងភាពជាប់គាំង។

ការទូតធ្លាក់ភាពទាល់ច្រក

កាលពីថ្ងៃទី ១៨ ខែកុម្ភៈ អញ្ជើញថ្លែងក្នុងឱកាសចូលរួមវេទិកាសន្តិសុខទីក្រុង Munich (MSC) នៅអាល្លឺម៉ង់ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed Bin Abdulrahman Al Thani បានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងការទូត សំដៅសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងរវាងអ៊ីស្រាអែល និងកងកម្លាំងហាម៉ាសកំពុងធ្លាក់ចូលភាពទាល់ច្រក បន្ទាប់ពីរយៈពេលជិត ៣ សប្តាហ៍ធ្វើការចរចាជាបន្តបន្ទាប់។ រួមជាមួយនឹងសហរដ្ឋអាមេរិក និងអេហ្ស៊ីប កាតាគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលឧបត្ថម្ភ និងជំរុញយ៉ាងខ្លាំងក្លា "កិច្ចព្រមព្រៀងចំណាប់ខ្មាំង" រវាងអ៊ីស្រាអែល និងហាម៉ាស់ តាមនោះ កងកម្លាំងហាម៉ាស់នឹងដោះលែងឲ្យមានសេរីភាពសម្រាប់ចំណាប់ខ្មាំងជនជាតិ
អ៊ីស្រាអែលដែលកងកម្លាំងនេះកំពុងឃុំឃាំង ជាថ្នូរនឹងអ្នកទោសជនជាតិប៉ាឡេស្ទីន រួមជាមួយបទឈប់បាញ់រយៈពេលវែង។

ក្តីសង្ឃឹមសម្រេចបានកិច្ចព្រមព្រៀងមួយត្រូវបានលេចឡើងនៅពេលដែលតំណាងភាគីពាក់ព័ន្ធក្នុងជម្លោះ រួមជាមួយនឹងមន្ត្រីសន្តិសុខកំពូលមកពីសហរដ្ឋអាមេរិក កាតា និងប្រទេសមជ្ឈិមបូព៌ាមួយចំនួនមានវត្តមាននៅទីក្រុងគែរ (អេហ្ស៊ីប) កាលពីសប្តាហ៍មុនសម្រាប់កិច្ចចរចា។ ទោះជាយ៉ាងណា នាថ្ងៃទី១៣ ខែកុម្ភៈ ភាគីនានាបានបញ្ចប់ការចរចាដោយមិនទទួលបានវឌ្ឍនភាពណាមួយឡើយ។ នាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed Bin Abdulrahman Al Thani បានសារភាពថា៖

“ពេលវេលាមិននៅខាងយើងឡើយ។ យើងខ្ញុំទទួលបានវឌ្ឍនភាពមួយចំនួនក្នុងកិច្ចចរចាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបានកិច្ចព្រមព្រៀង១រវាងភាគីទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ វឌ្ឍនភាពមិនស្របតាមក្ដីរំពឹងឡើយ ហើយខ្ញុំជឿជាក់ថា នៅតែមានភាពខុសគ្នាជាច្រើនរវាងភាគីពាក់ព័ន្ធនានាផងដែរ”។

យោងតាមថ្នាក់ដឹកនាំកាតាបានឲ្យដឹងថា ការចរចានាពេលថ្មីៗនេះ បានផ្តោតសំខាន់លើខ្លឹមសារសំខាន់ៗចំនួនពីរ រួមមាន៖ ការបើកច្រករបៀងមនុស្សធម៌នៅតំបន់ហ្គាហ្សា និងចំនួនអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែងឲ្យមានសេរីភាព ជាថ្នូរនឹងចំនួនចំណាប់ខ្មាំងដែលហាម៉ាស់កំពុងចាប់ឃុំឃាំង។ ការចរចាអំពីបញ្ហាមនុស្សធម៌មានវឌ្ឍនភាព ប៉ុន្តែអ៊ីស្រាអែល និងហាម៉ាសខ្វែងគំនិតគ្នាយ៉ាងខ្លាំងក្លាអំពីចំនួនអ្នកទោសប៉ាឡេស្ទីនជាថ្នូរនឹងចំនួនចំណាប់ខ្មាំងអ៊ីស្រាអែល។ អញ្ជើញថ្លែងនាថ្ងៃទី ១៧ ខែកុម្ភៈ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា នឹងគ្មានការចរចាណាមួយផ្សេងទៀត នឹងប្រព្រឹត្តទៅរហូតដល់ពេលហាម៉ាសមិនទាន់ផ្លាស់ប្តូរការទាមទាររបស់ខ្លួន៖

