(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ផ្ទះមហាសាមគ្គីរាប់ពាន់ខ្នងត្រូវបានប្រគល់ជូនជនក្រីក្រ និងប្រជាជនដែលមានស្ថានភាពលំបាកក្នុងមូលដ្ឋានជាច្រើនទូទាំងប្រទេសវៀតណាម។ សកម្មភាពនេះរឹតតែមានអត្ថន័យ ខណៈពេលដែល បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម (Tet Nguyen dan) កាន់តែខិតជិតមកដល់។ ការប្រគល់ជូនផ្ទះមហាសាមគ្គីដល់ជនក្រីក្រ បង្ហាញពីគោលនយោបាយមនុស្សធម៌របស់រដ្ឋ និងកិច្ចសហប្រតិបត្តិការរបស់សហគមន៍ ក្នុងការជួយជនក្រីក្រឲ្យមានជីវភាពល្អប្រសើរ រួមចំណែកធានាសន្តិសុខសង្គម។
ប្រធានរដ្ឋ លោក Vo Van Thuong និងគណៈប្រតិភូបានធ្វើពិធីកាត់ខ្សែបូ ប្រគល់ផ្ទះ “មហាសាមគ្គី” ចំនួន ១.៤០០ខ្នង នៅខេត្ត Hau Giang (រូបថត៖ qdnd.vn) |
សន្តិសុខសង្គម រួមទាំងការធានាលំនៅឋានសម្រាប់ជនក្រីក្រ និងប្រជាពលរដ្ឋមានស្ថានភាពលំបាក តែងតែទទួលបានការយកចិត្តទុកដាក់ជាពិសេសពីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍នៅតាមមូលដ្ឋាននីមួយៗ ក៏ដូចជាទូទាំងប្រទេស។
លទ្ធផលជាក់លាក់នៃគោលនយោបាយសម្រាប់ជនក្រីក្រ
នាថ្ងៃដំបូងនៃឆ្នាំ ២០២៤ ខេត្ត Hau Giang បានប្រារព្ធពិធីសម្ពោធ និងប្រគល់ជូនផ្ទះមហាសាមគ្គី ចំនួន ១.៤០០ ខ្នង។ នេះជាលទ្ធផលនៃនៃចលនារៃអង្គាសថវិការពីអង្គការ និងបុគ្គលក្នុង និងក្រៅខេត្ត ដើម្បីគាំទ្រការសាងសង់ផ្ទះមហាសាមគ្គី សម្រាប់គ្រួសារគោលនយោបាយ ប្រជាជនដែលមានគុណូបការៈ គ្រួសារក្រីក្រ និងគ្រួសារលើបន្ទាត់ក្រីក្រ ដែលចលនានេះបានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ដល់ ចុងឆ្នាំ ២០២៣។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ខេត្តបានប្រមូលផ្តុំ សាងសង់ និងជួសជុលផ្ទះមហាសាមគ្គី ប្រមាណ ៣០.៧០០ ខ្នង។
នាដើមឆ្នាំនេះផងដែរ ខេត្ត Soc Trang បានរៀបចំពិធីបូកសរុបកម្មវិធីប្រមូលផ្ដុំ និងឧបត្ថម្ភសាងសង់ផ្ទះចំនួន ១.២០០ ខ្នងសម្រាប់គ្រួសារក្រីក្រ និងប្រជាជនដែលមានស្ថានភាពលំនៅឋានលំបាកក្នុងខេត្ត។
ទន្ទឹមនឹងនោះ នៅតំបន់ព្រៃភ្នំរបស់ខេត្ត Quang Nam ក្នុងប៉ុន្មានខែចុងឆ្នាំមុន អាជ្ញាធរមូលដ្ឋានក៏បានប្រគល់ផ្ទះមហាសាមគ្គី ដល់គ្រួសារក្រីក្រផងដែរ។ ផ្ទះនីមួយៗ ត្រូវបានសាងសង់យ៉ាងឆាប់ និងប្រគល់ជូនតាមផែនការ ជួយប្រជាជនមានផ្ទះថ្មី និងមានលំនឹងក្នុងជីវភាពរស់នៅ។ អ្នកស្រី Ho Thi Hiep ជនជាតិ Ca Dong នៅទីរួមស្រុក Prao ស្រុក Dong Giang ពេលទទួលផ្ទះថ្មីបានចែករំលែកថា៖ “គ្រួសារខ្ញុំជាគ្រួសារក្រីក្រ។ ក្នុងនាមជាស្ត្រីមេមាយ ចិញ្ចឹមកូន ២ នាក់ និងម្តាយចាស់ជរា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ បង្កលក្ខណៈងាយស្រួលដោយជូនផ្ទះមហាសាមគ្គីមួយខ្នង ឥឡូវនេះ ជីវភាពរបស់ខ្ញុំ មានស្ថេរភាពបើធៀបនឹងកាលពីមុន។ សូមអរគុណអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការរណសិរ្សមាតុភូមិសម្រាប់ការយកចិត្តទុកដាក់ទាំងនេះ”។
