ត្រូវការវាយតម្លៃដោយសត្យានុម័តលើសេរីភាពខាងជំនឿសាសនានៅវៀតណាម
THU HOA -  
(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសអំពីសេចក្តីសម្រេច ដាក់ វៀតណាមក្នុងបញ្ជីឃ្លាំមើលពិសេស លើសេរីភាពសាសនា ដោយមិនអើពើការពិតដ៏រស់រវើកនៃសេរីភាពសាសនា វៀតណាមក្នុងបរិបទដែលគ្រឹស្តសាសនិកកំពុងរៀបចំអបអរបុណ្យណូអែលយ៉ាងសប្បាយទូទាំងប្រទេស។ ការដែលអាមេរិកដាក់វៀតណាមចូលក្នុងបញ្ជីឃ្លាំមើលពិសេស លើសេរីភាពសាសនា គឺច្បាស់ណាស់ជាការវាយតម្លៃខុសឆ្គង និងខ្វះសត្យានុម័តអំពីស្ថានភាពសេរីភាពសាសនា និងជំនឿរបស់វៀតណាម។
ពិធីបុណ្យ ស្រង់ទឹកព្រះពុទ្ធបដិមាករ ឆ្នាំ ២០២២ នៅវត្ត Tam Chuc ខេត្ត Ha Nam (រូបថត៖ danviet.vn) |
ក្នុងនាមជាប្រទេសពហុសាសនា វៀតណាមមានសាសនាកើតមានឡើងនៅក្នុងប្រទេសដូចជា ពុទ្ធសាសនា Hoa Hao, Cao Dai... រួមជាមួយសាសនាដែលនាំចូលពីខាងក្រៅ ដូចជា សាសនាកាតូលិក ពុទ្ធសាសនា ប្រូតេស្តង់...ជាដើម។ បច្ចុប្បន្ន ប្រទេសជាតិទាំងមូលមានសាសនិកជនចំនួន ២៦,៥ លាននាក់ (ស្រូបយក ២៧% នៃចំនួនប្រជាជន) អង្គការចំនួន ៤៣ ចំណុះសាសនាចំនួន ១៦ ដែលត្រូវបានរដ្ឋទទួលស្គាល់ ឬ អនុញ្ញត្តិឲ្យចុះឈ្មោះប្រតិបត្តិការ។ អង្គការសាសនាមានអ្នកមុខចំនួន ៥៧.០០០ អ្នកការចំនួន ១៤៧.០០០នាក់ និងទីសក្ការៈបូជា ចំនួន ២៩.០០០ កន្លែង។ ព្រះពុទ្ធសាសនាមានឧបាសក ឧបាសិកាច្រើនជាងគេ គឺ ១៥,១ លាននាក់; បន្ទាប់មកគឺសាសនាកាតូលិកដែលមានគ្រឹស្តសាសនិក ចំនួន ៧,១ លាននាក់។
សកម្មភាពសាសនាដ៏រស់រវើក ចម្រុះ និងសម្បូរបែប
នៅទូទាំងប្រទេស ជាពិសេសនៅតាមទីក្រុងធំៗ និងមជ្ឈមណ្ឌលសាសនាដូចជា៖ ទីក្រុងហាណូយ ទីក្រុង Hue ទីក្រុងហូជីមិញ, Hai Phong, Nam Dinh, Ninh Binh, Tay Ninh, Can Tho... បានប្រព្រឹត្តទៅយ៉ាងផុលផុស ចម្រុះនិងសម្បូរបែប។ សកម្មភាពសាសនាជាច្រើនបានក្លាយជាសកម្មភាពវប្បធម៌សហគមន៍ ដែលមានការចូលរួមពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ពិធីបុណ្យទាន និងពិធីបុណ្យសាសនា បានប្រារព្ធឡើងយ៉ាងឱឡារិក និងក្នុងទ្រង់ទ្រាយធំជាងពេលមុន ហើយក៏ទាក់ទាញសាសនិកជនកាន់តែច្រើនឡើងមកចូលរួម។ ពិធីបុណ្យដូចជា វិសាខបូជានៃព្រះពុទ្ធសាសនា បុណ្យណូអែលរបស់សាសនាកាតូលិក និងប្រូតេស្តង់ ការប្រារព្ធពិធីប្រសូត្រសាសនា Cao Dai ព្រះពុទ្ធសាសនា Hoa Hao ពិធីបុណ្យអាហាបួសរបស់មូស្លីមនៃខែរ៉ាម៉ាដាន។ល។ ដែលបានប្រព្រឹត្តទៅយ៉ាងឱឡារិក មានសេចក្តីថ្លៃថ្នូរ និងធានាសន្តិសុខ និងសណ្តាប់ធ្នាប់។ ពិធីបុណ្យសាសនាជាច្រើនបានក្លាយទៅជាពិធីបុណ្យរបស់ប្រជាជាតិទាំងមូល ដូចជាបុណ្យណូអែល បុណ្យ La Vang ជាដើម។ ជាពិសេស ទិវាបុណ្យវិសាខបូជា ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាផ្លូវការជាពិធីបុណ្យសាសនាមួយរបស់ពិភពលោក។ ពិធីបុណ្យខ្លះមានលក្ខណៈជានិរន្តរ៍ ដូចជា៖ ពិធីបួងសួងបង្សកូលដល់អ្នកដែលស្លាប់ក្នុងសង្រ្គាម ដោយសមាគមព្រះពុទ្ធសាសនាវៀតណាមរៀបចំឡើងនៅឆ្នាំ ២០០៥); មហាសន្និបាតធម្មយាត្រា La Vang លើកទី ២៧ ជាមួយនឹងទ្រង់ទ្រាយធំរៀបចំដោយក្រុមប្រឹក្សាអេវេកវៀតណាម (២០០២) ។ល។ ដែលត្រូវបានប្រជាជនទូទាំងប្រទេសផ្តោតការយកចិត្តទុកដាក់និងវាយតម្លៃខ្ពស់។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ជូនផ្កាអបអរសាទរមណ្ឌលអេវែកហាណូយ ក្នុងឱកាសបុណ្យណូអែល ឆ្នាំ ២០២២ (រូបថត៖ Thong Nhat/TTXVN) |
បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេរីភាពជំនឿ និងសាសនារបស់ប្រជាជន
តថភាពជាក់ស្តែងនៃសកម្មភាពខាងជំនឿសាសនាក្នុងចំណោមប្រជាជនវៀតណាមនាប៉ុន្មានឆ្នាំថ្មីៗនេះកាន់តែមានភាពផុលផុស និងមាននិន្នាការកើនឡើង។ ដោយគ្រាន់តែក្រឡេកមើលពិធីបុណ្យសាសនារបស់ប្រជាជន យើងអាចឃើញថា សកម្មភាពទាំងនេះមិនត្រឹមតែជាសកម្មភាពសាសនា និងជំនឿនៅក្នុងសហគមន៍របស់សាសនិកប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាពិធីបុណ្យមួយដែលទាក់ទាញមនុស្សយ៉ាងច្រើនកុះករឱ្យចូលរួមផងដែរ។
អង្គហេតុខាងលើបង្ហាញថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលបង្កើតគ្រប់លក្ខខណ្ឌសម្រាប់ប្រជាជនចូលរួមដោយសេរីក្នុងសកម្មភាពសាសនា និងជំនឿ។ ភាពចម្រុះនៃសកម្មភាពសាសនាគឺជាភស្តុតាងដែលបង្ហាញថា សិទ្ធិសេរីភាពខាងជំនឿ និងសាសនានៅវៀតណាមត្រូវបាន និងកំពុងត្រូវបានធានា។ មិនត្រឹមតែចំពោះអ្នកកាន់សាសនាកាតូលិកប៉ុណ្ណោះទេ មាត្រដ្ឋាន និងសកម្មភាពសាសនារបស់ប្រជាជននៃសាសនាផ្សេងទៀតក៏កំពុងកើនឡើង យ៉ាងផុលផុស ជីវភាពខាងវិញ្ញាណរបស់ប្រជាជនតែងតែត្រូវបានរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់។
ការដែលសហរដ្ឋអាមេរិកដាក់វៀតណាមក្នុងបញ្ជីឃ្លាំមើលពិសេសលើសេរីភាពខាងសាសនា ដោយមិនអើពើថា ជនរួមជាតិកាតូលិកវៀតណាមពីភាគខាងជើងទៅភាគខាងត្បូងកំពុងប្រារព្ធពិធីបុណ្យណូអែល យ៉ាងសប្បាយរីករាយ ហើយការវាយតម្លៃនេះខ្វះសត្យានុម័ត និងខ្វះការពិតអំពីសេរីភាពនៃសាសនា និងជំនឿនៅវៀតណាម។ គោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមគឺគោរព និងធានាសិទ្ធិមនុស្សរបស់ប្រជាជន ក៏ដូចជាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាជន។ ប្រការនេះត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣ ប្រព័ន្ធច្បាប់របស់វៀតណាម និងធានាឱ្យមានការគោរពក្នុងការអនុវត្តជាក់ស្តែង។ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាជន ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ។ ដូច្នេះ ក្រសួងការបរទេសអាមេរិកចាំបាច់ត្រូវមានភាពប្រាកដនិយម និងមានសត្យានុម័ត នៅពេលវាយតម្លៃសមិទ្ធិផលនៃសេរីភាពជំនឿ និងសាសនានៅវៀតណាម៕
THU HOA