“ការចរចានេះទាមទារជំហររឹងមាំ។ ខ្ញុំមានគោលបំណងចង់ប្រាប់ពលរដ្ឋអ៊ីស្រាអែលថា រហូតមកដល់ពេលនេះ ការទាមទាររបស់ក្រុម Hamas គឺជាការស្រមើស្រមៃ។ ពួកគេមានគោលបំណងចង់វាយបរាជ័យអ៊ីស្រាអែល ហើយយើងមិនអាចយល់ស្របបានឡើយ។ ប៉ុន្តែនៅពេលហាម៉ាសបោះបង់ការទាមទារទាំងនេះ យើងអាចពិចារណាបន្តផងដែរ។

ហានិភ័យវិបត្តិមនុស្សធម៌គឺធំជាង

ដំណោះ​ស្រាយកាត់​​បន្ថយ​ជម្លោះ​នៅ​តំបន់ហ្គាហ្សា​ - ảnh 2នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតាលោក Sheikh Mohammed bin Abdulrahman Al-Thani (កណ្តាល) ចូលរួមនៅក្នុងកិច្ចពិភាក្សាមួយនៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich (MSC) នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ រូបថត៖ EPA/Anna Szilagyi

ធ្វើឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភអំពីវិបត្តិមនុស្សធម៌ធំជាង ដែលអាចកើតមាននៅតំបន់ហ្គាហ្សាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនៅពេលដែលរដ្ឋអំណាចអ៊ីស្រាអែលកាលពីថ្ងៃទី ១៩ កម្ភៈបានឲ្យដឹងថា នឹងវាយប្រហារទីក្រុងរ៉ាហ្វា ចាប់ពីដើមខែមីនា ប្រសិនបើកងកម្លាំងហាម៉ាសមិនដោះលែងឲ្យមានសេរីភាពចំពោះចំណាប់ខ្មាំងទាំងអស់។

អញ្ជើញថ្លែងនាថ្ងៃទី ១៦ កុម្ភៈនៅទីក្រុងប៉ារីស បន្ទាប់ពីពិភាក្សាជាមួយ
ព្រះមហាក្សត្រហ្ស៊កដានីស្ដីពីស្ថានភាពនៅតំបន់ហ្គាហ្សា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមានអំពីការវាយប្រហារមួយសំដៅលើទីក្រុងរ៉ាហ្វាដែលអាចបង្កគ្រោះមហន្តរាយមនុស្សធម៌ដ៏ធំមិនធ្លាប់មានតាំងពីមុនមក៖

“ការបាត់បង់អាយុជីវិតពីការប្រយុទ្ធនេះរហូតមកដល់ពេលនេះគឺមិនអាចទទួលយកបានឡើយ។ កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានរំឮកដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah អាចនាំឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក ហើយនឹងក្លាយទៅជារបត់នៃជម្លោះនេះផងដែរ”។

ក្រៅពីគ្រោះអាសន្នមនុស្សធម៌ការវាយប្រហារទ្រង់ទ្រាយធំរបស់កងទ័ពអ៊ីស្រាអែលទៅលើទីក្រុង រ៉ាហ្វាទំនងជានឹងជំរុញឱ្យប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ភៀសខ្លួនទៅកាន់ឧបទ្វីប Sinai របស់អេហ្ស៊ីប ព្រមទាំងបង្កឱ្យមានវិបត្តិថ្មីមួយជាមួយអេហ្ស៊ីប។ កាលពីថ្ងៃទី១៨ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានព្រមានថា អេហ្ស៊ីបបានចាត់ទុកនេះជាបន្ទាត់ក្រហម ដែលអាចបណ្តាលឱ្យទំនាក់ទំនងរវាងអេហ្ស៊ីប និងអ៊ីស្រាអែលដួលរលំ និងរុញច្រានជម្លោះរីករាលដាលក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