នៅថ្នាក់ជាតិ ក្នុងរយៈពេលជិត ៣ ឆ្នាំ ពោលគឺគឺចាប់ពីឆ្នាំ ២០២១ ដល់ខែកញ្ញា ឆ្នាំ ២០២៣ ដោយមានការឧបត្ថម្ភថវិកាពីរដ្ឋ និងការគាំទ្រពីសហគមន៍ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បានជួយសាងសង់ និងជួសជុលផ្ទះមហាសាមគ្គីចំនួនជាង ១០៣ ពាន់ខ្នង សម្រាប់ជនក្រីក្រ និងប្រជាជនដែលមានស្ថានភាពលំបាក។ មុននោះ ក្នុងអាណត្តិ ២០១៤ - ២០១៩ ប្រព័ន្ធរណសិរ្សគ្រប់លំដាប់ថ្នាក់បានប្រមូលផ្តុំសាងសង់ និងជួសជុលផ្ទះសាមគ្គីធំជាង ១៥៣,០០០ខ្នង ផងដែរ។
ថ្លែងមតិក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធ និងប្រគល់ផ្ទះមហាសាមគ្គីចំនួន ១.៤០០ ខ្នងនៅខេត្ត Hau Giang ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា៖
“ដោយមានស្មារតីរួមដៃគ្នាដើម្បីកុំឲ្យនរណាម្នាក់នៅពីក្រោយ យើងសម្រេចបាននូវគោលដៅដ៏ល្អប្រសើរមួយដែរ។ សមិទ្ធិផលនោះក៏កំណត់កិច្ចការសំខាន់ៗ ក្នុងពេលខាងមុខ។ ទន្ទឹមនឹងការសាងសង់ផ្ទះថ្មី ដើម្បីផ្តល់ជូនគ្រួសារដែលជួបការលំបាក យើងត្រូវបន្តយកចិត្តទុកដាក់ជួសជុលផ្ទះសប្បុរសធម៌ ដែលយើងបានសាងសង់ពីមុន”។
បន្តគោលនយោបាយប្រកបដោយលក្ខណៈមនុស្សធម៌
ផ្តើមចេញពីទស្សនៈ៖ ប្រជាជនគឺជាមជ្ឈមណ្ឌលនៃរាល់គោលនយោបាយ និងផែនការអនាគតទាំងអស់ វៀតណាមបន្តអនុវត្តការសាងសង់ និងជួសជុលផ្ទះមហាសាមគ្គី ហើយនឹងអនុវត្តគោលនយោបាយសន្តិសុខសង្គមជាមួយនឹងការគ្របដណ្តប់យ៉ាងទូលំទូលាយនាពេលខាងមុខ។ ក្នុងសន្និបាតមជ្ឈិមលើកទី ៨ អាណត្តិទី១៣ (ខែតុលា ឆ្នាំ២០២៣) អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញសន្និដ្ឋានយ៉ាងដូច្នេះ៖ ការអភិវឌ្ឍសង្គម “ពីការធានានិងស្ថិរភាព ដល់ស្ថិរភាព និងការអភិវឌ្ឍ; ផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព លើកកម្ពស់សុខុមាលភាពសង្គមរបស់ប្រជាជនទាំងអស់ ធានាសន្តិសុខសង្គម និងសន្តិសុខមនុស្ស”។
តាមនោះ វៀតណាមបានពង្រីកវិសាលភាពពីសន្តិសុខសង្គម សម្រាប់ក្រុមជនងាយរងគ្រោះ កម្រិតអប្បបរមាដល់គោលនយោបាយសង្គមសម្រាប់ប្រជាជនទាំងមូល និងទិដ្ឋភាពគ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅ។ ទាក់ទងនឹងមុខសញ្ញា យើងនឹងមិនត្រឹមតែថែរក្សាក្រុមដែលងាយរងគ្រោះនិងក្រុមជួបការលំបាកប៉ុណ្ណោះទេ ប៉ុន្តែនឹងពង្រីក និងអភិវឌ្ឍវណ្ណៈកណ្តាល ដែលមានលក្ខណៈដឹកនាំការអភិវឌ្ឍសង្គម។ គោលនយោបាយសង្គមត្រូវតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព។
ការថែទាំជីវភាពប្រជាជនគឺជាភារកិច្ចនយោបាយស្នូលរបស់បក្សនិងរដ្ឋវៀតណាម។ ការសាងសង់ ប្រគល់ និងជួសជុលផ្ទះមហាសាមគ្គី ជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយសន្តិសុខសង្គមជាទូទៅបាននឹងកំពុងរួមចំណែកយ៉ាងវិជ្ជមានក្នុងការអនុវត្តគោលដៅជាតិ កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព ៕